ជាតិ
ពលករ​ខ្មែរ​រៀបរាប់​ពីបទ​ពិសោធន៍​ដ៏​ជូរចត់​ក្រោម​ក្រញាំដៃ​ចោរ​សមុទ្រ​នៅ​សូ​ម៉ាលី​
02, Nov 2016 , 11:12 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ពលករ ៤​រូប បាន​វិលត្រឡប់​ពី​ប្រទេស​សូ​ម៉ាលី​ចូល​ស្រុក​ខ្មែរ​វិញ​ទាំង​ទឹកភ្នែក ក្រោយពី​ក្រុមចោរ​សមុទ្រ​សូ​ម៉ាលី​ចាប់បង្ខំ​ធ្វើការ​នេសាទ​ជាង ៥​ឆ្នាំ លើ​សមុទ្រ​។ អង្គការក្រៅរដ្ឋាភិបាល Caritas សហការ​ជាមួយ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ IOM ជួយ​ឲ្យ​ពួកគេ​បាន​ត្រឡប់​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦​។​

 
​ជនរងគ្រោះ​ទាំង ៤​នាក់ រួមមាន ឃ​ន វណ្ណ​ធី ពី​ខេត្តកំពង់ចាម គីម គឹម​ហេង ពី​ខេត្តក្រចេះ ញ៉ែម សុខសាន្ត និង​ញ៉ែម សុខសាន្ត និង​ឯម ភូ​ម៉ា​នី ពី​ខេត្តកំពង់ឆ្នាំង​។ លោក ញ៉ែម សុខសាន្ត ជា​ពលករ​នេសាទ​កម្ពុជា​ម្នាក់​ចំណោម​បួន​នាក់​ត្រូវបាន​ចោរ​សមុទ្រ​ចាប់​ជា​ចំណាប់ខ្មាំង កាលពី​បួន​ឆ្នាំកន្លះ​មុន​។ 
 
​បុរស​វ័យ​ជាង ៣០​ឆ្នាំ​រូបនេះ ចាត់ទុក​ការដោះលែង​នេះ ជាការ​គេច​ផុតពី​សេចក្តីស្លាប់​។ បុរស​រូបនេះ បាន​ថ្លែង​រៀបរាប់​អំពី​ទុក្ខសោក​វេទនា ក្នុង​រយៈពេល​នៃ​ការចាប់​ឃុំខ្លួន​ពី​សំណាក់​ក្រុមចោរ​សមុទ្រ​សូ​ម៉ាលី ដូច្នេះ​ថា​៖«​ចោរ​សមុទ្រ​បង្ខំ​ពួក​ខ្ញុំ​ធ្វើការ​កណ្តាល​សមុទ្រ​ត្រជាក់​ណាស់​ហើយ ពួកគេ​មិន​ផ្តល់​អាហារ​គ្រប់គ្រាន់​ឡើយ គឺ​ពួកគេ​ឲ្យ​តែ​ទឹក​មួយ​លីត្រ និង​បបរ​មួយ​ចាន ខ្លះ​ចាប់​សត្វ​កណ្តុរ ចាប​ហូប​ក៏មានដែរ​»​។​
 
​បុរស​ដែល​ត្រូវ​ក្រុមចោរ​សមុទ្រ​បង្ខំ​ឲ្យ​ធ្វើការ​នេសាទ​រូបនេះ បាន​ប្រៀបធៀប​ការ​ធ្វើទុក្ខបុកម្នេញ​លើ​រូបលោក​ពី​សំណាក់​ក្រុមចោរ​សមុទ្រ​សូ​ម៉ាលី​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ក្នុង​ទីស្នាក់ការ​អង្គការ Caritas ថា វា​ធ្វើ​ទារុណកម្ម​លោក និង​ជនជាតិ​ដទៃ​ដូច​របប​ខ្មែរក្រហម​។ 
 
«​ពេលនោះ ខ្ញុំ និង​ជនជាតិ​ចិន តៃវ៉ាន់ ហ្វីលីពីន ឥណ្ឌូនេស៊ី និង​វៀតណាម​ដទៃ កំពុងធ្វើការ នៅលើ​កប៉ាល់​សមុទ្រ​រប​ស់​ក្រុមហ៊ុន​ស្របច្បាប់ ស្រាប់តែ​ពួកក្រុម​ចោរ​សូ​ម៉ាលី​បាញ់កាំភ្លើង​រះ​លើក​ប៉ាល​យើង​រួច ពួកគេ​ចាប់​យើង​បិទ​ភ្នែក​ហើយ​បង្ខំ​ឲ្យ​ពួក​ខ្ញុំ​ចូល​កប៉ាល​ពួកគេ​ទៅ​»​។ បុរស​ដែល​ធ្លាប់ជា​កម្មករសំណង់​នៅ​កម្ពុជា រៀបរាប់​ពី​ទុក្ខលំបាក ពេល​ចោរ​សមុទ្រ​ចាប់ខ្លួន​ឲ្យ​ធ្វើការ​លើ​ដែនទឹក​។​
 
