អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក តែងតាំង​បេសកជន​ជាន់ខ្ពស់​ខ្លួន​«​សញ្ជាតិ​ដើម​កូរ៉េខាងត្បូង​»​ជា​អគ្គរដ្ឋទូត​ថ្មី​ប្រចាំ​ហ្វីលីពីន
05, Nov 2016 , 1:39 pm        
រូបភាព
លោកអគ្គរដ្ឋទូតថ្មីអាមេរិកប្រចាំហ្វីលីពីន Sung Kim និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Jonh Kerry (រូបភាព៖  ក្រសួងការបរទេសអាមេរិក)
លោកអគ្គរដ្ឋទូតថ្មីអាមេរិកប្រចាំហ្វីលីពីន Sung Kim និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Jonh Kerry (រូបភាព៖ ក្រសួងការបរទេសអាមេរិក)
ដោយ:
 
​ក្រសួងការបរទេស​អា​មេ​រិ​កនៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា បានរៀបចំ​ពិធី​ផ្ទេរ និង​ស្បថ​ចូលកាន់​តំណែង​ដល់​អគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​ក្រុង​ម៉ានីល​នៃ​ប្រទេស​ហ្វីលីពីន បន្ទាប់​អគ្គ​រដ្ឋ​ចាស់ បានបញ្ចប់​អាណត្តិ​របស់ខ្លួន ក្រោយ​អធិបតីភាព​របស់លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Jonh Kerry​។ ខណៈ​ស្ថានភាព​ទ្វេភាគី​ជាមួយ​ហ្វីលីពីន​មិនសូវ​ជា​ល្អ​ប៉ុន្មាន​នោះ លោក Jonh Kerry មាន​ទំនុកចិត្ត​ខ្ពស់ ថា ប្រធាន​បេ​ក​សកម្ម​របស់ខ្លួន​ថ្មី​ប្រចាំ​ក្រុង​ម៉ានីល​អាចបំពេញ​តួនាទី​បានល្អ​ប្រសើរ​។

 
​លោក Sung Kim ដែលមាន​សញ្ជាតិ​ដើម​កូរ៉េខាងត្បូង បាន​ចូល​ស្បថ​កាន់តំណែង​ជា​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​ម៉ានីល​ថ្មី​ជំនួស​លោក​អតីត​អគ្គរដ្ឋទូត Philip S. Goldberg  ដែល​ទើបតែ​បានបញ្ចប់​អាណត្តិ​បី​ឆ្នាំ​របស់ខ្លួន​។ លោក​អគ្គរដ្ឋទូត Sung Kim អាច​នឹងត្រូវ​ប្រឈម​រឿងរ៉ាវ​ច្រើន​ក្នុងការ​កាន់តំណែង​ជា​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ហ្វីលីពីន ដ្បិត ទំនាក់ទំនង​ប្រទេស​ទាំងពីរ កំពុងតែ​ឆ្លងកាត់​ស្ថានភាព​មួយ​ដែល​ប្រៀប​ដូចនឹង​ការ​បក់បោក​ព្យុះភ្លៀង ក្រោយ​ហ្វីលីពីន ផ្លាស់ប្តូរ​រដ្ឋបាល​ថ្មី​ដែល​មិនមាន​និន្នាការ​ទៅរក​អាមេរិក​នោះ​។ 
 
​នា​ពិធី​ស្បថ​កាន់តំណែង​នោះ លោក​រដ្ឋមន្ត្រីការបរទេស Jonh Kerry ក៏បាន​បញ្ជាក់​ពី​ការផ្តល់​ទំនុកចិត្ត​របស់​អាមេរិក ក៏ដូចជា​លើកឡើង​ពី​សមិទ្ធផល​សំខាន់ៗ​របស់លោក Sung Kim ដែល​បង្ហាញថា លោក Sung ពិតជា​សក្តិសម​ក្នុងការ​កាន់តំណែង​នេះ​។ លោក Kerry បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ ពិត​ជាមាន​ទំនុកចិត្ត ពីព្រោះ​យើង​មាន Sung  ជា​មន្ត្រីការទូត​ដ៏​អស្ចារ្យ​តំណាង​ឲ្យ​យើង​នៅ​ក្រុង​ម៉ានីល​, ជា​អ្នក​បន្តវេន​របស់​អគ្គ​រដ្ឋទូត Goldberg ដ៏​សក្តិសម និង​ជា​បុគ្គល​ម្នាក់​ដែលមាន​ភាព​អស្ចារ្យ​ទាំង​ទេពកោសល្យ និង​បែបផែន​ផ្ទាល់ខ្លួន​»​។ 
 
