ជាតិ
សង្គមជាតិ
ភ្ញៀវទេសចរជាតិមកទស្សនាបុណ្យអុំទូកនៅសៀមរាបអាចធ្លាក់ចុះបន្តិច សកម្មភាពអុំសាកល្បងរបស់កីឡាការិនីទូកងនៅខេត្តសៀមរាប
× សៀមរាប៖ មានការទស្សទាយថា ភ្ញៀវទេសចរក្នុងស្រុក ដែលមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលដ៏ខ្លីខាងមុខនេះ អាចនឹងមានការធ្លាក់ចុះ។ ព្រោះថា នៅឆ្នាំនេះពិធីបុណ្យអុំទួកនៅសៀមរាប គឺរៀបចំជាន់ថ្ងៃតែមួយនៅរាជធានីភ្នំពេញ ដែលចាប់ផ្តើមរៀបចំធ្វើឡើងវិញ ក្រោយខកខានអស់រយៈពេលជាប់ៗគ្នារួចមក។
គណៈកម្មការរៀបចំពិធីបុណ្យអុំទូកនៅខេត្តសៀមរាប បាននិងកំពុងមមាញឹកក្នុងការរៀបចំកម្មវិធី និងកន្លែងផ្សេងៗ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរឆ្ងាយជិត។ រោងជាច្រើនត្រូវបានដំឡើងរួចជាស្រេច ហើយការលក់ដូរក៏បានចាប់ផ្តើមដំណើរការខ្លះៗហើយដែរ ចំណែកចំណុះទូកទៀតសោត ក៏បានមកដល់គោលដៅប្រណាំង ស្ទើរគ្រប់គ្នាហើយដែរ។
ការរៀបចំភ្លើងបំភ្លឺផ្លូវ និយាយជារួម ស្តង់ដាការរៀបចំពិធីប្រណាំងទូកងនៅខេត្តសៀមរាប គឺដូចទៅនឹងឆ្នាំកន្លងៗទៅដូច្នោះដែរ មានដូចជាឆាកប្រគំតន្ត្រី ស្តង់លក់ទំនិញ។ល។ ទោះជាអាជ្ញាធរខេត្តរំពឹងថា មានទេសចរច្រើនមកកម្សាន្តក្នុងថ្ងៃបុណ្យអុំទួកក៏ដោយចុះ ប៉ុន្តែពួកគេបានមើលឃើញថា ទេសចរក្នុងស្រុកអាចនឹងធ្លាក់ចុះបន្តិច។
លោក គឹម ឆៃហៀង បានពន្យល់ពីមូលហេតុថា ពិធីបុណ្យអុំទូកនៅខេត្តសៀមរាប រៀបចំជាន់ថ្ងៃតែមួយនៅរាជធានីភ្នំពេញ ដូច្នេះចង់មិនចង់ វានឹងរំលែកចំនួនទេសចរក្នុងស្រុក ដែលធ្លាប់មកកម្សាន្តនៅខេត្តសៀមរាបកាលពីឆ្នាំទៅ។ យ៉ាងណាក៏ដោយ លោក អភិបាលរងខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋឆ្ងាយជិតទាំងអស់ បន្តមកកម្សាន្តក្នុងខេត្តសៀមរាបជាបន្តទៀត ព្រោះថាខេត្តមួយនេះសម្បូរដោយប្រាង្គប្រាសាទបុរាណ ជាពិសេសដើម្បីស្គាល់ពីវប្បធម៌ប្រពៃណីរបស់អ្នកខេត្តសៀមរាប។
គួរបញ្ជាក់ដែរថា ទូកដែលចូលរួមប្រណាំងនៅឆ្នាំនេះ មានចំនួន៣០ទូក ស្មើនឹង១៥គូ។ ក្រៅពីនេះ ក៏មានប្រភេទទូកបែបកម្សន្តសប្បាយជាច្រើនគូផងដែរ។ អាជ្ញាធរបានរៀបចំកន្លែងស្នាក់នៅដែលមានដូចជាវត្តអារាម និងសាលារៀនចំនួន១៣កន្លែងសម្រាប់ទទួលកីឡាករ កីឡាការិនីឲ្យស្នាក់នៅ។ ក្នុងនោះដែរ ក៏មានការរៀបចំសន្តិសុខ និងបង្គន់អនាម័យដល់ពួកគេផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក គឹម ឆៃហៀង៕
© រក្សាសិទ្ធិដោយ thmeythmey.com