អន្តរជាតិ
កូរ៉េខាងត្បូង នឹង​អភិវឌ្ឍ​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​ដើម្បី​ការពារ​ការ​គំរាម​ពី​កូរ៉េខាងជើង​
17, Nov 2016 , 7:39 pm        
រូបភាព
​រដ្ឋាភិបាល​កូរ៉េខាងត្បូង បានអនុម័ត​លើ​គម្រោង​ការពារជាតិ​ធំៗ​ចំនួន​បី ដែល​ក្នុងនោះ​មាន​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​រ៉ុ​ក្តែ​ត​ចម្ងាយ​ឆ្ងាយ សម្រាប់​បង្កើន​សមត្ថភាព​ទប់ទល់​ការវាយប្រហារ​ដោយ​មី​ស៊ី​លពី​សំណាក់​កូរ៉េខាងជើង​។ កូរ៉េខាងត្បូង ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការ​គំរាម​ពី​កូរ៉េខាងជើង ដ្បិត​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ កំពុង​ពង្រឹងសមត្ថភាព​យោធា​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស ដោយបាន​សាកល្បង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ជាច្រើនលើក​។



​ភាពមិនច្បាស់លាស់​នៃ​គោលនយោបាយ​របស់​អាមេរិក​ក្រោយ​ការបោះឆ្នោត និង​ការពង្រឹង​យោធា​របស់​កូរ៉េខាងជើង កំពុង​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង ងាក​ទៅ​បង្កើន​សមត្ថភាព​កងទ័ព​របស់​ខ្លួនឯង ដើម្បី​ការពារ​ខ្លួន​។ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា កូរ៉េខាងត្បូង បាន​យល់ព្រម​លើ​គម្រោង​ការពារជាតិ​ធំ​បី ដោយ​រួមទាំង​ការបង្កើន​សមត្ថភាព​ប្រព័ន្ធ​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ សម្រាប់​តទល់​នឹង​យោធា​កូរ៉េខាងជើង​។​

​រដ្ឋបាល​ទទួលបន្ទុក​កម្មវិធី​ការពារជាតិ​របស់​កូរ៉េខាងត្បូង (DAPA) បានប្រកាសថា ចាប់ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២០ ក្រុង​សេ​អ៊ូ​ល នឹង​អភិវឌ្ឍ ក៏​ដូច​ជ​ពង្រាយ​មី​ស៊ី​ល ដែល​អាច​បំពាក់​លើ​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ចម្រុះ (MRLS) ទំហំ​២៣០​មី​លី​ម៉ែត​។ ប្រព័ន្ធ​បាញ់​រ៉​ក្កែ​ត​នេះ ជា​ផលិតផល​ក្នុងស្រុក ដែល​ផលិត​ដើម្បី​ទប់ទល់​ការ​គំរាម​ពី​កាំភ្លើង​ធំ​របស់​កូរ៉េខាងជើង​។  

​នៅពេលដែល​ត្រូវបាន​ពង្រាយ​រួចរាល់​នោះ គ្រាប់​រ៉ុក្កែត​ដែល​បាញ់​ចេញពី​ប្រព័ន្ធ MRLS អាច​កម្ទេច​គោលដៅ​គំរាមកំហែង ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ជ្រៅ​លើ​ទឹកដី​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​អ្នកនាំពាក្យ​របស់ DAPA ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន Yonhap មុននឹង​បញ្ជាក់ដែរថា រ៉ុក្កែត​នេះ មាន​សមត្ថភាព​កម្ទេច​ទីតាំង​មាន​ទំហំ​ប៉ុន​តារាបាល់ទាត់​ចំនួន​បី​។

​ក្រៅពី​ការពង្រឹង​សមត្ថភាព​ផ្នែក​អាកាស ក្រុង​សេ​អ៊ូ​ល ក៏​ចំណាយ​ប្រាក់​១៦​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​កប៉ាល់​របស់ខ្លួន​ដែរ ក្នុង​គោលដៅ​បង្កើន​សមត្ថភាព​ឲ្យ​កាន់តែខ្លាំង​។ ស្ថាប័ន DAPA ក៏បាន​ជ្រើសរើស​ក្រុមហ៊ុន Hyundai Heavy Industries Co. ដែល​អ្នក​ផលិត​នាវា​ដ៏​ធំ​របស់​កូរ៉េខាងត្បូង សម្រាប់​ទទួលបន្ទុក​លើ​ការងារ​អភិវឌ្ឍ​កប៉ាល់​ស៊េរី​ចាស់​ទាំងនោះ​ឲ្យ​កាន់តែ​ទំនើប​។​

​បន្ថែម​លើ​នេះ កូរ៉េខាងត្បូង ក៏មាន​គម្រោង​ទិញ​យន្តហោះ​ចម្បាំង F-35 ពី​ក្រុមហ៊ុន Lockheed Martin Corp. របស់​អាមេរិក​ជាច្រើន​គ្រឿង​ផងដែរ​។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៤ ក្រុង​សេ​អ៊ូ​ល បាន​ចុះហត្ថលេខា​ទិញ​យន្តហោះ​ចម្បាំង F-35 ចំនួន​៤០​គ្រឿង​ពី​ក្រុមហ៊ុន​ខាងលើ​រួចហើយ​។ អាមេរិក ក៏​នឹង​ជួយ​កូរ៉េខាងត្បូង កសាង​ផ្កាយរណប​សម្រាប់​យោធា​កូរ៉េខាងត្បូង​ប្រើប្រាស់​ទៀតផង​៕  


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com