ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យើង​គួ​នាំគ្នា​ប្រើប្រាស់​បណ្តាញ​សង្គម​នៅ​កម្ពុជា​ប្រកបដោយ​ប្រ​យោ​ជ​ន៌ និង​សេចក្តីថ្លៃថ្នូរ​
18, Nov 2016 , 4:43 pm        
រូបភាព
ដោយ: ថ្មីៗ
​លិខិត​មិត្ត​អ្នកអាន​
​សព្វថ្ងៃនេះ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook)​គឺ​ជាទី​ពេញនិយម​របស់​ប្រជាជន​កម្ពុជា និង​នៅលើ​ពិភពលោក​។ ការប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ​នៅ​កម្ពុជា ភាគច្រើន​គឺ​អ្នកប្រើប្រាស់​ក្នុង​គោលបំណង​ស្វែងរក​មិត្ត បង្ហោះ​រូបភាព និង​វីដេអូ ជជែក​កំសាន្ត ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការចែករំលែក​ព័ត៌មាន និង​ដំណឹង​ទាន់​ហេតុការណ៍​ជាតិ និង​អន្តរជាតិ​។​ល​។



​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភាគច្រើន គឺជា​ដំណឹង​ដែល​អាចមាន​ផល​ពីរ​គឺ​វិជ្ជមាន និង​អវិជ្ជមាន​។ វិជ្ជមាន​គឺ​អាស្រ័យ​ដោយ​អ្នកសរសេរ​ព័ត៌មាន និង​ផ្សព្វផ្សាយ​ជា​ដំណឹង​នោះ ជា​អ្នកមាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មាន ហើយ​អវិជ្ជមាន​គឺ​កើតឡើង​ដោយ​អ្នកសរសេរ​ជា​ប្រជាពលរដ្ឋ មិនមាន​វិជ្ជាជីវៈ​សារព័ត៌មាន​ត្រឹមត្រូវ​។ បច្ចុប្បន្ននេះ បណ្តាញ​សង្គម​មួយ​នេះ បានក្លាយ​ទៅជា​ទី​ផ្សព្វផ្សាយ​ដំណឹង​យ៉ាង​រហ័ស​បំផុត ហើយ​គ្រប់​ដំណឹង​ទាំងអស់​គឺ​មិនអាច​ទទួលយកបាន​ទាំងអស់​នោះទេ ពោលគឺ​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ដែល​និយម​តាមដាន​ព្រឹត្តិការណ៍​នានា ចាំបាច់​ត្រូវ​ចេះ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ មុននឹង​សម្រេចចិត្ត​ទទួលយក​ដំណឹង​នោះ​។ អ្នកប្រើប្រាស់​ហ្វេ​ក​ប៊ុ​ក គឺ​មិនមែនជា​អ្នក​អនក្ខរកម្ម ឬ​មិនចេះ​អ្វី​នោះទេ យ៉ាងហោចណាស់​ក៏មាន​ការយល់ដឹង​ក្នុងការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ឬ​កុំព្យូទ័រ​ដែរ ដូច្នេះ​អ្នកប្រើប្រាស់​ត្រូវ​ចេះ​ពិចារណា វិភាគ​ថា​តើ​ដំណឹង​នោះ​អាច​ទទួល​យកជាការបាន​ឬទេ ឬ​ជាការ​ផ្សាយ​ធ្វើ​ឲ្យ​សង្គម​មាន​ចលាចល និង​មាន​ភាពវឹកវរ​។

​ជាក់ស្តែង នាពេល​ថ្មីៗ​នេះ មានការ​ចែកចាយ​ត​គ្នា និង​មាន​ការជជែក​វែកញែក​ជាច្រើន​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ស្តីពី​បញ្ហា​អង្ករ​ប្លា​ស្ទិ​ក​។ ដំណឹង​ច​ចាម​អារាម​នេះ បានធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​នៅក្នុង​ស្រទាប់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កពាក់​ព័ន្ធ​នឹង​អង្ករ​នៅ​កម្ពុជា ប៉ុន្តែ​ការពិត​នោះ គឺ​មិនមាន​អង្ករ​ប្រភេទ​នេះ​ទេ​។ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ត្រូវតែ​ពិចារណា និង​ចេះ​វិភាគ​ថា​តើ​សីតុណ្ហភាព​ដាំបាយ​អាចរំលាយ​បា្ល​ស្ទិ​ច​បាន​ដែរឬទេ​? ប្លា​ស្ទិ​ច​មិន​ស្អិត​ជាប់​គ្នា​ដូច​អង្ករ ហើយ​មិន​ងាយ​រលាយ​នោះទេ​។ អ្នកជំនាញ​គីមី​ចំណីអាហារ ក៏បាន​បញ្ជាក់ដែរថា​គ្មាន​អង្គរ​ប្លា​ស្ទិ​ច​ទេ តែមាន​អង្ករ​សិប្បនិម្មិត ដែលជា​ប្រភេទ​អង្ករ​ផលិត​ចេញពី​អង្ក​រលាយ​ជាមួយ​ម្សៅ ពោត ដំឡូង ដែលមាន​លក្ខណៈ​ងាយស្រួល​ក្រោយពេល​ដាំ​ឆ្អិន​។ ភាគច្រើន​នៃ​យុវវ័យ​ដែល​កំពុង​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ក៏​ជា​សិស្ស​និស្សិត​ដែល​បាន​ឆ្លងកាត់​ការសិក្សា​យ៉ាងហោចណាស់​ក៏​បញ្ចប់​ត្រឹម​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ដែរ​ហើយ​ពួកគេ​សុទ្ធតែ​បាន​រៀនសូត្រ​មុខវិជ្ជា​គីមីវិទ្យា​ហេតុអ្វី យុវវ័យ​យើង​មិន​ពិចារណា និង​វិភាគ​អំពី​បញ្ហា​នេះ​ឲ្យ​បាន​ល្អិតល្អន់ បែរជា​បន្ត​បំផុស​ដំណឹង​មិន​ពិតប្រាកដ​នេះ​ឲ្យ​បំពុលសង្គម​ទៅវិញ​។

