ជាតិ
ពីនេះ ពីនោះ
សង្គមជាតិ
ការសិក្សា​បង្ហាញថា បុគ្គលិក​ធ្វើការ​នៅ​ក្រុមហ៊ុន​តូច សប្បាយចិត្ត​ជាង​អ្នក​នៅ​ក្រុមហ៊ុន​ធំ​
31, Dec 2016 , 9:59 am        
រូបភាព
ដោយ: ធីតា
​វិទ្យាស្ថាន The Happiness Research Institute របស់​ដា​ណឺ​ម៉ាក បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី Job Satisfaction Index 2016 ដែល​បង្ហាញ​ឲ្យ​ឃើញថា បុគ្គលិក​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​តូចតាច តែងតែមាន​ភាពសប្បាយ​រីករាយ​ជាង​បុគ្គលិក​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​ធំៗ​។​



​ការសិក្សា​ដែល​ធ្វើឡើង​នៅ​ដា​ណឺ​ម៉ាក ដែល​ត្រូវបានគេទទួលស្គាល់​ថា ជា​ប្រទេស​មាន​ភាព​រីករាយ​ជាងគេ​លើ​ពិភពលោក បាន​ផ្តោតលើ​ចំណុច​សំខាន់ៗ​មួយចំនួន រួមមាន ប្រាក់បៀវត្សរ៍ ការជះឥទ្ធិពល មិត្ត​រួមការ​ងារ សមិទ្ធផល  ការដឹកនាំ ជំនាញ ការតាំង​ចិត្ត និង​តុល្យភាព​នៃ​អាជីព និង​ជីវិត​រស់នៅ​។​

​លទ្ធផល​បាន​បង្ហាញថា មនុស្ស​ជាច្រើន​រីករាយ​ជាមួយ​បរិយាកាស​ការងារ ជាជាង​បង្ហាញ​អារម្មណ៍​រំភើប​ជាមួយ​ប្រាក់បៀវត្សរ៍​។ អ្នកជំនាញ​បានលើកឡើង​ថា បរិយាកាស​ការងារ​នៅ​ក្រុមហ៊ុន​តូចៗ មា​នស​ភាពល្អ​ច្រើនជាង​កន្លែង​ការងារ​ធំៗ ។​

​សញ្ញា​ដែល​ទាក់ទាញ​បុគ្គលិក​នៅ​ក្រុមហ៊ុន​តូចៗ​បំផុត​នោះ គឺ មោទកភាព​ចំពោះ​ការងារ​ខ្លួន ការទទួលបាន​បទពិសោធ​ន៍​លើ​វិជ្ជាជីវៈ មានការ​សម្រេច​ដើម្បី​ភាព​រីកចម្រើន​របស់​ស្ថាប័ន ការ​និង​ការ​មាន​អារម្មណ៍​លើ​ការអភិវឌ្ឍន៍​សមត្ថភាព​ផ្ទាល់ខ្លួន ជាដើម​។​

​ទាក់ទង​នឹង​ការតាំង​ចិត្ត​ក្នុងការ​បំពេញការងារ កន្លែង​ដែលមាន​បុគ្គលិក​តិចជាង​១០​នាក់ មាន​លក្ខណៈ​ល្អប្រសើរ​ជាង​កន្លែង​ដែលមាន​បុគ្គលិក​ចាប់ពី​១០​នាក់ ទៅ​៩៩​នាក់​។ រីឯ​កន្លែង​ដែលមាន​បុគ្គលិក​ពី​១០០ ទៅ​ប្រមាណ​៥០០​នាក់​នោះ អារម្មណ៍ល្អ​របស់​បុគ្គ​លិ​កមាន​ការធ្លាក់ចុះ​ជា​លំដាប់​។​

​របាយការណ៍ Job Satisfaction 2016 បានបង្ហាញ​ឲ្យ​ឃើញថា បុគ្គលិក​នៅ​ក្រុមហ៊ុន​តូចៗ យល់ថា ពួកគេ​ជា​ផ្នែក​មួយ​ពិតប្រាកដ​របស់​ក្រុមហ៊ុន និង​ជា​អ្នក​ដែលមាន​ឥទ្ធិពល​លើ​ការរីកចម្រើន​នានា​។ ករណីនេះ ខុសពី​ក្រុមហ៊ុន​ធំៗ ដែល​គម្លាត​រវាង​បុគ្គលិក និង​ថ្នាក់ដឹកនាំ​ហាក់ដូចជា​នៅ​ឆ្ងាយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com