ជាតិ
ពីនេះ ពីនោះ
ជាង​ធ្វើ​ប្រទីប​មមាញឹក ដ្បិត​ថ្ងៃបុណ្យ​អុំទូក​កាន់តែ​ខិតជិត​មកដល់ ​
30, Oct 2016 , 7:39 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រ​ខែ នឹង​ព្រឹ​ត្ត​ទៅ​នៅ​ថ្ងៃទី​១៣ ១៤ និង​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ ខណៈ​បុណ្យជាតិ​ដ៏​មួយ​នេះ កាន់តែ​ខិតជិត​មកដល់​នោះ ជាង​ធ្វើ​ប្រទីប​ក៏​មមាញឹក​ផងដែរ​។  លោក អី ឆវី​រ៉ា វិស្វករ និង​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការសាង់សង់​ប្រទីប បាន​អះអាងថា ប្រទីប​ចំនួន​៧ ដែល​លោក​សាងសង់​នេះ បានធ្វើ​រួចរាល់​ចំនួន​៣  និង​ប្រឹងប្រែង​ឲ្យ​រួចរាល់ នៅមុន​ពិធីបុណ្យ​អុំទូក​ចូលមក​ដល់​។

   

ពលរដ្ឋ​ខ្មែរ​ជាច្រើន ប្រាកដ​បាន​ស្គាល់​ប្រទីប ដែល​បាន​បណ្តែត​លើ​ផ្ទៃ​គង្គា ដោយមាន​ភ្លើង​ភ្លឺ​ចែងចាំង​ចម្រុះ​ពណ៌ រៀងរាល់​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅខាងមុខ​ព្រះបរមរាជវាំង និង​អម​មាត់ទន្លេ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ មិនមាន​ពលរដ្ឋ​ខ្មែរ​ច្រើន​ឡើយ ដែល​ស្គាល់​អ្នកធ្វើ​ប្រទីប​នោះទេ​។

លោក អី ឆវី​រ៉ា វិស្វករ​ទទួល​សាងសង់​ប្រទីប​នៅ​ឆ្នាំនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ខណៈ​លោក​កំពុង​ត្រួតពិនិត្យ​ការសាងសង់​ប្រទីប​នៅ​មាត់ទន្លេ ថា ប្រទីប​នៅ​ឆ្នាំនេះ គឺមាន​ចំនួន​១៤ តែ​ប្រទីប​ចំនួន​៧ គឺ​លោក​ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​សាងសង់​។ លោក​បញ្ជាក់ថា ប្រទីប​ដែល​លោក​ទទួល​សាង់សង់ រួមមាន​៖  ប្រទីប​ព្រឹទ្ធសភា ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងយុត្តិធម៌ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ប្រទីប​រាជរដ្ឋាភិបាល​។ លោក​បញ្ជាក់​បន្ថែមថា ថវិកា​សាងសង់​ប្រទីប​ទាំងអស់ គឺជា​ការចាត់ចែង​រប​ស់ គណៈកម្មាធិការ​ជាតិរៀបចំ​បុណ្យជាតិ​​ អន្តរជាតិ។ 

ភ្នែក​សំឡឹងមើល​ប្រទីប ដែល​កំពុង​សាងសង់​នៅ​មាត់ទន្លេ​ត្រើយ​ខាងកើត​ទន្លេចតុមុខ លោក អី ឆវី​រ៉ា ដែល​បានធ្វើ​ប្រទីប​តាំងពី​អំឡុង​ទសវត្សរ៍​៩០​នោះ បាន​លម្អិត​ថា ប្រទីប​នីមួយៗ គឺមាន​កម្ពស់​១៧​ម៉ែត្រ និង​មាន​បណ្តោយ​ពី​៣៥​ម៉ែត្រ ទៅ​៥០​ម៉ែត្រ ទៅតាម​ប្រទីប​តូច​ឬ​ធំ​។ ពាក់អាវ​យឺត​ស សម្បុរ​ស បុរស​មាឌ​ដំបង​រូបនេះ បន្តថា ប្រទីប​ទាំង​៧​នេះ គឺ​បានចាប់ផ្តើម​សាងសង់​តាំងពី​ថ្ងៃទី​១៨ ខែតុលា​មកម្ល៉េះ ដោយមាន​ជាង អ្នកបើក​កប៉ាល់ និង​កម្មករ​សរុប​១១០​នាក់​។  

សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​នេះ​៖        


















Tag:
 ​ប្រទីប​
  ​អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com