ជាតិ
សង្គមជាតិ
លីកាដូ​៖​ការ​បញ្ចាំ​ខ្លួន​ដោះបំណុល និង​ពលកម្ម​កុមារ ធ្វើ​ឲ្យ​គ្រួសារ​កម្មករ​ក្រ​ច្រើន​ជំនាន់ និង​រង​ការជិះជាន់​
05, Dec 2016 , 8:39 pm        
រូបភាព
រូបភាពពីអង្គការលីកាដូ
រូបភាពពីអង្គការលីកាដូ
​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស លីកាដូ បាន​រកឃើញថា​ការ​បញ្ចាំ​ខ្លួន​ដោះបំណុល​និង​ការប្រើប្រាស់​ពលកម្ម​កុមារ នៅ​បន្ត​កើត​មាននៅ​កម្ពុជា​។ លីកាដូ បាន​សន្និដ្ឋានថា​ការ​បញ្ចាំ​ខ្លួន​ដោះបំណុល និង​ពលកម្ម​កុមារ​នេះ ធ្វើ​ឲ្យ​គ្រួសារ​កម្មករ​ជាច្រើន​ជំនាន់​ក្រីក្រ និង​រង​ការជិះជាន់​។



​អង្គការ​បានចេញ​ផ្សាយ​របាយការន៍​មួយ​មាន​ចំណងជើង​ថា​៖«​ការអភិវឌ្ឍ​លើ​ទាសភាព​៖ ការ​បញ្ចាំ​ខ្លួន​ដោះបំណុល និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា​» នៅ​ថ្ងៃទី​២ ខែធ្នូ ជា​ថ្ងៃ​ទិវា​អន្តរជាតិ​លុបបំបាត់​អំពើ​ទាសភាព​។ នៅក្នុង​របាយការណ៍​នេះ លីកាដូ​រកឃើញថា ការ​បញ្ចាំ​ខ្លួន​ដោះបំណុល​និង​ការប្រើប្រាស់​ពលកម្ម​កុមារ កំពុងតែបន្ត​កើតមានឡើង នៅ​កម្ពុជា បើទោះបីជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនបាន​ខិតខំ​ប្រឹងប្រែង​លុបបំបាត់​បទល្មើស​ទាំងនេះ​ក៏ដោយ​។​

​លោក អំ សំអាត មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ  បានបញ្ជាក់​នៅក្នុង​របា​យ​ការណ៍​នោះ​ថា  ការ​បញ្ចាំ​ខ្លួន​ដោះបំណុល និង​ពលកម្ម​កុមារ គឺមាន​ច្រើន​នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា​។ ទីតាំង​សិប្បកម្ម​ជាច្រើន មាន​ចម្ងាយ​ត្រឹមតែ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​តែប៉ុណ្ណោះ ខណៈ​ប៉ុស្ដិ៍នគរបាល​និង​សាលាឃុំ​/​សង្កាត់ ក៏មាន​ទីតាំង​ស្ថិត​នៅក្បែរនោះ ហើយ​អាជ្ញាធរ​ដឹង​យ៉ាងច្បាស់​ថា មាន​អ្វី​កំពុង​កើត​មាននៅ​ខាងក្នុង​សិប្បកម្ម​ទាំងនោះ​។ លោក​បាន​ចាត់ទុកថា វា​ជា​រឿង​មិន​ត្រឹមត្រូវ​ដែល​បញ្ហា​នេះ​បន្ត​កើតមានឡើង ហើយ​រដ្ឋាភិបាល​ត្រូវតែ​ធ្វើ​អន្តរា​គម​ជាបន្ទាន់ ដើម្បី​បញ្ឈប់​សកម្មភាព​ទាំងអស់នេះ​។​

​បើតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​លីកាដូ របាយការណ៍​នេះ​ធ្វើឡើង​ដោយ​ផ្អែកលើ​ការសិក្សា​ស្រាវជ្រាវ​លើ​តំបន់​ផលិត​ឥដ្ឋ​សំខាន់ៗ​នៅ​កម្ពុជា ដែលមាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ។ ទីតាំង​ចំនួន​១១​កន្លែង ត្រូវបាន​រកឃើញថា​មាន​សិប្បកម្ម​ផលិត​ឥដ្ឋ​ជាង​១០០ និង​មាន​កម្មករ​រាប់ពាន់នាក់ ហើយ​ការសិក្សា​ស្រាវជ្រាវ​នេះ មាន​រួមបញ្ចូល​បទ​សម្ភាស​ជាមួយ​កម្មករ​ប្រហែលជា​៥០​នាក់ ដែលជា​មនុស្សពេញវ័យ និង​កុមារ​។  របាយការណ៍​នេះ ក៏មាន​ពិពណ៌នា​លម្អិត​ពី​មធ្យោបាយ ដែល​ម្ចាស់​សិប្បកម្ម​ជ្រើសរើស​កម្មករ​ឲ្យ​ធ្វើការ​ក្នុង​សិប្បកម្ម​របស់ខ្លួន​ដែរ​។ ម្ចាស់​សិប្បកម្ម​ទាំងនោះ បានផ្តល់​ប្រាក់កម្ចី និង​កន្លែង​ស្នាក់នៅ​ដល់​គ្រួសារ​ទីទ័លក្រ ដោយ​ការសន្យា​របស់​កម្មករ​ថា អ្នក​ទាំងនោះ​ត្រូវ​ធ្វើការ​ក្នុង​សិប្បកម្ម​រហូតដល់​ប្រាក់កម្ចី ត្រូវបាន​ទូទាត់​សង​វិញ​គ្រប់​ចំនួន​។

