កីឡាជាតិ
ជាតិ
ខេត្តសៀមរាប​ឈរ​លេខ ១ ផ្នែក​គុន​ល្បុក្កតោ ដោយ​កីឡាករ​ម្នាក់ៗ​ឈ្នះ​មេដាយ​លើសពី​ពីរ​
05, Nov 2016 , 2:39 pm        
រូបភាព
ដោយ:
 
​ក្រោយពី​ប្រកួត​អស់​រយៈពេល​៤​ថ្ងៃ​នៅលើ​ទីលាន​ក្នុង​អគារ​ដំបូលទូក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​តាំងពី​ថ្ងៃទី​១ ខែវិច្ឆិកា ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ បានបញ្ចប់​យ៉ាង​ជោគជ័យ​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែវិច្ឆិកា​។ ក្នុងចំណោម​៥​ខេត្ត​-​រាជធានី និង​ក្រសួង​ដែល​ចូលរួម​ប្រកួត ខេត្តសៀមរាប បាន​ឈរ​លំដាប់​ទី​១ ខណៈ​រាជធានី​ភ្នំពេញ​ឈរ​លំដាប់​ទី​២ រីឯ​ខេត្តកំពង់ឆ្នាំង​, ក្រសួងមហាផ្ទៃ និង​ខេត្តកំពត​ឈរ​លំដាប់​បន្តបន្ទាប់​។

 
​ខេត្តសៀមរាប​បាន​ឈរ​លំដាប់​លេខ​១ ក្នុង​តារាង​មេដាយ​លើ​ប្រភេទ​កីឡា​គុន​ល្បុក្កតោ នា​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ បន្ទាប់ពី​ខេត្ត​នេះ បានឈ្នះ​មេដាយមាស​ចំនួន​៧, ប្រាក់​៤ និង​សំរឹទ្ធ​៤ ដោយ សៀមរាប បាន​ឈរលើ​ខេត្ត​-​រាជធានី និង​ក្រសួង​ចំនួន​៤​ផ្សេងទៀត​។ ជាមួយគ្នានេះ បើ​គិត​ជារួម​លើ​គ្រប់​ប្រភេទ​វិញ្ញាសា​ខេត្តសៀមរាប​ឈរ​លំដាប់​លេខ​រៀង​ទី​៥ បន្ទាប់ពី​រាជធានី​ភ្នំពេញ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង​ខេត្តកណ្តាល​។ 
 
​មេដាយមាស​ទាំង​៧​របស់​ខេត្តសៀមរាប​ដណ្តើមបាន​ដោយ​កីឡាករ អ៊ែរ សំអុន និង​កីឡាការិនី ស៊ិន សៀវ​សៀន​លើ​វិញ្ញាសា​ទ្វារ​មេ​គុនខែល​ល្បុក្កតោ​បុរស​-​នារី​ចំនួន​២, កីឡាការិនី ស៊ិន សៀវ​សៀន លើ​វិញ្ញាសា​ទ្វារ​មេគុន​ដាវ​ទោល ឬ​ភ្លោះ​ចំនួន​១, នី ឈៀង​អេង លើ​វិញ្ញាសា​ទ្វារ​មេគុន​ដំបង​វែង​នារី​ចំនួន​១, កីឡាករ អ៊ែរ សំអុន និង​កីឡាការិនី នី ឈៀង​អេង ម្នាក់​១​លើ​វិញ្ញាសា​ទ្វារ​មេគុន​ដៃ​បុរស​-​នារី ខណៈ​១​ទៀត​ដណ្តើមបាន​លើ​វិញ្ញាសា​សមយុទ្ធ​២​នាក់​បុរស​-​នារី​ដោយ​កីឡាករ សាត សុវណ្ណ​ភូ​ម៉ា និង​កីឡាការិនី សាំ ស្រី​នាង​។    
 
