អន្តរជាតិ
ទះដៃ​ម្ខាង​មិនលឺ​៖ រុស្សី​និង​ណា​តូ នាំគ្នា​បង្កើន​ទ័ព​ដាក់​មុខផ្ទះ​រៀងៗ​ខ្លួន​
28, Oct 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រយៈពេល​ចុងក្រោយ​នេះ ទាំង​រុស្សី និង​សម្ព័ន្ធ​យោធា​ណា​តូ កំពុង​ខិតខំ​បង្កើន​វត្តមាន​យោធា​របស់ខ្លួន​នៅតាម​បណ្ដោយ​ព្រំដែន​ទាំង​សង ជាពិសេស​តំបន់​អឺរ៉ុប​ខាងកើត​ដែល​ទល់​គ្នា​ព្រំដែន​ភាគ​ខាងលិច​របស់​រុស្សី​។ មិន​ត្រឹម​តែមាន​រណសិរ្ស​ជើងគោក​ឡើយ សូម្បី​តំបន់​សមុទ្រ​ខ្មៅ ក៏ត្រូវ​បាន​រុស្សី និង​ណា​តូ ប្រឹង​បង្កើន​កម្លាំង​ទ័ព​កាន់តែច្រើន​ដែរ​។ ការបង្កើន​កងកម្លាំង​ទ័ព​ជា​បន្តបន្ទាប់​បែបនេះ​កំពុង​ធ្វើ​ឲ្យ​គេឯង​បារម្ភ​ថា រុស្សី និង​អឺរ៉ុប អាច​ធ្លាក់ចូល​សង្គ្រាម​ត្រជាក់ស​ម័​យ​ថ្មី​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​បក្សសម្ព័ន្ធ​យោធា​ណា​តូ បាន​បង្កើន​វត្តមាន​ក​ង​កម្លាំង​របស់ខ្លួន​យ៉ាងខ្លាំង​នាពេល​ថ្មីៗ​នេះ​។ សមាជិក​ណា​តូ​ជាច្រើន​បានបង្ហាញ​ជំហរ​បញ្ជូន​ទ័ព​ទៅកាន់​តំបន់​អឺរ៉ុប​ខាងកើត និង​តំបន់​ផ្សេងទៀត​ដែលមាន​ការប្រឈមមុខ​គ្នា​ខ្លាំង​ជាមួយ​រុស្ស៊ី​។ ចក្រភព​អង់គ្លេស​សន្យា​បញ្ជូន​យន្តហោះ​ចម្បាំង រថក្រោះ និង​ទ័ព​ជិត ១០០០​នាក់ ទៅកាន់​អឺរ៉ុប​ខាងកើត​និង​តំបន់​បាល់​ទិ​កនៅ​ឆ្នាំក្រោយ​។ ចំណែក​អាមេរិក​វិញ ក៏បាន​បញ្ជូន​កងទ័ព រថក្រោះ និង​កាំភ្លើង​ធំ​ទៅកាន់​ប៉ូឡូញ ដែល​នៅជាប់​ព្រំដែន​រុស្សី​តែម្ដង​។​

​មួយវិញទៀត ឆ្លៀតពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​ណា​តូ​នៅ​ថ្ងៃទី​២៦ ខែតុលា សមាជិក​ផ្សេងទៀត​ដូចជា​អាល្លឺម៉ង់ និង​កាណាដា​ជាដើម​នោះ ក៏​ប្រកាស​បញ្ជូន​ទ័ព​ទៅ​ទប់ទល់​ឥទ្ធិពល​រុស្សី​ផងដែរ​។ ការប្រកាស​បង្កើន​កង​កម្លាំង​ទ័ព​ក្បែរ​រុស្សី គឺជា​សញ្ញា​ដែល​ណា​តូ​ប្រាប់​រុស្សី​ថា ខ្លួន​ត្រៀមលក្ខណៈ​រួចរាល់​ដើម្បី​ការពារ​សមាជិក​របស់​ខ្លួន ហើយ​នេះ​ក៏​ជាការ​បង្កើន​កម្លាំង​ធំជាងគេ​របស់​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាមត្រជាក់​មក​នោះ​។​

​តាមពិតទៅ បើ​ទះដៃ​តែ​ម្ខាង​ក៏​មិនលឺ​ដែរ​។ ការបង្កើន​កម្លាំងយោធា​របស់​ណា​តូ ក៏​ព្រោះតែ​រុស្សី​បាន​ពង្រាយ​កម្លាំង​ទ័ព​របស់ខ្លួន​ជាច្រើន​កន្លែង និង​បន្ថែម​សព្វាវុធ​របស់ខ្លួន​ផងដែរ​។ នៅ​ដើមខែ​តុលា ក្រុង​មូ​ស្គូ​និយាយថា ខ្លួន​បាន​ពង្រាយ​មី​ស៊ី​ល​ដែល​អាច​បំពាក់​ក្បាល​នុយក្លេអ៊ែរ​ទៅកាន់​ក្រុង Kaliningrad ដែលជា​តំបន់​ជួរមុខ​ទល់នឹង​សមុទ្រ​បាល់​ទិ​ក​។ ហើយ​សប្ដាហ៍​នេះ  រុស្សី​ក៏​បន្ថែម​នាវាចម្បាំង​ពីរ​គ្រឿង និង​នាវា​ល្បាត​បំពាក់​មី​ស៊ី​ល​ទៅ​តំបន់​បាល់​ទិ​ក​ដែរ​។​