​ទោះបីជា​យ៉ាងណាក៏ដោយ ប្រាក់​ឈ្នួល​ពលកម្ម​នៅក្នុង​សិប្បកម្ម គឺ​ទាប​ណាស់ ដែល​កម្មករ​អាច​ត្រឹមតែ​រកប្រាក់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​តែប៉ុណ្ណោះ មិនអាច​សងបំណុល​ម្ចាស់​សិប្បកម្ម​វិញ​បានទេ ហើយ​កម្មករ​ជាច្រើន បាន​ខ្ចីប្រាក់​បន្ថែម​ជាច្រើន​ទៀត​ពី​ម្ចាស់​សិប្បកម្ម​។ ជាទូទៅ​មូលហេតុ​ដំបូង​ដែល​គ្រួសារ​កម្មករ​ខ្ចីប្រាក់ គឺ​មកពី​ការឈឺ​ស្កាត់​នៅក្នុង​គ្រួសារ ឬ​ទិន្នផល​ដំណាំ​មិនល្អ​។ ប្រាក់កម្ចី​ដំបូង​មាន​ចំនួន​តិច​ទេ គឺ​ត្រឹមតែ​២០០ ទៅ ៣០០ ដុល្លារ​តែប៉ុណ្ណោះ ប៉ុន្តែ​រយៈពេល​កាន់តែ​យូរៗ​ទៅ ប្រាក់​បំណុល​កាន់តែ​កើនឡើង​។ កម្មករ​ដែល​បានផ្ដល់​ការសម្ភាសន៍​ក្នុង​ការសិក្សា​ស្រាវជ្រាវ​នេះ មាន​ជាប់ជំពាក់​បំណុល​ជា​សរុប​ចាប់ពី ១​ពាន់​ដុល្លារ ទៅ​៦​ពាន់​ដុល្លារ ជា​ចំនួន​ទឹកប្រាក់​មួយ​ដែល​អ្នក​ទាំងនោះ​មិនអាច​មានលទ្ធភាព​សង​អស់​ឡើយ​។ នៅពេល​ប្រាក់​បំណុល​ឈានដល់​កម្រិត​នេះ វា​អាច​នឹងត្រូវ​បន្ត​សង​ដោយ​គ្រួសារ​មួយ​ជំនាន់​ទៅ​គ្រួសារ​មួយ​ជំនាន់​ទៀត ហើយ​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា គ្រួសារ​មួយចំនួន​ត្រូវ​ធ្វើការ​ដើម្បី​សងបំណុល​អស់ ៣ ជំនាន់​មកហើយ​។​

​កុមារ​ជាច្រើន​កំពុងធ្វើការ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ ហើយ​នៅក្នុង​តំបន់​ដែល​បាន​សិក្សា​ស្រាវជ្រាវ មាន ម្តាយ​ឪពុក​ស្ទើរតែ​ទាំងអស់​បាន​និយាយថា ទោះបីជា​យ៉ាងណា​កូន​របស់​ពួកគាត់​មួយ​ចំនូ​ន បាន​ជួយ​ធ្វើការ​។ នេះ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​ដោយសារ កម្មករ​ទទួលបាន​ប្រាក់​ឈ្នួល​តាម​ចំនួន​ផលិតផល ជាជាង​ប្រាក់​ឈ្នួល​ប្រចាំខែ​។ នេះ​មានន័យថា ប្រសិនបើ​សមាជិកគ្រួសារ​ច្រើន​ចូលរួម​ជួយ​ធ្វើការ នោះ​ចំនួន​ផលិតផល​ឥដ្ឋ​នឹង​កើនឡើង ហើយ​ប្រាក់ចំណូល​របស់​គ្រួសារ​ក៏​នឹង​កើនឡើង​ផងដែរ​។​