​លោក Kerry បាន​បន្ថែមថា «​គ្មាន​នរណា​ដែលមាន​លក្ខណៈពិសេស​ជាង​លោក Sung ក្នុងការ​តំណាង​អាមេរិក និង​ជា​អគ្គ​រដ្ឋ​ប្រចាំ​ហ្វីលីពីន​នៅក្នុង​ពេលវេលា​នេះឡើយ​»​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់​ប្រមុខ​ការទូត​អាមេរិក​រូបនោះ លោក Sung Kim ក៏​ធ្លាប់ជា​អគ្គ​រដ្ឋ​អាម​រិ​ក​ប្រចាំ​កូរ៉េខាងត្បូង​ផងដែរ​។ ហើយ​ក្នុងពេល ដែល​លោក Sung បំពេញ​មុខងារ​ជា​បេសកជន​ពិសេស​របស់​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង​នោះ លោក បាន​ឆ្លងកាត់​ស្ថានភាព និង​ផល​លំបាក​ការទូត​ច្រើន ដ្បិត លោក ត្រូវ​តំណាង​អាមេរិក​ក្នុងការ​ចេញមុខ និយាយ​ចរចា និង​តតាំង​ច្រើន​ពី​បញ្ហា​ឧបទ្វីប​កូរ៉េ​ជាមួយនឹង​កូរ៉េខាងជើង​ដើម្បី​ធានា​ពី​ការ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នោះ​។ 
 
​តប​នឹង​ការផ្តល់​ទំនុកចិត្ត​ពី​ប្រមុខ​ការទូត Kerry លោក Sung បាន​បញ្ជាក់ថា លោក ពិតជា​មោ​ទ​ភាព​ដែល​លោក ត្រូវបានតែងតាំង​ជា​តំណាង​រដ្ឋាភិបាល​ទាំង​នៅ​កូរ៉េខាងត្បូង និង​ហ្វីលីពីន​នោះ​។ លោក Sung ក៏បាន​ឲ្យ​ដឹងថា​តាំងពី​លោក បាន​ទៅដល់​អាមេរិក​នៅ​អាយុ​១៣​ឆ្នាំ លោក មិនដែល​ហ៊ាន​សូម្បីតែ​ស្រ​ម៉ៃ​ថា អាច​ក្លាយជា​អ្នកតំណាង​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ឡើយ​។​
 
​លោក​អគ្គរដ្ឋទូត Sung ក៏បាន​និយាយ​ទាំង​មុតមាំ​ថា អាមេរិក និង​ហ្វីលីពីន នឹង​បន្ត​ជា​«​មិត្តភក្តិ ដៃគូ និង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​» ហើយ លោក ក៏​កំពុងតែ​ទន្ទឹងរង់ចាំ​ក្នុង​ការបន្ត​ជំរុញ​ការផ្សារភ្ជាប់​សេដ្ឋកិច្ច និង​កិច្ច​ការល្អ​ជាមួយនឹង​ហ្វីលីពីន​នាពេល​ឆាប់ៗ​នេះ​ផងដែរ​។ 
 
​សូម​ជម្រាប​ផងដែរ​ថា អាមេរិក និង​ហ្វីលីពីន បានចាប់ផ្តើម​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​តាំងពី​ពេលដែល​ហ្វីលីពីន​ទទួលបាន​ឯករាជ្យ ពោលគឺ​ចាប់ពី​ថ្ងៃទី​០៤ ខែកក្កដា​ឆ្នាំ​១៩៤៦​មកម្ល៉េះ​។ បន្ទាប់មក​នៅ​ឆ្នាំ​១៩៥១ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បាន​បន្ត​វិ​វត្ត​កិច្ចសហប្រតិបត្តិការ​រ​ហូត​សម្រេចបាន​កិច្ចព្រមព្រៀង​ការពារជាតិ​កំពូល​ទ្វេភាគី​មួយ ដែលមាន​ឈ្មោះ «​សន្ធិសញ្ញា​ការពារជាតិ​រួម (Mutual Defense Treaty)»​។ តាមរយៈ​សន្ធិសញ្ញា​នេះ ភាគី​ទាំងពីរ​អាចមាន​លទ្ធភាព​ក្នុងការ​អន្តរាគមន៍​លើ​កិច្ចការពារ​ជាតិ​រវាង​គ្នា​ទៅវិញទៅមក​បាន​ដោយ​ស្របច្បាប់ នៅពេល​ដែលមាន​ប្រទេស​ណាមួយ​ប្រឈម​បញ្ហា​សន្តិសុខ ជាពិសេស​នោះ មានការ​ឈ្លានពាន​ជាដើម​។​
 
​ភាគី​ទាំងពីរ បាន​រក្សា​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​គ្នា​រហូតមក​។ តែ​ក្រោយ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ឡើងកាន់តំណែង​មក ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ហាក់ដូចជា​ធា្ល​ក់​ចុះ​ខ្លាំង​។ លោក ឌើ​ទើ​តេ តាំង​ពីមុន និង​ក្រោយ​ក្លាយជា​ប្រធានាធិបតី​ហ្វីលីពីន មិនដែល​និយាយ​អ្វី​ល្អ​ឡើយ​ពី​អាមេរិក​។ លោក តែងតែ​និយាយ​រិះគន់ និង​ថែមទាំង​ជេរប្រមាថ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា​ជាច្រើនលើក​ទៀតផង​។ អ្វី​គួរកត់សម្គាល់​នោះ សូម្បីតែ​អគ្គ​រដ្ឋ​អាមេរិក​ប្រចាំ​ហ្វីលីពីន​លោក Philip S. Goldberg  ក៏​ធា្ល​ប់​ត្រូវបាន​លោក ឌើ​ទើ​តេ និយាយ​បញ្ចើចបញ្ចើ និង​ដៀល​ថា​ជា «​ខ្ទើយ​»​ទៀតផង​នោះ​៕ 

Tag:
 ហ្វីលីពីន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com