ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សប្រឆាំង ជ្រើសរើស​តំណាងរាស្ត្រ​ថ្មី ជំនួស​លោក ប៉ែន សុវណ្ណ​
11, Nov 2016 , 8:19 am        
រូបភាព
 
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ដាក់​លោក សួន រី​ដា ជា​បេក្ខជន​តំណាងរាស្ត្រ​ថ្មី ជំនួស​លោក ប៉ែន សុវណ្ណ ដែល​ទើបតែ​ទទួលមរណភាព​។ ការសម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​សព​លោក ប៉ែន សុវណ្ណ ត្រូវបាន​បូជា​រួចរាល់ កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​

 
​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជូន​ឈ្មោះ​លោក សួន រី​ដា បេក្ខជន​តំណាងរាស្ត្រ​ថ្មី ជំនួស​លោក ប៉ែន សុវណ្ណ ទៅកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) រួចហើយ​។ បន្ទាប់មក គ​.​ជ​.​ប នឹង​បន្ត​បញ្ជូន​ឈ្មោះ​លោក សួន រី​ដា ទៅកាន់​រដ្ឋសភា ដើម្បី​សម្រេច​ជា​ផ្លូវការ​។ នេះ​ជា​នីតិវិធី​ក្នុងការ​ដាក់​បេក្ខជន​តំណាងរាស្ត្រ​ថ្មី ដែល​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​
 
​លោក យឹម សុវណ្ណ ប្រាប់​ពី​មូល​ហេតុថា ការជ្រើសរើស​លោក សួន រី​ដា ជា​បេក្ខជន​តំណាងរាស្ត្រ​ថ្មី ប្រចាំខេត្ត​កំពង់ស្ពឺ ជំនួស​លោក ប៉ែន សុវណ្ណ គឺ​ដោយសារតែ លោក សួន រី​ដា គឺជា​បេក្ខជន​ទី​៤ ដែល​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ នៅ​ខេត្តកំពង់ស្ពឺ​។ អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ  បានបញ្ជាក់​បែបនេះ​ថា​៖«​តាម​គោលការណ៍ យើង​ត្រូវតែ​ដាក់​គាត់ (​លោក សួន រី​ដា​) ជំនួស​ឯកឧត្តម ប៉ែន សុវណ្ណ​។ វា ជា​រឿង​ធម្មតា​ទេ ដែល​យើង​ដាក់​គាត់ ព្រោះ​គាត់​ជា​បេក្ខជន​ទី​៤»​។​
 
​ទាក់ទង​នឹង​បញ្ហា​ខាងលើ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប បាន​អះអាងថា គ​.​ជ​.​ប នឹង​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ផ្ទៀងផ្ទាត់​ពី​លក្ខខណ្ឌ​ផ្សេងៗ មុននឹង​បញ្ជូន​ឈ្មោះ​លោក សួន រី​ដា ទៅ​ឲ្យ​រដ្ឋសភា​អនុម័ត​។ ប៉ុន្តែ លោក ហង្ស ពុទ្ធា មិនទាន់​បញ្ជាក់​បានទេ ថាគ​.​ជ​.​ប នឹង​បើក​កិច្ចប្រជុំ​ពី​បញ្ហា​នេះ នៅពេលណា​។ លោក លើកឡើងថា​៖«​ឥឡូវ​ហ្នឹង លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​មកដល់​ដៃ​ខ្ញុំ​ទេ ប្រហែលជា​នៅ​នាយកដ្ឋាន​ផ្នែក​រដ្ឋបាល ហើយ​មើលទៅ​។ ទាល់តែ​លិខិត​ហ្នឹង មកដល់​ខ្ញុំ​សិន ទើប​យើង​ដឹងថា ពិភាក្សាគ្នា​នៅពេលណា​»​។​
 
​តំណាងរាស្ត្រ​បី​រូប ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ឆ្នោត​នៅ​ខេត្តកំពង់ស្ពឺ គឺ​លោក ប៉ែន សុវណ្ណ លោក សុខ អ៊ុំ​ស៊ា និង នុត រំដួល​។ ចំណែកឯ លោក សួន រី​ដា ជា​បេក្ខជន​ទី​៤ ដែល​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​នៅ​ខេត្ត កំពង់ស្ពឺ​ផងដែរ​។ ដូច្នេះ លោក សួន រី​ដា ត្រូវតែ​ជា​បុគ្គល​ដែលមាន​អាទិ៍ភាព​មុនគេ ដើម្បី​ក្លាយជា​បេក្ខជន​តំណាងរាស្ត្រ​ថ្មី ជំនួស​លោក ប៉ែន សុវណ្ណ​។​
 
​សូម​រម្លឹកថា លោក ប៉ែន សុវណ្ណ តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយក៏​ជា​អតីត​នាយករដ្ឋមន្ត្រី​ក្នុងសម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ផង​នោះ បានទទួល​មរណភាព ក្នុង​ជន្មាយុ​៨០​ឆ្នាំ ដោយ​រោគាពាធ កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦​។ នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៦ គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​គ្រួសារ បានសម្រេច​ដង្ហែ​សព​លោក ប៉ែន សុវណ្ណ ពី​ខេត្តតាកែវ មក​តម្កល់ទុក​ក្នុង​វត្ត​នួន​មណី​រាម ហៅ​វត្ត​ថា​ន់ ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។ រហូតដល់​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ សព​លោក ប៉ែន សុវណ្ណ ក៏ត្រូវ​បាន​ដង្ហែ​ចេញពី​វត្ត​ថា​ន់ ទៅ​បូជា​នៅ​វត្ត​ឫស្សី​សាញ់ ដែល​ស្ថិតក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕

Tag:
 ប៉ែន សុវណ្ណ​
  សួន រី​ដា​
  យឹម សុវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com