ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម ដាស់តឿន​ឲ្យ​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​គាំទ្រ​ផលិតផល​ខ្មែរ​ ​
29, Oct 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​ឲ្យ​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​គាំទ្រ​ផលិតផល​របស់​ខ្មែរ មានលទ្ធភាព​បង្កើន​ផលិតភាព​លើ​ផលិតកម្ម ដែល​ធ្វើ​ឲ្យ​ទំនិញ​កម្ពុជា​អាច​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំចូល​ដោយ​ជោគជ័យ ។ ម្យ៉ាងទៀត ដើម្បី​បើក​ច្រក​ឲ្យ​ទំនិញ​កម្ពុជា បាន​ជ្រៀតចូល​ទីផ្សារ​ទាំងនោះ កាន់តែច្រើន​។


លោក ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែងថា​៖ «​គោលដៅ​របស់​ក្រសួង គឺ​ជំរុញ​ឲ្យ​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ មានលទ្ធភាព​បង្កើន​ផលិតភាព​លើ​ផលិតកម្ម និង​ជំនាញ​។ ដោយ​កាត់បន្ថយ​ការចំណាយ និង​បន្ត​ខិតខំ​ពង្រីក​ទីផ្សារ​ថ្មីៗ ដើម្បី​បើក​ច្រក​ឲ្យ​ទំនិញ​កម្ពុជា​បាន​ជ្រៀតចូល​ទីផ្សារ​ទាំងនោះ​កាន់តែច្រើន​»​។ លោក​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី «​ការកសាង​ទំនុកចិត្ត​លើ​ផលិតផល​កម្ពុជា​»  កាលពីពេល​ថ្មីៗ​នេះ ។ នេះ​បើ​ផ្អែក​តាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​AKP​។​

ជាមួយគ្នានេះ ដើម្បី​ឲ្យ​ការអនុវត្ត​គោលនយោបាយ​ប្រក​ម​ដោយ​ជោគជ័យ លោក ប៉ាន់ សូរ​ស័ក្ដិ បាន​លើកឡើងថា ផលិតផល​ខ្មែរ ដែលមាន​នៅលើ​ទីផ្សារ​ត្រូវតែ​ធានា​ឱ្យបាន​នូវ​គុណភាព និង​សុ​វត្ថ​ភាព​ខ្ពស់​ស្របតាម​ស្តង់ដារ​បច្ចេកទេស មាន​សោភ័ណភាព និង​ភាព​ទាក់ទាញ​លើ​ការ​វេច​ខ្ចប់ ដោយមាន​ស្លាក​សញ្ញា​ពាណិជ្ជ នាម និង​ចុះបញ្ជី​ត្រឹមត្រូវ ដើម្បី​ធានាឱ្យមាន​ទំនុកចិត្ត និង​ការទាក់ទាញ​ពី​អ្នកប្រើប្រាស់​។ លើសពីនេះ ផលិតផល​ខ្មែរ​ត្រូវមាន​តម្លៃ​សមរម្យ​អាច ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល និង​ត្រូវ​សហការ​យ៉ាង ជិតស្និទ្ធ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ចូលរួម​តាំងពិព័រណ៍​បង្ហាញ ផលិតផល​ខ្មែរ និង​ព្រឹ​ត្ត​ការណ៍​ពាណិជ្ជកម្ម​នានា​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា  ដោយ​ក្រសួង​មាន​អគ្គនាយកដ្ឋាន ជំរុញ​ពាណិជ្ជកម្ម ជា​សេនាធិការ នឹង​បន្ត​ជួយ​សម្រួល​ឲ្យ​វិស័យ​ឯកជន​។ ជាពិសេស​ពាណិជ្ជករ ផលិតករ​ដែល​ផលិត​នូវ​ផលិតផល​ខ្មែរ អាចមាន​លទ្ធភាព​នាំយក​ទំនិញ និង​ផលិតផល​ខ្មែរ ទៅ​តាំង​បង្ហាញ​នៅក្រៅ​ប្រទេស ដើម្បី​បង្ហាញ​អត្តសញ្ញាណ និង​សក្តានុពល​ផលិតផល​ខ្មែរ​យើង នៅលើ​ឆាក​អន្តរជាតិ​។

លោក ប៉ាន់ សូរ​ស័ក្ដិ  រំពឹងថា សិក្ខាសាលា​នេះ​នឹង​ផ្តល់​ចំណេះដឹង​បន្ថែមទៀត ដល់​ពាណិជ្ជករ ផលិតករ​ខ្មែរ ឲ្យ​ទទួលបាន​ចំណេះដឹង​ថ្មីៗ ពី​បទដ្ឋាន​ស្តង់ដារ បច្ចេកទេស ការ​វេច​ខ្ចប់ និង​សុវត្ថិភាព​នៃ​ការប្រើប្រាស់​ផលិតផល​។ ជាពិសេស​សិក្ខាកាម​ទាំងអស់ សិក្សា​ពី​តម្រូវ​ការរៀបចំ​ផលិតផល ដើម្បី​បាន​ជ្រៀត​ចូលក្នុង​ទីផ្សារ​ទំនើប មានដូចជា​ផ្សារ​អ៊ី​អន និង​យុទ្ធសាស្ត្រ​ទាក់ទាញ​អតិថិជន​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com