កីឡាជាតិ
កីឡា​ជាតិ​៖ ក្រុម​បាល់ទះ​ខេត្តកំពត​ឡើងទៅ​ដណ្តើម​មេដាយមាស​ទាំង​បុរស និង​នារី​
03, Nov 2016 , 5:31 pm        
រូបភាព
 

​ក្រោយ​ការប្រកួតប្រជែង​អស់​រយៈពេល​ជាង​មួយ​សប្តាហ៍​កន្លងមក ខេត្តកំពត​បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន​លើ​ប្រភេទ​កីឡាបាល់ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ ដោយ​ទាំង​ក្រុម​បុរស និង​នារី សុទ្ធតែ​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៤ ខែវិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​បាល់ទះ​បុរស​កំពត​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ខេត្តព្រះវិហារ ខណៈ​ក្រុម​នារី​នៃ​ខេត្ត​តំបន់​សមុទ្រ​មួយ​នេះ ត្រូវ​តទល់​ជាមួយ​ក្រុម​នារី​ខេត្តពោធិ៍សាត់​។​

 
​ក្រុមកីឡា​បាល់ទះ​បុរស​មកពី​ខេត្តកំពត​ដែលមាន​គ្រូបង្វឹក​ជា​ជនជាតិ​ថៃ​នោះ បាន​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ប្រកួត​ដណ្តើម​មេដាយមាស​ជាមួយ​ក្រុម​បាល់ទះ​កម​ពី​ខេត្តព្រះវិហារ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ នា​ថ្ងៃ​សុក្រ ទី​៤ ខែវិច្ឆិកា បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ ក្រុម​បាល់ទះ​មកពី​ក្រសួងមហាផ្ទៃ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធផល​៣​សិត​ទល់នឹង​១​សិត ក្នុង​លទ្ធផល​ពិន្ទុ (២៥-១៩, ២៥-១៤, ៩-២៥, ២៩-២៧)​។ រីឯ​ក្រុម​ខេត្តព្រះវិហារ ក៏បាន​យកឈ្នះ​ក្រុមកីឡា​បាល់ទះ​របស់​ខេត្តកំពង់ចាម​ក្នុង​លទ្ធផល​ប្រផិតប្រផើយ ៣​សិត ទល់ ២​សិត​ផងដែរ ក្នុង​លទ្ធផល​ពិន្ទុ (២៥-១៩, ២២-២៥, ២៧-២៥, ២៣-២៥, ១៥-១២) ។​

 

 ​នៅមុន​ជំនួប​ដណ្តើម​មេដាយមាស​រវាង​ក្រុម​ខេត្តកំពត និង​ព្រះវិហារ នា​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ក្រុម​ខេត្តកំពង់ចាម ត្រូវ​ដណ្តើម​មេដាយ​សំរឹទ្ធ​ជាមួយ​ក្រុម​ក្រសួងមហាផ្ទៃ​នៅលើ​ទីលាន​តែមួយ​។​
 
​វិញ្ញាសា​កីឡាបាល់ទះ​បុរស​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១​នេះ មាន​១៩​រាជធានី​ខេត្ត​ចូលរួម ដោយ​ចែកចេញជា​៤​ពូ​ល ក្នុងនោះ​ពូ​ល A មាន​ខេត្តព្រៃវែង ព្រះសីហនុ កំពង់ធំ រតនគិរី និង​ក្រសួងមហាផ្ទៃ ពូ​ល B មាន​ខេត្ត កំពង់ចាម មណ្ឌលគិរី កំពត ពោធិ៍សាត់​, និង​រាជធានី​ភ្នំពេញ ពូ​ល C មាន​ខេត្តកោះកុង កែប ត្បូងឃ្មុំ ព្រះវិហារ និង​កណ្តាល និង​ចុងក្រោយ​ពូ​ល D មាន បាត់ដំបង ឧ​ត្ត​រ​មានជ័យ ប៉ៃលិន និង​កំពង់ស្ពឺ​។ 

 

 សម្រាប់​វិញ្ញាសារ​បាល់ទះ​នារី​វិញ ក្រុម​មកពី​ខេត្តកំពត​នឹង​ប្រកួត​ដណ្តើម​មេដាយមាស​ជាមួយ​ក្រុម​បាល់ទះ​នារី​មកពី​ខេត្តពោធិ៍សាត់​នា​ព្រឹក​ថ្ងៃ​សុក្រ​ផងដែរ បន្ទាប់ពី​ខេត្តកណ្តាល​ដណ្តើមបាន​មេដាយ​សំរឹទ្ធ ក្រោយ​ឈ្នះ​ក្រុម​មកពី​ខេត្តបន្ទាយមានជ័យ​ក្នុង​លទ្ធផល​៣​សិត​ជាប់​គ្នា ក្នុង​លទ្ធផល​ពិន្ទុ (២៥-២៣, ២៥-១១, ២៥-៩)​។​



 ​វិញ្ញាសា​បាល់ទះ​នារី​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១​នេះ មាន​ក្រុម​មកពី​ខេត្ត​ចំនួន​៩​ចូលរួម ដោយ​ចែកចេញជា​២​ពូ​ល ក្នុងនោះ​ពូ​ល A មាន​ខេត្ត ព្រះវិហារ កណ្តាល បន្ទាយមានជ័យ ក្រចេះ និង​ខេត្តកោះកុង និង​ពូ​ល B មាន​ខេត្ត កំពត ពោធិ៍សាត់ ត្បូងឃ្មុំ និង​ខេត្តតាកែវ​៕ 

 













Tag:
 កីឡា​ជាតិ​លើក​ទី​១
© រក្សាសិទ្ធិដោយ thmeythmey.com