អន្តរជាតិ
កងទ័ព​ជប៉ុន​វាយប្រហារ​មូលដ្ឋានទ័ព​អាមេរិក Pearl Harbor ថ្ងៃនេះ ៧៥​ឆ្នាំមុន​
07, Dec 2016 , 8:47 am        
រូបភាព
រូបភាព៖ militaryimage
រូបភាព៖ militaryimage
​ថ្ងៃទី ៧​ខែធ្នូ​ឆ្នាំ ២០១៦​នេះ​ជា​ខួប​លើក​ទី ៧៥​នៃ​ការវាយប្រហារ​របស់​ជ​ប៉ុន​លើ​មូលដ្ឋាន​យោធា​អាមេរិក​នៅ Pearl Harbor នៃ​កោះ​ហា​វ៉ៃ​។ ការវាយប្រហារ ដោយ​មិន​ប្រកាស​ឲ្យ​ដឹង​មុននេះ​បានសម្លាប់​កងទ័ព​អាមេរិក​យ៉ាងហោចណាស់ ២៤០០​នាក់ និង​កម្ទេច​នាវាចម្បាំង​ជិត ២០​គ្រឿង​។ សកម្មភាព​បង្ករឿង​របស់​ជប៉ុន​នេះ​បង្ខំ​ឲ្យ​សហរដ្ឋអាមេរិក​ប្រកាសសង្គ្រាម​ប្រឆាំង​ជប៉ុន​និង​ចូលប្រឡូក​ក្នុង​សង្គ្រាមលោកលើកទី​២ ។

 

 
​ព្រលឹម​ស្រាងៗ ថ្ងៃ​៧ ខែវិច្ឆិកា​ឆ្នាំ ១៩៤១ កងទ័ព​ជប៉ុន​បាន​វាយប្រហារ​លើ​កំពង់ផែ Pearl Harbor ដែលជា​មូលដ្ឋាន​ទ័ពជើងទឹក​អាមេរិក​ធំ​បំផុត​មួយ​នៅ​ទីក្រុង​ហូ​ណូ​លូ​លូ​នៃ កោះ​ហា​វ៉ៃ ។ គ្មាន​អ្នកណាម្នាក់​ធ្លាប់​គិតថា ជប៉ុន​ថ្លើមធំ​ហ៊ាន​ចាប់ផ្តើម​សង្គ្រាម​ប្រឆាំង​អាមេរិក​ដូច្នេះ​ទេ ហើយ​ណាមួយ​អាមេរិក​កាលនោះ​នៅ​សម្ងំ​មិន​ប្រឡូក​ក្នុង​សង្គ្រាមលោកលើកទី​២ ឡើយ​។ ប៉ុន្តែ​អាមេរិក​មិន​ពេញចិត្ត​ឥរិយាបថ​របស់​ជប៉ុន​តាំងពី​យូរ​មកហើយ ក្រោយ​ពេលដែល​ជប៉ុន​ប្រកាសសង្គ្រាម​ប្រឆាំង​ចិន ឆ្នាំ ១៩៣៧ នោះ​។

​ត្រឡប់មកវិញ ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​ទា​ហាន​ជប៉ុន​នេះ​បានសម្លាប់​ទ័ព​និង​ជន​ស៊ីវិល​អាមេរិក​ច្រើន​ជា ២៤០០ នាក់ ហើយ​វា​ក៏​កម្ទេច​នាវាចម្បាំង​អាមេរិក​ជិត​២០​គ្រឿង​ដែល​ក្នុងចំណោម​នោះ​មាន​នាវាចម្បាំង​ធុន​ធ្ងន់​៨​គ្រឿង​ដែរ ។ ក្រៅពីនេះ ការវាយប្រហារ​របស់​ជប៉ុន​នេះ ធ្វើ​ឲ្យ​យន្តហោះ​ចម្បាំង ១៦០​គ្រឿង​ខ្ទេចខ្ទីរ​ទាំងស្រុង និង​យន្តហោះ​១៥០ គ្រឿង​ផ្សេងទៀត​ខូចខាត​ធ្ងន់ធ្ងរ​។
 
​ការ​វាយកម្ទេច​មូលដ្ឋាន​យោធា​អាមេរិក​នៅ​ហា​វ៉ៃ​យ៉ាងដំណំ​នេះ​ជា យុទ្ធសាស្ត្រ​របស់​ចក្រពត្តិ​ជប៉ុន​សម័យ​នោះ​ដើម្បី ដណ្តើម​កាន់កាប់​និង​ការពារ​ទឹកដី​អាណានិគម​នៅ​អាស៊ី​ដែល​លោកខាងលិច​ធ្លាប់​កាន់កាប់​។​
 
 តែ​ទង្វើ​គឃ្លើន​របស់​ជប៉ុន​បាន​បង្ខំ​ឲ្យ​អាមេរិក​ដែល​មិនបាន​ខ្វល់​រឿង​សង្គ្រាមលោកលើកទី​២​នោះ ហក់​ចូលប្រឡូក​នឹង​គេ​ដែរ​។ មួយថ្ងៃ​ក្រោយ​ជប៉ុន​វាយប្រហារ ប្រធានាធិបតី​អាមេរិក​លោក Franklin D. Roosevelt បានសម្រេច​ប្រកាសសង្គ្រាម​ប្រឆាំង​ជប៉ុន​តែម្តង​។
 
​យ៉ាងណា​កដោយ កំពង់ផែ Pearl Harbor បច្ចុប្បន្ន​បាន​ក្លាយជា​ទីកន្លែង​សម្រាប់អ្នកទេសចរ​ចូលទៅ​ទស្សនា​និង​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ដ៏​ខ្លោចផ្សា​នេះ ហើយ​វា​ក៏បាន​ក្លាយជា​ទីកន្លែង​សម្រាប់​រំឭក​វិ​ញ្ញា​ក្ខ័​ន្ធ​ទាហាន​និង​ប្រជាជន​អាមេរិក​ពលី​ក្នុងការ​វាយប្រហារ​បស់​ទ័ព​ជប៉ុន ។ ហើយ​នាវា​ពីរ​គ្រឿង USS Arizona និង USS Oklahoma ដែល​ស្ថិត​ក្នុងចំណោម​នាវាចម្បាំង​អាមេរិក​ដែល​រង​ការបំផ្លាញ នោះ​ក្លាយជា​ខ្មោច​នាវា​កប់​នៅក្នុង​សមុទ្រ​សម្រាប់អ្នកទេសចរ​ទស្ស​នា​។​

​សូម​ទស្សនា​រូបភាព​នៅ​កំពង់ផែ​ប្រវត្តិសាស្ត្រ និង​ទីក​ន្លែ​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​ពលី​ក្នុងពេលនោះ​៖















































Tag:
 Pearl Harbor
  ហា​វ៉ៃ​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com