ជាតិ
អ្នក​រចនា​ម៉ូត​អលង្ការ​ជនជាតិ​ឆែក​ម្នាក់ ច្នៃ​មកុដ​សម្រាប់​ព្រះមហាក្សត្រ​ខ្មែរ​
05, Dec 2016 , 4:31 pm        
រូបភាព
Viktorie Beldová ដែលជា​អ្នក​រចនា​ម៉ូត​គ្រឿងអលង្កា​ដ៏​ល្បី​ម្នាក់​នៅ​សាធារណរដ្ឋ​ឆែក ធ្វើការ​ច្នៃ​មកុដ​ដ៏​ប្រណីត​មួយ ក្នុង​គោលបំណង​ថ្វាយ​ដល់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទុកជា​អនុស្សាវរីយ៍​។ ពិ​ព័រ​ណ៌​មកុដ «Crown for the King of Cambodia» របស់ Viktorie Beldová នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​១២ ខែធ្នូ នៅ​សាល​តាំង​ពិរ​ព័ណ៌ Kvalitar Gallery ក្នុង​ទីក្រុង​ប្រាក សាធារណរដ្ឋ​ឆែក​។​



​ទោះបីជា​មិនដែល​បាន​ជួប​ព្រះ​ភក្ត្រ ព្រះមហាក្សត្រ​កម្ពុជា ដោយផ្ទាល់​ក៏ដោយ អ្នក​រចនា​គ្រឿងអលង្ការ​ដ៏​ល្បី​ជនជាតិ​ឆែក Viktorie Beldová មានការ​គោរព​យ៉ាង​ជ្រាលជ្រៅ​។ អស់​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ ដែល​ផ្តួចផ្តើម​ក្នុងការ​រចនា​មកុដ​ស​ម្រា​ប់​ព្រះមហាក្សត្រ​ខ្មែរ​។​

​អ្នក​រចនា​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា​៖ «​ខ្ញុំ​រចនា​មកុដ​បែប​ច្នៃប្រឌិត​នេះ សម្រាប់​ការងារ​ស្រាវជ្រាវ​នៅ​សាលា​របស់ខ្ញុំ​។ ស្នាដៃ​នេះ​ធ្វើតាម​លំនាំ​រចនាបទ​ខ្មែរ​សុទ្ធសាធ​»​។​

Viktorie Beldová អះអាងថា គាត់​ព្យាយាម​ស្វែងរក​មធ្យោបាយ​ដើម្បី​ចូលគាល់​ព្រះមហាក្សត្រ​កម្ពុជា ជាពិសេស​តាមរយៈ​កុងស៊ុល ប៉ុន្តែ​មិនទាន់បាន​ចម្លើយ​យ៉ាងណា​នោះឡើយ​។ គាត់​ធ្លាប់បាន​មកដល់​ប្រទេស​កម្ពុជា​ចំនួន​២​លើក និង​មានការ​ជាប់ចិត្ត​យ៉ាងខ្លាំង​ចំពោះ​ប្រទេសមួយ​នេះ​។​

​មកុដ​ដែល​ច្នៃ​ដោយ Viktorie Beldová មានការ​លាយ​ផ្សំ​ភាគច្រើន​ពី​មាស និង​ប្រាក់ ដោយ​រំលេច​នូវ​ប្រាសាទអង្គរវត្ត ផ្កាឈូក និង​ពោធិ៍ព្រឹក្ស​។ ឪពុក និង​ជីតា​របស់ Viktorie ក៏​ធ្លាប់​រចនា​មកុដ​ដែល​យ​ក​លំនាំ​តាម​មកុដ​ពិត​របស់​ស្តេច Bohemia ផងដែរ ប៉ុន្តែ​សម្រាប់​មកុដ ដែល​គាត់​ច្នៃ និង​ចង់​ថ្វាយ​ព្រះមហា​ក្ស​ត្យ​ខ្មែរ​នោះ គឺជា​ការច្នៃប្រឌិត​សុទ្ធសាធ​។​

​យោងតាម​បណ្តាញសារព័ត៌មាន​នានា​របស់​សាធារណរដ្ឋ​ឆែក ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ជា​ព្រះមហាក្សត្រ​បរទេស​តែមួយ​អង្គ​គត់ ដែល​ចេះ​ភាសា​ឆែក​យ៉ាង​ស្ទាត់ជំនាញ​។ ពី​ឆ្នាំ​១៩៦២ ដល់​ឆ្នាំ​១៩៦៧ ព្រះអង្គ​បាន​សិក្សា​នៅ​សា​លាប​ឋា​មសិ​ក្សា និង​មធ្យមសិក្សា​នៅ​វិទ្យាល័យ​ប្រាក (​អតីត​ឆេ​កូ​ស្លូ​វ៉ា​គី​)​។​

​ពី​ឆ្នាំ​១៩៦៧ ដល់​ឆ្នាំ​១៩៧១ ព្រះអង្គ បាន​សិក្សា​ផ្នែក​សិល្បៈ របាំ​-​តូរ្យតន្ត្រី​-​ល្ខោន នៅ​វិទ្យាស្ថាន​អភិរក្ស​ជាតិ​ប្រាក​។ នៅ​ឆ្នាំ​១៩៧០ ព្រះអង្គ​ទទួល​សញ្ញាបត្រ​មធ្យមសិក្សា​នៅ​ប្រាក ជាមួយនឹង​និទ្ទេស​ល្អ​ណាស់ ហើយ​នៅ​ឆ្នាំ​១៩៧១ ព្រះអង្គ​ទទួលបាន​ជ័យលាភី​លេខ​១ ផ្នែក​របាំ​បុរាណ​នៅ​វិទ្យាស្ថាន​អភិរក្ស​ជាតិ​ប្រាក​។​

​ពី​ឆ្នាំ​១៩៧១ ដល់​ឆ្នាំ​១៩៧៥ ព្រះករុណា ព្រះមហាក្សត្រ បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​បណ្ឌិតសភា​ផ្នែក​សិល្បៈ​តន្ត្រី​ប្រាក ហើយ​ទទួលបាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​។ ព្រះអង្គ​បាន​ព្រះរាជ​និពន្ធ​និក្ខេបបទ​ស្តីពី​ទស្សនៈ និង​ការគ្រប់គ្រង​សាលា​សិល្បៈ​នៅ​កម្ពុជា​ផងដែរ​៕


Tag:
 ព្រះមហាក្សត្រ​
  ឆែក​
  មកុដ
© រក្សាសិទ្ធិដោយ thmeythmey.com