​រីឯ​មេដាយប្រាក់​ដណ្តើមបាន​លើ​វិញ្ញាសា​ទ្វារ​មេ​គុនខែល​ល្បុក្កតោ​នារី​ចំនួន​១​ដោយ​កីឡាការិនី នី ឈៀវ​អេង​, វិញ្ញាសា​ទ្វារ​មេគុន​ដាវ​ទោល ឬ​ភ្លោះ​បុរស​ចំនួន​១ ដោយ​កីឡាករ សាត សុវណ្ណ​ភូ​ម៉ា​, វិញ្ញាសា​ទ្វារ​មេ​គុនដំបង​វែង​នារី​ចំនួន​១​ដោយ​កីឡាការិនី នី ឈៀង​អេង និង​វិញ្ញាសា​ទ្វារ​មេគុន​ដៃ​ចំនួន​១​ដោយ​កីឡាករ សាត សុវណ្ណ​ភូ​ម៉ា​។ 
 
​ចំណែក​មេដាយ​សំរឹទ្ធ​ដណ្តើមបាន​លើ​វិញ្ញាសា​ទ្វារ​មេគុន​ដាវ​ទោល​ឬ​ភ្លោះ​នារី​ចំនួន​១​ដោយ​កីឡាការិនី ខុម ស្រី​តូច​, វិញ្ញាសា​ទ្វារ​មេ​គុនដំបង​វែង​បុរស​ចំនួន​១​ដោយ​កីឡាករ ស៊ុយ ស្យា​, វិញ្ញាសា​ទ្វារ​មេគុន​ដៃ​ចំនួន​១​ដោយ​កីឡាករ សេរី សាន់ និង​វិញ្ញាសា​ប្រយុទ្ធ​បុរស​ទម្ងន់​៥៦-៦០​គីឡូក្រាម​ចំនួន​១ ដោយ​កីឡាករ ផា យ៉ា​។ 
 
​ក្រោយពី​ឆ្លងកាត់​ការប្រកួត​អស់​រយៈពេល​៤​ថ្ងៃ​ក្នុងចំណោម​កីឡាករ​កីឡាការិនី​ទាំងអស់​មាន​កីឡាករ​៣​រូប​ដែល​ទទួលបាន​មេដាយ​លើសពី​ពីរ ក្នុងនោះ​កីឡាការិនី នី ឈៀង​អេង ទទួលបាន​មេដាយមាស​២ និង​ប្រាក់​១ រីឯ​កីឡាការិនី ស៊ិន សៀវ​សៀន មាស​២ និង​ប្រាក់​១ ខណៈ​កីឡាករ សាត សុវណ្ណ​ភូ​ម៉ា ទទួលបាន​មេដាយមាស​១ និង​ប្រាក់​២​។  
 
​ការប្រកួត​ដែល​បានបញ្ចប់​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែវិច្ឆិកា នៅ​អគារ​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​កីឡាករ​មកពី​រាជធានី​ភ្នំពេញ​បាន​ឈរ​លំដាប់​ទី​២ ដោយ​ឈ្នះ​មេដាយមាស​៥, ប្រាក់​៣ និង​សំរឹទ្ធ​៣ ខណៈ​ខេត្តកំពង់ឆ្នាំង​ឈរ​លំដាប់​ជា​បន្ត​ក្រោយ​ទទួលបាន​មេដាយមាស​៣, ប្រាក់​២ និង​សំរឹទ្ធ​៣​។ ចំណែក​ក្រសួងមហាផ្ទៃ និង​ខេត្តកំពត​ឈរ​ក្នុង​លំដាប់​បន្តបន្ទាប់​ក្នុងនោះ​ក្រសួងមហាផ្ទៃ​ដណ្តើមបាន​មេដាយមាស​២ ប្រាក់​៥ និង​សំរឹទ្ធ​៤ ខណៈ​ខេត្តកំពត​ទទួលបាន​មេដាយមាស​១ ប្រាក់​៤ និង​សំរឹទ្ធ​៥៕ 
 









Tag:
 ​កីឡា​ជាតិ​លើក​ទី​១
  ល្បុក្កតោ​
  ខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com