ជាតិ
សង្គមជាតិ
ភរិយាឯកឧត្តម សម រង្ស៊ី អរគុណសម្តេច ហ៊ុន សែន ដែលចូលរួមរំលែកទុក្ខសពមាតាខ្លួន រូបភាពពីហ្វេសប៊ុក Sophorn Lary II
× ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ លោកស្រី ជូឡុង សូមូរ៉ា ភរិយាឯកឧត្តម សម រង្ស៊ី បានផ្ញើលិខិតអរគុណសម្តេច ហ៊ុន សែន និងភរិយា ដែលបានចូលរួមរំលែកទុក្ខសពមាតាបង្កើតលោកស្រី។
លិខិតរបស់លោកស្រី ជូឡុង សូមូរ៉ា ផ្ញើជូនសម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃនេះ ក្រោយពីសម្តេចបានផ្ញើលិខិតសម្តែងសមានចិត្តចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកស្រី ញឹក ជូឡុង-មាសកេត សមភ័ក្រ ដែលត្រូវជាម្តាយបង្កើតរបស់លោកស្រី ជូឡុង សូមូរ៉ា និងជាម្តាយក្មេករបស់ឯកឧត្តម សម រង្ស៊ី កាលពីម៉ោងជិត១២យប់ ថ្ងៃទី២៤ ខែវិច្ឆិកា។
លោកស្រី ជូឡុង សូមូរ៉ា បានសរសេរក្នុងលិខិតថ្លែងអំណរគុណដូច្នេះ៖«ខ្ញុំ និងក្រុមគ្រួសារ សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមានចិត្តដ៏វិសេសថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមចំណែកមរណទុក្ខជាមួយយើងខ្ញុំ ដែលមិនត្រឹមតែលិខិតប៉ុណ្ណោះទេគឺថែមទាំងបានទូរសព្ទមកផ្ទាល់ និងបានចាត់តាំងឯកឧត្តម ហ៊ុន ម៉ានី ដែលជាបុត្រាជាទីស្រឡាញ់របស់សម្តេច មកចូលរួមក្នុងពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពមាតារបស់ខ្ញុំ ដោយផ្ទាល់»។
កាលពីយប់ម្សិលមិញ សម្តេច ហ៊ុន សែន បង្ហាញលិខិតចូលរួមរំលែកទុក្ខផ្ញើជូនលោកស្រី ជូឡុង សូមូរ៉ា នៅលើទំព័រហ្វេសប៊ុក។ លិខិតដែលសម្តេច ហ៊ុន សែន បានផ្ញើជូនភរិយាឯកឧត្តម សម រង្ស៊ី មានខ្លឹមសារដូច្នេះថា៖«ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់ ទើបបានទទួលដំណឹងប្រកបដោយសេចក្តីតក់ស្លុតនៃមរណភាពដ៏គួរឲ្យសោកស្តាយរបស់ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ក្រ ដែលជាម្តាយបង្កើតជាទីគោរពស្រឡាញ់របស់លោកជំទាវ (ជូឡុង សូមូរ៉ា)។ យើងខ្ញុំ យល់ណាស់អំពីទុក្ខសោករបស់បុត្រា បុត្រី ដែលបាត់បង់នូវអ្នកមានគុណជាទីស្រឡាញ់របស់ខ្លួន។ ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់ សូមចូលរួមរំលែកទុក្ខដោយស្មោះចំពោះមរណភាពនេះ នៅក្នុងកាយវិការ ដែលយើងជាជាតិខ្មែរដូចគ្នា។ សូមលោកជំទាវ ទទួលនូវមនោសញ្ចេតនាដោយស្មោះពីភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់»។
សូមបញ្ជាក់ថា លោកស្រី ញឹក ជូឡុង-មាសកេត សមភ័ក្រ បានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ ៩៧ឆ្នាំ នៅម៉ោង២រសៀល នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ នេះបើតាមលោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ដែលបានផ្សព្វផ្សាយដំណឹងនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក។
លោកស្រី ញឹក ជូឡុង-មាសកេត សមភ័ក្រ ជាភរិយារបស់សម្តេច ញឹក ជូឡុង ដែលជាឥស្សរជនជាន់ខ្ពស់របស់កម្ពុជាមួយរូប កាលពីអតីតកាល។ សម្តេច ញឹក ជូឡុង ជាអ្នកមានភក្តីភាព និងដង្ហែតាមអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដើម្បីទាមទារឯករាជ្យពីអាណានិគមបារាំង៕
Tag:
ហ៊ុន សែន
ញឹក ជូឡុង មាសកេត
© រក្សាសិទ្ធិដោយ thmeythmey.com