ពីនេះ ពីនោះ
តើ​ពាក្យ «​សហប្រតិបត្តិការ​» និង​«​សហការ​» មានន័យ​ខុសគ្នា​ត្រង់ណា​?
06, Dec 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ពីរ​នេះ មាន​អត្ថន័យ​ស្រដៀង​គ្នា ឬ​អាច​ខុសគ្នា​បន្តិចបន្តួច​។ តែ​គេ​អាច​ប្រើប្រាស់​ក្នុង​បរិបទ​ខុសគ្នា​បន្តិច​។ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ក្នុង​ឃ្លា​នេះ «​សហប្រតិបត្តិការ​» អាច​ត្រូវបាន​គេ​ពន្យល់ថា ភាគី​ពីរ​ធ្វើ​កិច្ចការ​រួមគ្នា ក្នុង​គោលដៅ​តែមួយ​។ ឧទាហរណ៍ «​សហប្រតិបត្តិការ​»​វាង​ប្រទេស​កម្ពុជា និង​បារាំង​។ ឧទាហរណ៍​ខាងលើនេះ មានន័យថា ប្រទេស​ទាំងពីរ​សម្រេច​រួមគ្នា​ធ្វើ​កិច្ចការ​អ្វីមួយ​ដើម្បី​បំពេញ​គោលដៅ​រួមគ្នា​អ្វីមួយ​។ និយាយ​ក្នុងន័យ​សាមញ្ញ គឺថា គ្មាន​ភាគី​ណាមួយ​បង្ខំ ឬ​បញ្ចុះបញ្ចូល​ភាគី​ណាមួយ​ទៀត​ឲ្យ​ធ្វើ​អ្វីមួយ​ឡើយ​។ ភាគី​ទាំងពីរ​សម្រេច​រួមគ្នា ចង់​ធ្វើ​អ្វីមួយ ដើម្បី​គោលដៅ​រួមគ្នា​។ ពាក្យ​«​សហប្រតិបត្តិការ​» បង្កប់​អត្ថន័យ ភាគី​ទាំងពីរ មាន​សិទ្ធិអំណាច និង​ការសម្រេចចិត្ត​ស្មើគ្នា​។



​ចុះ​«​សហការ​»​វិញ​?

​ពាក្យ​ថា «​សហការ​» ក៏​មានន័យ​ស្រដៀង​ទៅនឹង​«​សហប្រតិបត្តិការ​»​ដែរ​។ តែ​លក្ខណៈ​ខុសគ្នា​បន្តិច​នោះ គឺ​នៅត្រង់ថា ភាគី «​ក​» ទៅ​សហការ​ជាមួយ​ភាគី​«​ខ​» ដើម្បី​សម្រេច​គោលដៅ​អ្វីមួយ ឬ​ផ្ទុយ​មកវិញ​។ ឧទាហរណ៍​ថា ក្រុមហ៊ុន​លោក «​ក​» ដំណើរការ​ហើយ តែ​លោក​«​ខ​»​សុំ​សហការ​ជាមួយ​លោក​«​ក​»​ដើម្បី​ពង្រីក​ការលក់​បន្ថែមទៀត​។ ពាក្យ​«​សហការ​» មិនបាន​បញ្ជាក់​អត្ថន័យ​ថា ភាគី​«​ក​» ឬ​«​ខ​»​ត្រូវមាន​សិទ្ធិ ឬ​អំណាច​ស្មើគ្នា​នោះទេ​។ ជារួម​គេ​គ្រាន់តែ​ដឹងថា ភាគី​«​ក​» និង​«​ខ​»​ធ្វើការ​«​សហការ​»​គ្នា​៕


© រក្សាសិទ្ធិដោយ thmeythmey.com