ជាតិ
សង្គមជាតិ
​ក្រសួងសុខាភិបាល ហាម​មិន​ឲ្យ​គ្រូពេទ្យ​ព្យួរសេរ៉ូម​អ្នកជំងឺ​ពេល​ដឹកតាម​​ម៉ូតូ​
08, Dec 2016 , 9:52 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
ដោយ: ថ្មីៗ
 ក្រសួងសុខាភិបាល បានចេញ​សារាចរ​ណែនាំ បង្គាប់​ឲ្យ​គ្រូពេទ្យ​ទាំងអស់ ត្រូវគោរព​វិជ្ជាជីវៈ​របស់ខ្លួន​ឲ្យ​បានល្អ ។ សារាចរ​នោះ បាន​បញ្ជាក់ថា កន្លងមក​មាន​គ្រូពេទ្យ​ខ្លះ​ព្យួរសេរ៉ូម​ដល់​អ្នកជំងឺ ហើយ​ឲ្យ​អ្នកជំងឺ​ជិះ​ម៉ូតូ​នៅតាម​ដងផ្លូវ​សាធារណៈ ដែល​ខុស​នឹង​វិជ្ជាជីវៈ​។



​សារាចរ​ណែនាំ​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី ៧ ខែធ្នូ ស្តីពី​ការមិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ការព្យួរ​សេរ៉ូម​ដោយ​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​សាធារណៈ បាន​លើកឡើងថា កន្លងមក​មាន​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ខ្លះ មិនទាន់​អនុវត្តតាម​សារាចរ​ណែនាំ​របស់​ក្រសួង​ត្រឹមត្រូវ​ឡើយ ដូចជា ការព្យាបាល​អ្នកជំងឺ​ដោយ​ដាក់​សេរ៉ូម​ធ្វើដំណើរ​ពី​មន្ទីរពេទ្យ ឬ​គ្លី​និ​ច​ផ្ទះ​ពេទ្យ ទៅកាន់​ផ្ទះ​របស់​អ្នកជំងឺ​។ ក្រសួង​ចាត់ទុក​ទង្វើ​នេះ​ថា  ជាការ​ប្រាសចាក​ពី​ក្រមសីលធម៌ វិជ្ជាជីវៈ​ពេទ្យ​។ 
 
​ចំណុច​ទី ១ នៃ​សារាចរ​នោះ បានបញ្ជាក់​យ៉ាងនេះ​ថា​៖«​រាល់​គ្រប់​សេវា​ព្យា​ល​បាល​ថែទាំ​ទាំងអស់ ទាំង​សេវាសា​ធា​រណ និង​ឯកជន ត្រូវ​បញ្ឈប់​ការដាក់​សេរ៉ូម ព្យួរ​តាម​ដងផ្លូវ​សាធារណៈ លើកលែងតែ​គ្រូពេទ្យ​ព្យាបាល យល់ថា នេះ​ជា​ករណី​សង្គ្រោះបន្ទាន់ ក្នុងការ​បញ្ជូន​អ្នកជំងឺ ទៅកាន់​មន្ទីរពេទ្យ​ដោយមាន​រថយន្ត​សង្គ្រោះ​ត្រឹមត្រូវ​»​។ ជាមួយគ្នានេះ ក្រសួង​ក៏​ណែនាំ​ដល់​គ្រូពេទ្យ អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រឹមត្រូវ ចំពោះ​ការពិនិត្យ​ព្យាបាល​ជំងឺ ដោយ​គោរព​តាម​និយាម​វិ​ជ្ជា​ជីវៈ​បច្ចេកទេស​សុខាភិបាល និង​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ ក្នុងការ​ជួយសង្គ្រោះ​ជីវិត​ឲ្យ​បាន​ទាន់ពេល​។​
 
​បន្ថែម​ពីលើ​នេះ សារាចរ​របស់​ក្រសួង ក៏​ប្រាប់​អ្នក​ប្រកប​វិជ្ជាជី​វៈ​ពេទ្យ​នេះ ពោលគឺ​ពេទ្យ​ត្រូវធ្វើ​ការពន្យល់ បកស្រាយ ឆ្លើយតប រាល់​សំណូមពរ​ទាំងឡាយ ពី​ប្រជាពលរដ្ឋ ដែលជា​អ្នកជំងឺ​នូវ​ស្ថានភាព​ជំងឺ សារៈសំខាន់ និង​ផលវិបាក​នៃ​ការវះកាត់ ព្រមទាំង​ការប្រើប្រាស​ឱសថ ក្នុងនោះ​មាន​សេរ៉ូម​ដែល​មិនមាន​ការចាំបាច់​ផងដែរ​។ 

Tag:
 ម៉​ម ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com