ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អេង ឆៃអ៊ាង គ្រោង​កោះហៅ​សម្ដេច ស ខេង សួរនាំ​រឿង​ស៊ើបអង្កេត​ករណី​លោក កែម ឡី​
02, Nov 2016 , 11:35 am        
រូបភាព
 
​ភ្នំពេញ​៖ គណៈកម្មការ​ទី​១​រដ្ឋសភា គ្រោង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង មក​សួរនាំ​ដំណើរការ​ស៊ើបអង្កេត​ករ​ណី​ឃាតកម្ម​លើ​លោក កែម ឡី នៅ​ខែវិច្ឆិកា​នេះ ដើម្បី​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​គ្រួសារ​សព​លោក កែម ឡី​។​


​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា គណបក្ស​លោក​នឹង​បន្ត​យុទ្ធនា​ការជួយ​រក​យុត្តិធម៌​ជូន​លោក កែម ឡី ដែល​ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០ កក្កដា​កន្លងមក​។ តាមរយៈ​សកម្មភាព​ជួយ​រក​យុត្តិធម៌​ជូន​គ្រួសារ​សព​លោក កែម ឡី នេះ​លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹងថា គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង មក​សួរនាំ​ពី​ដំណើរការ​ស៊ើបអង្កេត​អ្នក​នៅ​ពី​ក្រោយខ្នង​លើ​ករណី​បាញ់សម្លាប់​លោក កែម ឡី ដើម្បី​លុបបំបាត់​ការសម្លាប់​អ្នក​គ្មាន​ទោសពៃរ៍ ដោយសារ​ការបញ្ចេញមតិ​នៅក្នុង​សង្គម​។​
 
​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​នៅមុខ​ទីស្នាក់ការ​បក្ស កាលពី​ល្ងាច​ថ្ងៃទី​១ វិច្ឆិកា អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​បញ្ជាក់ថា​៖«​យើង​មិនទាន់​ឃើញ​មានដំណើរ​ការរក​យុត្តិធម៌​ជូន​គ្រួសារ​គាត់​(​កែម​ឡី​) នៅឡើយ​ទេ ខាង​រដ្ឋាភិបាល​ហាក់បីដូចជា​ស្ងប់ស្ងៀម​ចំពោះ​បញ្ហា​នេះ​។ ដូច្នេះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​ឈ​ឱបដៃ​នៅ​ស្ងៀម​ទេ គណកម្មការ​ទី​១​រដ្ឋសភា គ្រប់គ្រង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឲ្យ​មាន​ការរក​យុត្តិធម៌​ជូន​គ្រួសារ​សព​លោក កែម ឡី​…​។ គណកម្មការ​ទី​១ នឹង​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មក​សួរនាំ​អំពី​ដំណើរការ​ស៊ើបអង្កេត​ឃាតកម្ម​លើ​លោក កែម ឡី ក្នុងពេល​ឆាប់ៗ​ខាងមុខ ក្នុង​ខែវិច្ឆិកា​នេះ​»​។​
 
​សារព័ត៌មាន​ថ្មីៗ បាន​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ ជុំវិញ​ដំណើរការ​ស៊ើបអង្កេតរ​ក​តម្រុយ​ពីក្រោយ​ខ្នង​លើ​ករណី​ឃាតកម្ម​លោក កែម ឡី នេះ ។ តែ​លោក ខៀវ សុភ័គ បានបញ្ជាក់​យ៉ាងខ្លី​មុន​បិទ​ទូរ​សព្ទ​ថា «​សំណុំ​ឯកសារ​ស៊ើបអង្កេត​បាន​បញ្ជូនទៅ​តុលាការ​អស់ហើយ​»​។​
 
​សូមបញ្ជាក់ថា លោក កែម ឡី ដែលជា​អ្នកស្រាវជ្រាវ និង​បញ្ចេញមតិ​ដោះស្រាយ​លើ​បញ្ហា​សង្គម ត្រូវបាន​ឃាតក​បាញ់សម្លាប់ នៅក្នុង​ស្តា​ម៉ា​ត​មួយ ដែល​ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឃាតករ​ភ្លាមៗ ដោយ​អះអាងថា ឈ្មោះ ជួប សម្លាប់​។ គិត​រហូតមកដល់​ថ្ងៃនេះ ឃាតកម្ម​លើ​លោក កែម ឡី មាន​រយៈពេល​ជិត​៤​ខែ​ហើយ​៕
 
 

Tag:
 រដ្ឋសភា​
 ​ ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com