កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ ម៉ាឡេស៊ី ឈ្នះ​កម្ពុជា ៣-២
20, Nov 2016 , 5:21 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី បាន​យកឈ្នះ​កម្ពុជា ក្នុង​លទ្ធផល  ៣-២ សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup នា ថ្ងៃអាទិត្យ​នេះ នៅ​កីឡដ្ឋាន Thuwunna ក្រុង​យ៉ាំង​ហ្គោ​ន នៅមុន​ជំនួប​រវាង​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា និង​វៀតណាម​។​



​ម៉ាឡេស៊ី បាន​បើក​ការវាយលុក​មកលើ​កម្ពុ​ជា​នៅ​ដើមតង់ ជាពិសេស​ការ​តែ​តរបស់ Amri Yahyah ដែល​ត្រូវបាន​រារាំង​ដោយ​អ្នកចាំទី​ស៊ូ យ៉ា​ទី​។ ឈានដល់​នាទី ទី​៨ ខ្សែប្រយុទ្ធ​បាន​ទាញយក​ឱកាស​កាស ដោយ​បន្ត​គ្រប់គ្រង​បាល់ និង​ធ្វើ​ឲ្យ​អ្នកចាំទី Khairul Fahmi បាត់​ជំហរ ដើម្បី​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​ឲ្យ​កម្ពុជា​។​

​នៅ​នាទី​៣១ សឿ​យ វិសាល បានទទួល​កាត​លឿង បន្ទាប់ពី​គេ​បានធ្វើ​ឲ្យ Darren Lok នៅក្រៅ​ប្រអប់​គ្រោះថ្នាក់​។​

​នៅ​នាទី​៣៧ Syanzwan Zainon បាន​ស៊ុត​តាម​ស្មើ​សម្រាប់​ម៉ាឡេស៊ី ក្រោយ​ការបញ្ជូន​របស់ Irfan Fazail​។ Zainon បានគេច​ផុតពី​ការរារាំង​របស់ ឈិន ឈឿន ឲ្យ​ស៊ុត​បាល់​រំលង​ដៃ ស៊ូ យ៉ា​ទី​។​

​ក្រោយ​សម្រាក​តង់ ម៉ាឡេស៊ី​នៅតែ​បន្ត​ការវាយលុក​។ Amri Yahaya បាន​ទាត់​បាល់​ពិន័យ​ពី​ចម្ងាយ​មួយគ្រា​ប់ ក្រោយ ណុប តុលា យកដៃ​ប៉ះបាល់​នៅក្បែរ​ប្រអប់​គ្រោះថ្នាក់ ប៉ុន្តែ​គេ​បាន​ស៊ុត​បាល់​ហើរ​លើរ​បាទី​។​

​នៅ​នាទី​៥២ ប្រាក់ មុន្នី​ឧ​ត្ត​ម និង​ចាន់ វឌ្ឍនាកា បាន​សហការគ្នា​យ៉ាង​ល្អ​ក្នុង​ការបញ្ជូន​បាល់ ប៉ុន្តែ​ការសម្រេច​ចុងក្រោយ​របស់ វឌ្ឍនាកា ត្រូវបាន​រារាំង​ដោយ​អ្នកចាំទី Khairul Fahmi មុនពេល​ដែល Rizal Ghazali ទាត់​បាល់​ចេញ​ក្រៅ​។​

​ពីរ​នាទី​ក្រោយមក កម្ពុជា​មានឱកាស​ម្តង​ទៀត ដោយ កែវ សុខ​ផេង ព្យាយាម​នាំ​បាល់​ទៅក្នុង​ប្រអប់​គ្រោះថ្នាក់ ប៉ុន្តែ​ខ្សែការពារ​ម៉ាឡេស៊ី រារាំង​បាន​យ៉ាង​ល្អ ដែល​ធ្វើ​ឲ្យ សុខ​ផេង សម្រេចចិត្ត​បញ្ជូនទៅ​ក្រោយ ហើយ សំអឿន ពិដោរ បាន​ទាត់​មិន​ចំ​គោលដៅ​។​

​នៅ​នាទី​៥៩ កែវ សុខ​ផេង បាន​បញ្ជូន​បាល់​ពី​ចម្ងាយ​ឲ្យ ចាន់ វឌ្ឍនាកា ដើម្បី​ខ្សែប្រយុទ្ធ​បឹងកេត​អង្គរ​រូបនេះ រកបាន​គ្រាប់​បាល់​ទី​២​សម្រាប់​កម្ពុជា ក្រោយ​ញាក់​បាល់​ចេញពី​ជើង​ខ្សែការពារ​ពីរ​នាក់​របស់​ម៉ាឡេស៊ី​។​

១០​នាទី​ក្រោយមក Amri Yahyah បាន​វាយបក​តាម​ស្មើ ២-២ សម្រាប់​ម៉ាឡេស៊ី​វិញ ក្រោយ​ការបញ្ជូន​យ៉ាង​ល្អ​របស់ Hazwan Bakri​។​

​ខណៈ​ការប្រកួត​ដំណើរការបាន​ជាង​៧០​នាទី Irfan Fazail បាន​ស៊ុត​បាល់​ប៉ះរ​បាទី មុន​ពេលដែល​ការព្យាយាម​រក​គ្រាប់​បាល់​ទី​៣​របស់ ចាន់ វឌ្ឍនាកា ត្រូវ​បរាជ័យ​ដោយសារ​បាល់​ស្ថិតក្នុង​ជំហរ Offside​។​

​នៅ​នាទី​៨០ ម៉ាឡេស៊ី បានធ្វើការ​នាំមុខ ៣-២ វិញ ដោយ Safee Sali បញ្ជូន​ឲ្យ Amri Yahyah ស៊ុត​ទម្លាយ​សំណាញ់​កម្ពុជា និង​ជា​គ្រាប់​បាល់​បញ្ចូល​ទី​២​របស់គេ​ប្រចាំ​ការប្រកួត​។​


​ជម្រើស​របស់​កម្ពុជា (៣-៤-៣)
-​អ្នកចាំទី​៖ ស៊ូ យ៉ា​ទី​
-​ខ្សែការពារ​៖ សុខ សុវណ្ណ​, ណុប តុលា​, សឿ​យ វិសាល​
-​ខ្សែបម្រើ​៖ ឈិន ឈឿន​, សុះ ស៊ូ​ហា​ណា​, ច្រឹង ពលរដ្ឋ​, រស់ សំអឿន (​សំអឿន ពិដោរ ៥០)
-​ខ្សែប្រយុទ្ធ​៖ ប្រាក់ មុន្នី​ឧ​ត្ត​ម (​ឃួន ឡា​បូ​រ៉ាវី ៨៣), ចាន់ វឌ្ឍនាកា​, កែវ សុខ​ផេង (​ទិ​ត្យ ឌី​ណា ៧៨)៕


Tag:
 បាល់ទាត់
  ជម្រើស​ជាតិ​កម្ពុជា
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com