អន្តរជាតិ
អ​.​ស​.​ប​.​ព្រួយបារម្ភ​អំពី​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​និង​មានការ​ភ័យខ្លាច​ក្រោម​រដ្ឋបាល​របស់លោក​ត្រាំ​
03, Dec 2016 , 2:16 pm        
រូបភាព
ដោយ: VOA
 
​ហ្សឺ​ណែវ​៖ មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ម្នាក់​និយាយថា លោក​មានការ​ព្រួយ​បា​ម្ភ​ថា រដ្ឋបាល​របស់លោក ត្រាំ ដែល​នឹង​ចូល​ដំណែង​នេះ អាចធ្វើ​ឲ្យ​ខូច​ដល់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីអំពី​បម្រែបម្រួល​អាកាសធាតុ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អ​.​ស​.​ប​. ក្នុងការ​បន្ថយ​កំណើន​នៃ​ការភ័យខ្លាច​ជនបរទេស​នៅ​ទូទាំង​ពិភពលោក​។​

 
​អគ្គលេខាធិការរង​អ​.​ស​.​ប​. លោក Jan Eliasson ដែល​នឹង​ចាក​ចេញពី​តំណែង​នៅ​ដំណាច់​ឆ្នាំនេះ ទទួលស្គាល់ថា ប្រធានាធិបតី​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​បែប​អវិជ្ជមាន​ម្តងម្កាល​អំពី​អង្គការ​អ​.​ស​.​ប​. ប៉ុន្តែ​លោក Eliasson និយាយថា លោក​សង្ឃឹមថា គំនិត​បែបនេះ​នឹង​គ្រាន់តែ​ជាការ​បំផ្លើស​ប៉ុណ្ណោះ ហើយ​ថា​ការផ្តល់​កន្លែង​សម្រាប់​ស្នាក់អាស្រ័យ (​សម្រាប់​ជនបរទេស​) អាច​នៅតែ​រកបាន​។​
 
«​ខ្ញុំ​បាន​ជួប​លោក ត្រាំ ផ្ទាល់ កាលពី​ពេលមុន​ក្នុងពេល​ខ្ញុំ​បំពេញ​តួនាទី​ទាំង​នៅ អ​.​ស​.​ប​. និង​ជា​ឯកអគ្គរដ្ឋទូត​នៅ​រដ្ឋធានី​វ៉ា​ស៊ី​តោន ហើយ​កាលនោះ​ខ្ញុំ​មិនបាន​ឃើញថា​លោក​មាន​អប្ប​កិរិយា​មិន​ពេញចិត្ត​នឹង​អង្គការសហប្រជាជាតិ​ទេ​»​។​
 
​លោក Eliasson បាន​កត់សម្គាល់ថា ស​.​រ​.​អា​. គឺជា​សមាជិក​ផ្តល់ជំនួយ​ឧបត្ថម​ដល់ អ​.​ស​.​ប​. ជា​អ្នក​រួមចំណែក​ដ៏​សំខាន់​មួយ​ចំពោះ​ការងារ​របស់​អង្គការ​នេះ ហើយក៏​ជា​អ្នក​ដែល​ទទួលផល​ប្រយោជន៍​ផងដែរ​។ លោក​និយាយថា មាន​ហេតុផល​ជាច្រើន​ដែល ស​.​រ​.​អា​. គួរតែ​បន្ត​ភាព​សកម្ម​ក្នុង​ការងារ​របស់ អ​.​ស​.​ប​.​។ ប៉ុន្តែ លោក​ប្រាប់ VOA ថា លោក​មានការ​ព្រួយបារម្ភ​មួយចំនួន​ទាក់ទង​នឹង​ទំនាក់ទំនង​រវាង​ស​.​រ​.​អា​. និង អ​.​ស​.​ឞ​. នាពេល​អនាគត​។​
 
«​ការព្រួយបារម្ភ​មួយ​នោះ​គឺ ទិសដៅ​ដែល​យើង​ត្រូវ​ទៅ និង​ការងារ​លើ​បម្រែបម្រួល​អាកាសធាតុ​។ វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​ដែល​យើង​ត្រូវ​ទទួលស្គាល់ថា នេះ​ជាការ​គំរាមកំហែង​ដែល​កើតមាន​ពិតប្រាកដ​។ បើសិន​រដ្ឋ​សមាជិក​មិន​ធ្វើតាម​គោលបំណង និង​ការប្តេជ្ញាចិត្ត​តាម​កិច្ចព្រមព្រៀង​ទេ យើង​នឹងមាន​បញ្ហា ជាពិសេស​បើសិន​ប្រទេស​សមាជិក​នោះ​ជា​ប្រទេស​ធំ​ដូច​សហរដ្ឋអាមេរិក​នោះ​»​។​
​លោក Eliasson និយាយថា​លោក​មានការ​ព្រួយបារម្ភ​ថា ជនភៀសខ្លួន​ដែល​កំពុងតែ​កើនឡើង និង​ស្ថានភាព​ចំណាកស្រុក កំពុង​បង្កើន​ការ​ស្អប់​ខ្ពស់​ទៅលើ​ជនបរទេស​នៅ​ជុំវិញ​ពិភពលោក​។ លោក​បាន​និយាយថា លោក​សង្ឃឹមថា​សហរដ្ឋ​អាមេរិក​នឹង​នៅតែ​បន្ត​តាំងចិត្ត​ទៅនឹង​យុទ្ធនាការ​របស់​អ​.​ស​.​ប ក្នុងការ​ទប់ទល់​នឹង​ការខ្លាច​ជនបរទេស​។​
 
​ដោយនិយាយ​ដល់​បញ្ហា​សាកល​ផ្សេងទៀត លោក Eliasson និយាយថា​លោក​ព្រួយបារម្ភ​ខ្លាំង​អំពី​ជម្លោះ​ដែល​កាន់តែ​អាក្រក់​ទៅៗ​នៅក្នុង​ប្រទេស​ស៊ី​រី ដែល​លោក​មិនឃើញ​មាន​សញ្ញា​ណាមួយ​ណា​ថា​នឹងមាន​ការចរចា​នយោបាយ​ណាមួយ​នាពេល​ឆាប់ៗ​ដើម្បី​បញ្ចប់សង្គ្រាម​នេះ​ទេ​។​
 
​ចំពោះ​បញ្ហា​ប្រទេស​ស៊ូដង់​ខាងត្បូង​វិញ លោក Eliasson និយាយថា​លោក​មានការ​បារម្ភ​ជាខ្លាំង​ដោយសារតែ​រុស្ស៊ី និង​ចិន​ទំនងជា​នឹង​វេតូ (​បដិសេធ​) ចំពោះ​ដំណោះស្រាយ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប​. ទាក់ទង​នឹង​ការដាក់ទណ្ឌកម្ម​អាវុធ ទៅលើ​ប្រទេស​នៅក្នុង​ទ្វីបអាហ្វ្រិក​មួយ​នេះ​។ លោក​និយាយថា លំហូរ​សព្វាវុធ​ទៅកាន់​ប្រទេសមួយ​ដែល​កំពុងមាន​ជម្លោះ គឺជា​គំនិត​ដ៏​អាក្រក់​មួយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com