​អាច​និយាយបានថា ការប្រឈមមុខគ្នា​រវាង​អឺរ៉ុប ដែលមាន​អាមេរិក​ជួយ​ពីក្រោយ​ជាមួយ​រុស្ស៊ី ក៏ដូចជា​ការបង្កើន​ក​ម្លាំ​ង​យោធា​ដាក់គ្នា ជា​រឿង​គ្រោះថ្នាក់ តែ​ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​ការផ្ទុះអាវុធ​រវាង​ភាគី ពិបាក​នឹង​កើតមានឡើង​ណាស់​។ ជាការ​ពិត ការព្រួយបារម្ភ​កើតមាន នៅពេលដែល​មហាអំណាច​រុស្ស៊ី​បន្ត​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​រយៈពេល​ចុងក្រោយ ក៏ដូចជា​ពង្រាយ​សព្វាវុធ​មាន​ទាំង​អាវុធ​នុយក្លេអ៊ែរ​ផង​ទៅ​តំបន់​ដែលជា​ប់​អឺរ៉ុប​ថែមទៀត​នោះ​។​

១. ណា​តូ​ផ្ញើ​សារ​ឲ្យ​រុស្សី​៖ ការពង្រាយ​ទ័ព​ទាំង​ប៉ុន្មាន ដើម្បី​កំញើញ​រុស្សី​
​ការបង្កើន​ទ័ព​របស់​ណា​តូ​នៅពេលនេះ ហាក់ដូចជា​យឺត​ពេល​បន្តិច ប៉ុន្តែ​អ្វីៗ​ក៏​មិនទាន់​ហួសពេល​ដែរ ហើយ​សម្ព័ន្ធ​យោធា​នេះ ក៏បាន​ផ្ញើ​សារ​ខ្លាំងៗ​ឲ្យ​ក្រុង​មូ​ស្គូ​ហើយ​ផងដែរ​។ គោលដៅ​របស់​សម្ព័ន្ធ​យោធា​ណា​តូ គឺ​ដើម្បី​កំញើញ​សកម្មភាព​ហិង្សា​របស់​រុស្សី​មកលើ​ទឹកដី​អឺរ៉ុប​។ ទាំងនេះ​មានន័យថា ណា​តូ​កំពុង​បង្ហាញ​សាច់ដុំ​របស់ខ្លួន​ឲ្យ​រុស្សី​ឃើញ ខណៈ​រុស្សី​ព្យាយាម​ដំឡើង​ឫទ្ធិ​របស់ខ្លួន​ដែរនោះ​។​

​សម្ព័ន្ធ​ណា​តូ​ដែលមាន​អាមេរិក​ជា​ខ្នងបង្អែក​នោះ បាន​ពញ្ញាក់​អារម្មណ៍​ក្រុង​មូ​ស្គូ ដោយ​ត្រៀមខ្លួន​ការពារ​រដ្ឋ​សមុទ្រ​បាល់​ទិ​ក​ដូចជា​អេ​ស្តូ​នី ឡា​ត់​វី និង​លី​ទុយ​អា​នី​។ សមាជិក​ធំៗ​របស់​ណា​តូ​ដូចជា​អង់គ្លេស បារាំង និង​អាល្លឺម៉ង់ នឹង​បញ្ជូន​ទ័ព​របស់ខ្លួន​ទៅ​ជួយ​ដែរ​។ ប្រទេស​សមុទ្រ​បាល់​ទិ​ក រដ្ឋ​អឺរ៉ុប​ខាងកើត និង​សមុទ្រ​ខ្មៅ សុទ្ធសឹង​ជាទី​តាំង​ដែល​ទាំង​ណា​តូ និង​រុស្សី ខិតខំ​ពង្រីក​ចំនួន​ទ័ព​ទាំងអស់​។​

​បើ​គម្រោង​នេះ​មិន​ប្រែប្រួល​នោះ នៅត្រឹម​រដូវ​កៅ​ឆ្នាំ​២០១៧ កងកម្លាំង​ណា​តូ​បួន​ពាន់​នាក់ ដែល​អាមេរិក​ផ្ដួចផ្ដើម​នោះ នឹងត្រូវ​ប្រឈម​មុខជា​មួយ​កងកម្លាំង​រុស្សី​ជាង​បី​សែន​នាក់​នៅ​សមរភូមិ​ព្រំដែន​ខាងលិច​របស់​រុស្សី​។ យ៉ាងណាក្ដី កងកម្លាំង​ណា​តូ​ទាំង​បួន​ពាន់​នាក់ គ្រាន់តែ​ជា​កម្លាំង​បន្ទាន់​ប៉ុណ្ណោះ ដោយ​មិនទាន់​គិតពី​កម្លាំង​ចល័ត​ជាច្រើន​ពាន់​នាក់​នៅ​ទូទាំង​តំបន់​អឺរ៉ុប​នៅឡើយ​ដែរ​។

