ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អេង ឆៃអ៊ាង នឹង​កោះហៅ​សម្ដេច ស ខេង សាកសួរ​ករណី​លោក កែម ឡី ក្រោយ​ចូល​បំពេញការងារ​រដ្ឋសភា​វិញ​
17, Nov 2016 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង នឹង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្ដេច ស ខេង សាកសួរ​ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​ឃាតកម្ម​លើ​លោក កែម ឡី​។ លោក អេង ឆៃអ៊ាង នឹង​សាកសួរ​សម្ដេច ស ខេង ក្រោយ​ចូល​បំពេញការងារ​រដ្ឋសភា​វិញ​។​



​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រក្សា​ជំហប​ន្ត​យុទ្ធនា​ការជួយ​រក​យុត្តិធម៌​ជូន​លោក កែម ឡី ដែល​ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០ កក្កដា​កន្លងមក​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង អះអាងថា លោក​នឹង​កោះអញ្ជើញ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​សម្ដេច ស ខេង មក​សួរនាំ​ពី​ដំណើរការ​ស៊ើបអង្កេត​អ្នក​នៅ​ពី​ក្រោយខ្នង​លើ​ករណី​បាញ់សម្លាប់​លោក កែម ឡី ដើម្បី​លុបបំបាត់​ការសម្លាប់​អ្នក​គ្មាន​ទោសពៃរ៍ ដោយសារ​ការបញ្ចេញមតិ​នៅក្នុង​សង្គម​។ បើតាម​លោក អេង ឆៃអ៊ាង ការកោះហៅ​សម្ដេច ស ខេង នេះ​នឹងត្រូវ​ធ្វើឡើង​បន្ទាប់ពី​រូបលោក​និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​បម្រើ​ការងារ​នៅក្នុង​រដ្ឋសភា​វិញ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​បញ្ជាក់ថា​៖«​ក្នុងនាម​ជា​គណកម្មការ​ទី​១ ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស យើង​នឹង​កោះហៅ​រដ្ឋមន្ត្រី​មក​សាកសួរ​។ ដូច​ករណី​លោក កែម ឡី នេះ​គឺជា​រឿង​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដូចនេះ​យើង​នឹង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មក​សាកសួរ តែ​មិនអាច​ទាន់​ធ្វើ​នៅពេលនេះ​ទេ ទាល់តែ​តំណាងរាស្ត្រ​យើង​ចូល​បំពេញការងារ​រដ្ឋសភា​វិញ​»​។​

​បន្ថែម​ពីលើ​នេះ​លោក អេង ឆៃអ៊ាង បញ្ជាក់ថា គណបក្ស​លោក​នឹង​ប្រជុំគ្នា​នៅ​រសៀល​ថ្ងៃទី​១៨ វិច្ឆិកា មុន​សម្រេច​ចូល​បំពេញការងារ​នៅក្នុង​រដ្ឋសភា​វិញ ។​

​ជុំវិញ​ករណី​ឃាតកម្ម​លើ​លោក កែម ឡី នេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក​ថា «​សំណុំ​ឯកសារ​ស៊ើបអង្កេត​បាន​បញ្ជូនទៅ​តុលាការ​អស់ហើយ​»​។​
 
​សូមបញ្ជាក់ថា លោក កែម ឡី ដែលជា​អ្នកស្រាវជ្រាវ និង​បញ្ចេញមតិ​ដោះស្រាយ​លើ​បញ្ហា​សង្គម ត្រូវបាន​ឃាតក​បាញ់សម្លាប់ នៅក្នុង​ស្តា​ម៉ា​ត​មួយ ដែល​ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឃាតករ​ភ្លាមៗ ដោយ​អះអាងថា ឈ្មោះ ជួប សម្លាប់​។ គិត​រហូតមកដល់​ថ្ងៃនេះ ឃាតកម្ម​លើ​លោក កែម ឡី មាន​រយៈពេល​ជាង​៤​ខែ​ហើយ​៕


Tag:
 អេង ឆៃអ៊ាង​
  ​ស ខេង​
  ​កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com