ពីនេះ ពីនោះ
បើ​ឃើញ​គេ​សរសេរថា «​បណ្ឌិត្យ​»​មិនមែន​មានន័យថា​គេ​សរសេរ​ខុស​ឡើយ​
03, Dec 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ សាធារណជន ភាគច្រើន គឺ​ស្គាល់​តែ​ពាក្យ​ថា «​បណ្ឌិត​» ប៉ុន្តែ​អាច​មិនដែល​ជួប​ឡើយ​ពាក្យ​ថា «​បណ្ឌិត្យ​» រហូត​អាច​និយាយថា​ការសរសេរ​ជា​«​បណ្ឌិត្យ​» ជា​ពាក្យ​ខុស​។ វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពី​អត្ថន័យ​រវាង​ពាក្យ​ថា «​បណ្ឌិត​» និង​«​បណ្ឌិត្យ​» ដូចខាងក្រោម​៖


​ពាក្យ «​បណ្ឌិត​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​) មានន័យថា ជន​អ្នកមាន​ប្រាជ្ញា​ឈ្មោះ​បណ្ឌា​, ជន​អ្នកប្រព្រឹត្ត​ល្អ​គឺ​អ្នក​កាន់​សុចរិត​១០​ប្រការ​, ឬ​ដោយ​ពិស្ដារ​, កាន់​សុចរិត ៤០ ប្រការ​ដោយ​ខ្ជាប់ខ្ជួន​ហ្មត់ចត់​ជានិច្ច​, អ្នក​ប្រាជ្ញា​ខាង​ផ្លូវ​សុចរិតយុត្តិធម៌​។ ពាក្យផ្ទុយ គឺ​ពាល​។ ពាក្យ​សាធារណៈ​ថា អ្នក​មានចំណេះ​ជ្រៅជ្រះ​, អ្នក​ឈ្លាសវៃ​, អ្នកប្រាជ្ញ​។ តាម​ទម្លាប់​ខ្មែរ​ក្នុង​សម័យបុរាណ​ដែល​គេ​គោរព​ព្រះពុទ្ធសាសនា​ណាស់​, សូម្បី​គ្រហស្ថ​កំលោះ​ដែល​ទើប​សឹក​ចាក​ផ្នូ​ស​ថ្មីៗ គេ​ក៏​ហៅ​អ្នកនោះ​ថា​បណ្ឌិត ដែរ​, ហៅ​ក្លា​យមក​ថា ប​ន្ទិ​ត​, ហៅ​ក្លាយ​ឃ្លាត​មក​ថា អន្ទិត ព្រោះ​គេ​យល់ថា អ្នកនោះ​បាន​បួស មានការ​ចេះដឹង មាន​ចរិយា​មារយាទ ត្រឹមត្រូវ​...​។ ពាក្យសន្មត​ប្រើ​តាម​សម័យនិយម​, ហៅ​អ្នកមាន​វិជ្ជា​ថ្នាក់ខ្ពស់​ដែលមាន​សញ្ញាបត្រ ដុក​តូ​រ៉ាត៍​(Doctorat) ថា បណ្ឌិត ដុក​ទ័​រ​(Docteur) តាម​ឈ្មោះ​នៃ​វិទ្យាសាស្ត្រ នោះៗ ដូចជា វេជ្ជបណ្ឌិត​, បណ្ឌិតខាងច្បាប់​, បណ្ឌិត​ខាង​វិទ្យាសាស្ត្រ​..., បណ្ឌិត​ខាង​អក្សរសាស្ត្រ ជាដើម​...​។​
 
​ចំណែក​ពាក្យ​ថា «​បណ្ឌិត្យ​» មាន​ថ្នាក់​ពាក្យ​(​ន​)​ដូចគ្នា ប៉ុន្តែ​មានន័យថា ភាវៈនៃបណ្ឌិត​, សភាព​, ស្ថាន​, ទី​, តំណែង​...​នៃ​បណ្ឌិត​ដូចជា បណ្ឌិត្យសភា​, រាជបណ្ឌិត្យស្ថាន​ឬ រាជបណ្ឌិត្យសភា​, ពុទ្ធសាសនបណ្ឌិត្យ ជាដើម​។​
 
[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 

Tag:
 ភាសា​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com