២. ណា​តូ​បង្កើន​ទ័ព​ដើម្បី​ទប់ទល់​រុស្សី តែ​រុស្សី​ថា នឹង​នាំ​គ្រោះថ្នាក់​ដល់​អឺរ៉ុប​វិញ​
​ក្រុង​មូ​ស្គូ បាន​រិះគន់​សកម្មភាព​បង្កើន​ទ័ព​របស់​ណា​តូ​នៅ​សមុទ្រ​ខ្មៅ និង​តំបន់​អឺរ៉ុប ដែល​ត្រូវបាន​អះអាងថា ដើម្បី​រក្សា​សន្តិសុខ​តំបន់​នោះ​។ ច្បាស់​ណាស់​ថា ការរិះគន់​នេះ បណ្ដាលមកពី​ក្រុង​មូ​ស្គូ​មិន​ពេញ​ចិត្តនឹង​សកម្មភាព​នេះ ហើយក៏​បានប្រកាស​ឆ្លើយតប​នឹង​ការបង្កើន​កម្លាំង​ទ័ព​នេះ​។ ទន្ទឹមនឹង​ការរិះគន់​នេះ រុស្សី​ក៏បាន​បង្ហាញ​កម្លាំង​ទ័ព​របស់ខ្លួន​ជា​បន្តបន្ទាប់​ហើយ​ដែរ​។​

​អគ្គរដ្ឋទូត​រុស្សី​ប្រចាំ​ណា​តូ លោក Aleksandr Grushko និយាយ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​ណា​តូ ថា ការបង្កើន​ទ័ព​ទ្រង់ទ្រាយ​ធំ​បំផុត​របស់​ណា​តូ​ចាប់តាំងពី​បញ្ចប់សង្គ្រាម​ត្រជាក់​មក​នោះ មិនបាន​ជួយ​អ្វី​ដល់​សន្តិសុខ​អឺរ៉ុប​ឡើយ​។ ប៉ុន្តែ​វា​នឹង​បង្កើត «​គ្រោះថ្នាក់​» បន្ថែមទៀត​ដល់​អឺរ៉ុប​ទៅវិញ ហើយ​វា​ក៏​នឹង​ប៉ះពាល់​ដល់​ស្ថិរភាព​របស់​ច្បាប់​ស្ដីពី​ទំនាក់ទំនង​រុស្សី និង​អឺរ៉ុប ដែលជា​ស្ពាន​ភ្ជាប់​គូប្រជែង​ទាំងពីរ​នោះ​។​

​អគ្គរដ្ឋទូត​រូបនេះ​បាន​និយាយ​ការពារ​ការបញ្ជូន​នាវា​ច្បាំង​រុស្សី ទៅកាន់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ ថា​គឺ​ដើម្បី​ការពារ​សុវត្ថិភាព​នាវាចរណ៍​លើ​ដែនសមុទ្រ និង​សកម្មភាព​ពាណិជ្ជកម្មរ​បស់​រុស្សី​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត​នោះ នាវាចម្បាំង​រុស្សី ក៏​នឹងចូលរួម​ប្រតិបត្តិ​ការកម្ទេច​ការគំរាមកំហែង​ផ្សេងៗ​ដូចជា​ចោរ​សមុទ្រ និង​ភេរវកម្ម​ជាដើម​។ ប៉ុន្តែ​វត្តមាន​កងកម្លាំង​ណា​តូ​នៅ​សមុទ្រ​ខ្មៅ គឺជា​ការបង្ហាញ​សាច់ដុំ​សុទ្ធសាធ ហើយក៏​មិនបាន​ធ្វើ​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​អ្វី​ដែរ​។​

​បើតាម​សារព័ត៌មាន RT លោក Grushko បញ្ជាក់ថា ក្រៅពី​បង្កើន​ទ័ព​នៅ​សមុទ្រ​ខ្មៅ ណា​តូ​ក៏​បង្កើន​កម្លាំង​នៅ​អឺរ៉ុប​ខាងកើត​ដោយ​បង្កើត​ឃ្លាំង​អាវុធ​នៅ​តំបន់​នោះ ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ពង្រាយ​អាវុធ និង​ធ្វើ​សមយុទ្ធ​យោធា​មិនចេះចប់​ទាំង​ជើងគោក ជើង​ទឹក និង​ជើង​អាកាស​។ អ្វីដែល​បារម្ភ​នោះ គឺ​សមយុទ្ធ​ទាំងនោះ ធ្វើឡើង​នៅ​នឹង​ព្រំដែន​ជាមួយ​រុស្សី​តែម្ដង​៕ 


Tag:
 ​អឺរ៉ុប​
  រុស្សី​
  NATO
© រក្សាសិទ្ធិដោយ thmeythmey.com