ពីនេះ ពីនោះ
ពេលខ្លះ​មន្ត្រី និង​ច្បាប់ សាហាវ​ជាង​ខ្លា ទៀតផង​
06, Dec 2016 , 4:13 pm        
រូបភាព
ដោយ: ថ្មីៗ
​ដកស្រង់​ចេញពី​សៀវភៅ ខុង​ជឺ ដែល​ប្រែ​សម្រួល​ដោយ​លោក គឹម ចាន់ណា និង​ត្រូវបាន​បោះពុម្ព​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ Mind Books​។​



​ខុង​ជឺ ធ្វើដំណើរ​ទៅ​នគរ​ឈី​។ ខណៈពេល​កំពុង​ឆ្លងកាត់​តាម​ជើងភ្នំ​ថៃ​សាន គាត់​ក៏​បានឮ​សំឡេង​ស្ត្រី​ម្នាក់​ស្រែកយំ​គួរ​ឲ្យ​ឈឺចាប់​ខ្លោចផ្សារ​។​

​ខុង​ជឺ ពោល «​សំឡេង​ទ្រហោយំ​នេះ​បញ្ជាក់ថា យ៉ាងហោចណាស់​ក៏មាន​រឿង​ឈឺចាប់​ខូចចិត្ត​មួយ​រឿង​ដែរ ទើប​បញ្ជូន ជឺ​កុង ឲ្យ​ទៅ​សាកសួរ​មើល​។​

​ស្ត្រី​ម្នាក់​នោះ​ប្រាប់ថា «​ជីតា​ខ្ញុំ​ត្រូវ​ខ្លាខាំ​ស្លាប់ ស្វាមី​ខ្ញុំ​ក៏​ដូចគ្នា​អញ្ចឹង​ដែរ​! មកដល់​ថ្ងៃនេះ​កូន​របស់ខ្ញុំ​ក៏ត្រូវ​ខ្លាខាំ​ស្លាប់​ទៀត​»

​ជឺ​កុង នឹក​ឆ្ងល់​ជាខ្លាំង ក៏​សួរថា «​ហេតុអ្វី​មិន​ដូរ​ទីលំនៅ​តាំងពី​ពេលដែល​ជីតា​ត្រូវ​ខ្លាខាំ​ស្លាប់​ឲ្យ​ហើយ​ទៅ​?»

​ស្ត្រី​នោះ​ឆ្លើយថា «​ទោះជា​នៅ​កន្លែង​នេះ​មាន​ខ្លា​ស៊ីម​នុស្ស តែ​វា​គ្មាន​រាជការ និង​ច្បាប់​ដាក់ទោស​ដ៏​ឃោរឃៅ​ឡើយ​»​។​

​ជឺ​កុង ក៏​ត្រឡប់​ទៅ​រៀបរាប់​ឲ្យ ខុង​ជឺ ស្តាប់​។​

​ខុង​ជឺ ពោលថា «​ពួក​ឯង​ទាំងអស់គ្នា​ត្រូវ​ចាំ​ឲ្យ​ច្បាស់​ថា មន្ត្រីរាជការ និង​ច្បាប់​ដែល​ដាក់​ទោសទណ្ឌ​ដ៏​ឃោរឃៅ ជួនកាល​គួរ​ឲ្យ​ខ្លាច​ជាង​ខ្លា​ស៊ី​មនុស្ស​ទៅទៀត​»៕


© រក្សាសិទ្ធិដោយ thmeythmey.com