​ថ្មីៗ​នេះដែរ កាលពី​ថ្ងៃទី​ពីរ​នៃ​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ក៏មាន​ផ្ទុះ​ការរិះគន់​ដល់​សមត្ថកិច្ច​ក្នុង​បណ្តាញ​សង្គម​ពី​សំណាក់​អ្នកប្រើប្រាស់​ចំពោះ​ករណី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​លោកតា​ចាស់​ម្នាក់ ដើរ​លក់​ចំ​ពាម​កៅស៊ូ កាំបិត ពូថៅ រណារ នៅក្នុង​ព្រះរាជ​ពិធី​អ៊ុំ​ទូក នៅ​រាជធានី ភ្នំពេញ​។ ហេតុអ្វី អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​រិះគន់​ដល់​សមត្ថកិច្ច មិន​ពិចារណា​អំពី​ផលប៉ះពាល់​របស់​វា​សិន មុននឹង​នាំគ្នា​បញ្ចេញមតិ​បន្ទោស​សមត្ថកិច្ច​ដែល​អនុវត្តន៍​តាម​តួនាទី​។ លោកតា​ម្នាក់​នោះ នឹងមិន​ខុស​ទេ បើសិនជា​គាត់​លក់​ចំ​ពាម​ខុសពី​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​របស់​ជាតិ ឬក៏​ថ្ងៃ​ធម្មតា ក៏ប៉ុន្តែ​គាត់​បាន​ដើរ​លក់​នៅក្នុង​ពេលវេលា​មួយ​ដែលមាន​មនុស្ស​ច្រើន​កុះករ​ដើរ​កំសាន្ត វា​អាច​នឹងមាន​ផលវិបាក​បើសិន​ជាមាន​ជនខិលខូច​ទិញ​ចំ​ពាម ឬ​វត្ថុ​ផ្សេងៗ​ដែល​គាត់​លក់​នោះ​ទៅ​ប្រព្រឹត្ត​អំពើ​ណាមួយ​បង្ក​ភាពចលាចល​ក្នុង​ព្រះរាជ​ពិធី និង​នាំ​ឲ្យ​មានការ​ផ្អើលឆោឡោ​បង្ក​ជា​សោកនាដកម្ម​ផ្សេងៗ​។ ម្យ៉ាងទៀត សមត្ថកិច្ច​គ្រាន់តែ​រឹបអូស​សម្ភារៈ និង​ឃាត់ខ្លួន​សួរនាំ អប់រំ​ហើយ​បាន​ដោះលែង និង​ប្រគល់​សម្ភារៈ​ជូន​លោកតា​នោះ​វិញ​ផងដែរ​។

​ហេតុដូច្នេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​គ្រប់​វ័យ ត្រូវតែ​បើក​ខួរក្បាល ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ មុននឹង​ទទួលយក​ដំណឹង​ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬក៏​បញ្ចេញមតិ ប្រតិកម្ម​ទៅលើ​អ្វីមួយ​ដោយ​មិន​សម​ហេតុផល​។ ហើយ​ចំពោះ​សេរីភាព​ការបញ្ចេញមតិ នៅ​ប្រទេស​ណា​ក៏ដូចជា​ប្រទេស​ណា​ដែរ គឺ​គ្រប់​ដណ្តប់​ដោយ​ច្បាប់​របស់​ប្រទេស​នោះ បើ​យើង​សម្តែងឡើង​លើស​ដែន​កំណត់​បង្កបញ្ហា​ដល់​អ្នកដទៃ បង្ក​ភាពវឹកវរ​ក្នុងសង្គម បំផ្លាញ​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន នោះ​អ្នកនឹង​មានទោស​ទៅតាម​ច្បាប់​។ ជាងនេះទៅទៀត​យុវវ័យ​ដែល​និយម​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក គួរតែ​ចូលរួម​ប្រតិកម្ម និង​បញ្ចេញមតិ​ឲ្យ​បាន​ច្រើន​ទៅលើ​អ្វី​ដែលជា​ប្រយោជន៍​ដល់​សង្គម​ដូចជា​បញ្ហា​បរិស្ថាន​ជាដើម​។​


© រក្សាសិទ្ធិដោយ thmeythmey.com