​បុរស​រូបនេះ រៀងចាល​នឹង​ការ​ចំណាកស្រុក​ហើយ ទោះបី​ចំណាក​ស្រប ឬ​ខុសច្បាប់​ក្តី​។ លោក​ស្បថ​ទាំង​ភ្នែក​គ្រលេងគ្រលោង​ដូច្នេះ​ថា​៖«​ខ្ញុំ​ឈប់​ចំណាកស្រុក​ទៀតហើយ ទោះបី​លំបាក ឬ​ស្រួល​។ ខ្ញុំ​សុខចិត្ត​នៅក្នុង​ស្រុក ផ្ទះ​យើង​មាន​ការពារ​ត្រឹមត្រូវ​វិញ​»​។​
 
​មិន​សុខ​គ្នា​ដែរ លោក ឯម ភូ​ម៉ា​នី បាន​អះអាងថា ក្រុមចោរ​សូ​ម៉ាលី​បាន​ចាប់ជំរិត​ទារប្រាក់ ពួកគេ ជា​ថ្នូរ​នឹង​ការដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។ បុរស​ខ្មៅ​ស្រអែម​វ័យ​ប្រមាណ ២៥​ឆ្នាំ អះអាង​ពី​ទុក្ខលំបាក​ដូច​បុរស​ពលករ​ខាងលើ​ដែរ​។ លោក​ប្រាប់​ទាំង​អួលដើមក​យ៉ាង​ដូច្នេះ​៖«​ក្រុមចោរ​បាន​យក​ពួក​ខ្ញុំ​ជា​ចំណាប់ខ្មាំង​ក្នុងចំណោម ចំណាប់ខ្មាំង​២៩​នាក់ នោះ​មាន​៣​នាក់​ស្លាប់ ដោយសារ​ធ្លាក់ខ្លួន​ឈឺ​។ ខ្ញុំ​គ្មាន​សង្ឃឹម​រស់​ទេ ព្រោះ​ពួកគេ​ឲ្យ​ពួក​ខ្ញុំ​ផឹកទឹក តែមួយ​លីត្រ និង​បាយ​មួយ​ចាន​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃៗ​»​។​
 
​ដោយឡែក លោក ឃ​ន វណ្ណ​ធី រស់នៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ក៏​ត្រូវបាន​ក្រុមចោរ​សមុទ្រ​ចាប់បង្ខំ​ផងដែរ​។ លោក​និយាយ​រម្លឹក​រឿង​រស់នៅ​លើក​ប៉ាល​កណ្តាល​សមុទ្រ​ជាង ៤​ឆ្នាំ​នោះ ដូច​រស់នៅ​ក្នុងឋានរ​ក​ដែរ ព្រោះ​លោក​គ្មាន​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស គ្មាន​សេរីភាព​ដូច​រស់នៅ​លើគោក​ទេ​។ បុរស​វ័យ​ជាង ៣០​ឆ្នាំនេះ តែង​បន់ព្រះ​ជួយ​ឲ្យ​លោក បាន​ឡើង​ដីគោក​វិញ​។​
 
​រីឯ លោក គីម គឹម​ហេង បាន​ស្បថ​ថា លោក​លែង​ចំណាកស្រុក​ហើយ ដោយ​លោក​អះអាងថា វា​លំបាក​វេទនា​គ្រប់គ្រាន់​ហើយ​។ បុរស​ដែល​ពុំ​ធ្លាប់​ឆ្លងកាត់​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​រូបនេះ នឹង​ប្រកប​របរ​កសិកម្ម ឬ​កម្មករសំណង់​ក្នុងស្រុក​ខ្មែរ​វិញ​។​
 
​គួរ​ជម្រាប​ផងដែរ ក្រុមចោរ​សមុទ្រ​បាន​ដោះលែង​ពួកគាត់ កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៦​រួច ពួកគេ​ត្រូវបាន​អង្គការ​មិនមែន​រដ្ឋាភិបាល​បញ្ជូន​មកកាន់ ប្រទេស​ហ្វីលីពីន មុនពេល​គេ​មកដល់​ប្រទេស​កម្ពុជា​វិញ​៕
 



Tag:
 ពលករ​
  IOM
  ចោរ​សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com