អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក វី​ដូ​ដូ ផ្អាក​ទស្សនកិច្ច​ទៅ​អូ​ស្រា្ត​លី ព្រោះ​បាតុកម្ម​ក្នុងស្រុក​ឈានដល់​អំពើហិង្សា​
05, Nov 2016 , 3:19 pm        
រូបភាព
 
 
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា បានសម្រេច​ពន្យារពេល​ទៅ​ទស្សនកិច្ច​នៅ​អូស្ត្រាលី​ហើយ​។ លោក វី​ដូ​ដូ សម្រេចចិត្ត​ដូចនេះ ខណៈដែល​បាតុកម្ម​ទាមទារ​ទម្លាក់​អភិបាលក្រុង​ហ្សា​រកា​តា ឈានដល់​ការប្រើ​អំពើហិង្សា​រវាង​បាតុករ និង​ក្រុមប៉ូលិស ហើយ​លោក​ផ្ទាល់​ត្រូវ​ស្ថិតក្នុង​ប្រទេស ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​កុំ​ឲ្យ​រាលដាល​កាន់តែខ្លាំង​។

 
​បាតុកម្មអហិង្សា​កណ្ដាល​ក្រុង​ហ្សា​រកា​តា​ទាមទារ​ឲ្យ​មានការ​កាត់ទោស​ចៅហ្វាយក្រុង លោក Basuki “Ahok” Thahaja Purnama ប្រែក្លាយជា​បាតុកម្មហិង្សា ដោយមាន​មនុស្ស​ស្លាប់ និង​អ្នករបួស​ជាច្រើន​។ ដោយសារតែ​ស្ថានភាព​ប្រែប្រួល​ដូចនេះ លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ក៏បាន​ពន្យារពេល​ទស្ស​ន​កិច្ច​ផ្លូវរដ្ឋ​របស់លោក​ទៅកាន់​អូស្ត្រាលី ដើម្បី​បន្ត​នៅក្នុង​ប្រទេស​សិន​។​
 
​ប្រធាន​ផ្នែក​ព័ត៌មាន​លេខាធិការដ្ឋាន​ប្រធានាធិបតី លោក Bey Machmudin បាន​និយាយ​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ថា ស្ថានការណ៍​នៅក្នុង​ប្រទេស​បច្ចុប្បន្ននេះ តម្រូវ​ឲ្យ​មាន​វត្តមាន​លោក​ប្រធានាធិបតី វី​ដូ​ដូ ហើយ​លោក​ក៏បាន​សម្រេច​ពន្យារពេល​ទស្សនកិច្ច​តែម្ដង​។ ហើយ​វត្តមាន​របស់​ប្រធានាធិបតី គឺជា​រឿង​ចាំបាច់​ក្នុង​កាលៈទេសៈ​បែបនេះ​។  
 
​សារព័ត៌មាន​សិង្ហ​បុរី Channel NewsAsia ផ្សាយ​ថា លោក​ប្រធានាធិបតី វី​ដូ​ដូ គ្រោង​នឹង​ចាកចេញ​ទៅកាន់​អូស្ត្រាលី​សម្រាប់​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា និង​ត្រឡប់មកវិញ​នៅ​ថ្ងៃទី​៨ ខែ​ដដែល​។ យ៉ាងណាក្ដី លោក វី​ដូ​ដូ ក៏បាន​ប្រាប់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Malcolm Turnbull រួចរាល់​ដែរ​ហើយពី​ការពន្យារពេល​ទស្សនកិច្ច​នេះ​។ 
 
​ប្រភពព័ត៌មាន​ដដែល​បន្តថា ប្រធានាធិបតី​ឥណ្ឌូណេស៊ី ក៏បាន​ប្រាប់​ឲ្យ​រដ្ឋមន្ត្រីការបរទេស លោកស្រី Retno Marsudi ពិភាក្សា​ជាមួយ​សម​ភាគី​អូស្ត្រាលី លោកស្រី Julia Bishop ដើម្បី​រៀបចំ​ពេលវេលា​នៃ​ដំណើរ​ទស្សនកិច្ច​ថ្មី​។ ទស្សនកិច្ច​លើក​នេះ គឺជា​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ដែល​ធ្លាប់​ធ្លាក់ចុះ​ដោយសារ​ជន​ចំណាកស្រុក​។​
 
​សូម​រម្លឹកថា នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ក្រុមបាតុករ​ជ្រុលនិយម​រាប់ពាន់នាក់ បានមក​ប្រមូល​ផ្ដុំគ្នា​នៅ​កណ្ដាល​ក្រុង​ហ្សា​រកា​តា ដើម្បី​ទាមទារ​ឲ្យ​អភិបាលក្រុង លោក Ahok លាលែង​ពី​តំណែង ដោយបាន​ចោទប្រកាន់ថា បាន​មើលងាយ​គម្ពីរ​កូ​រ៉ា​ន​របស់​សាសនា​ឥស្លាម​។ បាតុកម្ម​នេះ ក៏​ឈានដល់​ការប្រើ​អំពើហិង្សា​រវាង​បាតុករ​ជ្រុលនិយម និង​ក្រុម​មន្ត្រីប៉ូលិស ដែល​បានធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​១២​នាក់​ទៀត​រងរបួស​។   
 
​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ក៏បាន​ចោទប្រកាន់​អ្នកនយោបាយ​ថា នៅ​ពីក្រោយ​បាតុកម្ម​នេះ និង​ទញ​យក​ផលប្រយោជន៍​ពី​ក្រុមបាតុករ​។ អាគារ​ប្រធានាធិបតី អាគារ​រដ្ឋសភា និង​ទីតាំង​ក្បែរ​ផ្ទះ​លោក Ahok សុទ្ធតែ​ឡោមព័ទ្ធ​ដោយ​ក្រុមបាតុករ ខណៈ​បាតុករ​ខ្លាំង​ថែមទាំង​គំរាម​សម្លាប់​អភិបាលក្រុងរ​រូបនេះ​ផងដែរ​៕  

Tag:
 ឥណ្ឌូណេស៊ី​
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com