ជាតិ
សង្គមជាតិ
ករណី​លោកស្រី ថាក់ ឡា​នី​៖ តុលា​ការបន្ត​សវនាកា​រ​នៅ​ថ្ងៃទី​២ វិច្ឆិកា​
28, Oct 2016 , 10:42 pm        
រូបភាព
ដោយ: ថ្មីៗ

​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​បន្ត​សវនាកា​រ​ជំនុំជម្រះ​ករណី​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្សី នៅ​ថ្ងៃទី​២ វិច្ឆិកា​ខាងមុខ​ទៀត ក្រោយពី​តុលាការ​ជាន់​ទាប​មួយ​នេះ បានបញ្ចប់​ការសាកសួរ​សាក្សី នៅ​ថ្ងៃទី​២៨ តុលា​នេះ​។



​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ណា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ពី​មូល​ហេតុដែល​តុលា​ការបន្ត​សវនាការ​ពេល​ក្រោយ​ទៀត​នោះ ពីព្រោះ​តុលាការ​ត្រូវ​សាកសួរ​សាក្សី​ជាច្រើនរូប​ទៀត​។​

​តាម​លោក លី សុ​ផា​នា តុលាការ​បាន​សាកសួរ​សាក្សី​ចំនួន​៨​រូប​រួចរាល់ ហើយ​សាក្សី ៣​នាក់​បាន​បញ្ជាក់ថា វីដេអូ​ក្នុង​វេទិកាសាធារណ​នោះ គឺជា​វីដេអូ​ពិតប្រាកដ​។​

​សម្តេច ហ៊ុន សែន បាន​ប្តឹង លោកស្រី​ថាក់ ឡា​នី ដោយយោង​ទៅតាម​វីដេអូ​ឃ្លី​ប​មួយ ដែល​ត្រូវបាន​បង្ហោះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទាក់ទង​នឹង​លោកស្រី ដែល​ចោទ​សម្តេច ហ៊ុន សែន ថា នៅ​ពី​ក្រោយខ្នង​នៃ​ឃាតកម្ម​លើ​លោក កែម ឡី​។​

​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្សី​រូបនេះ បាន​រង​បណ្តឹង​មេធាវី​សម្តេច ហ៊ុន សែន ក្រោយ​លោកស្រី​ថ្លែង​ក្នុង​វេទិកាសាធារណ​មួយ​នៅ​ខេត្តរតនគិរី ចោទ​សម្តេច​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​ការបាញ់សម្លាប់​លោក កែម ឡី ដែលជា​អ្នកវិភាគ​បញ្ហា​សង្គម​ដ៏​ល្បី​កាលពី​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦​។​

​លោកស្រី ថាក់ ឡា​នី រង​ការចោទប្រកាន់​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ប្រព្រឹត្តឡើង​នៅ​ភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ ។ បទ​ចោទ​នេះ យោងតាម​មាត្រា ៣០៥ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ យ៉ាងណា កន្លងមក ​លោកស្រី ថាក់ ឡា​នី បានបដិសេធថា ​វីដេអូ​ក្នុង​វេទិកាសាធារណ​នោះ ជាវីដេអូ​កាត់ត​ប៉ុណ្ណោះ​៕


Tag:
 ថាក់ ឡានី
© រក្សាសិទ្ធិដោយ thmeythmey.com