​ណា​លី ពី​ឡូ​ក នាយិកា​រង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ​បាន​មានប្រសាសន៍ថា ម្តាយ​ឪពុក​មិន​ចង់​ឲ្យ កូនៗ​របស់ខ្លួន​ទៅធ្វើ​ការ​នោះទេ​។ អ្នក​ទាំងនោះ​ដឹងថា វា​ពិត​ជាមាន​គ្រោះថ្នាក់ ហើយ​ចង់​ឲ្យ​កូនៗ​របស់ខ្លួន​ទៅ​សាលារៀន​និង​មាន​អនាគត​ល្អ ប៉ុន្តែ​ដោយសារ​ប្រាក់​ឈ្នួល​មានតម្លៃ​ទាប​ពេក ដែល​អ្នក​ទាំងនោះ​មិនអាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​និង​ដោយសារ​គ្មាន​ជម្រើស​។ ជា​លទ្ធផល កុមារ​ទាំងនោះ​ត្រូវ​ធ្លាក់ចូល​ក្នុងស្ថានភាព​ជំពាក់​បំណុល​ដូច​ម្តាយ​ឪពុក​របស់​ពួកគេ​ដែរ​។​

​របាយការណ៍​នេះ ក៏មាន​បង្ហាញ​ពី​លក្ខខណ្ឌ​ការងារ ដែល​ប្រកបដោយ​គ្រោះថ្នាក់​នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ និង​កង្វះខាត​អនាម័យ​នៃ​ការ​រស់នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​។  នៅក្នុង​របាយការណ៍​មាន​បង្ហាញ​ឧទាហរណ៍​មួយចំនួន ស្ដីពី​ការរង​របួស​របស់​ក​ម្មករ ជាពិសេស​កុមារ​ដែល​បាន​ក្លាយជា​កុមារ​ពិការ​ដៃ​ដោយសារ​ម៉ាស៊ីន​ផលិត​ឥដ្ឋ​។ របាយការណ៍​ក៏បាន​រកឃើញថា ដោយសារតែ​ភាពភ័យខ្លាច និង​ផលវិបាក​នៃ​ការពឹងផ្អែក​ទាំងស្រុង​លើ​ម្ចាស់​សិប្បកម្ម កម្មករ​ជាច្រើន​គ្មាន​បំណង​តវ៉ា​ប្រឆាំង​ទៅនឹង​លក្ខខណ្ឌ​ដ៏​លំបាក​របស់​ពួកគាត់​នោះទេ ហើយ​បើទោះបីជា​ម្ចាស់​សិប្បកម្ម​រំលោភ​លើ​ច្បាប់ព្រហ្មទណ្ឌ និង​ច្បាប់រដ្ឋប្បវេណី ក៏​អាជ្ញាធរ​ដែលមាន​តួនាទី​ក្នុងការ​អនុវត្ត​ច្បាប់ មិនបាន​ចាត់វិធានការ​លើ​បញ្ហា​ទាំង​នេះដែរ​។​

​របាយការណ៍​សន្និដ្ឋាន​ជារួម​ថា ការអនុវត្ត​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះបំណុល និង​ពលកម្ម​កុមារ​ធ្វើ​ឲ្យ​គ្រួសារ​កម្មករ​ជាច្រើន​ជំនាន់​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ និង​ការជិះជាន់​ឥតឈប់ឈរ​។ អ្នកទទួលបាន​ផលប្រយោជន៍​ពី​ការអនុវត្ត​បែបនេះ​គឺ ម្ចាស់​សិប្បកម្ម​ដែល​ចំណេញ​លើ​ថ្លៃ​ពលកម្ម​ទាប និង​ងាយស្រួល​ក្នុងការ​កេងប្រវ័ញ្ច អ្នកទិញ​ឥដ្ឋ​ចាប់ពី​ទ្រង់ទ្រាយ​ឯកជន​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ ដែល​អាច​ទិញ​ឥដ្ឋ​ក្នុងតម្លៃ​ទាប មិន​សម​នឹង​កម្លាំង​ពលកម្ម​របស់​កម្មករ​ទាំងអស់នោះ​ក្នុងការ​ផលិត​ឡើយ​។

​តាមរយៈ​របាយការណ៍​នេះ លីកាដូ​សំណូមពរ​ដោយ​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ដោយ​ការចេញ​បទបញ្ជា​ជាបន្ទាន់ ក្នុងការ​លុបចោល​បំណុល​ដែលមាន រវាង​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ និង​កម្មករ​បញ្ចាំ​ខ្លួន​ដោះបំណុល ដើម្បី​ដោះលែង​ពួកគេ​។ របាយការណ៍​នេះ ក៏បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស ធ្វើយ៉ាងណា​ធានាថា​វិនិយោគិន​បរទេស បានដឹង​ពី​មធ្យោបាយ​ក្នុងការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះបំណុល និង​ពលកម្ម​កុមារ ក្នុង​ឧស្សាហកម្ម​សំណង់​កម្ពុជា និង​ដើម្បី​គាំទ្រ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​លុបបំបាត់​នូវ​បញ្ហា​ទាំងអស់នេះ​៕


Tag:
 លីកាដូ​
 ​ បំណុល​
 ​ ពលកម្ម​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com