អន្តរជាតិ
អគ្គលេខាធិការ UN ថ្មី ស្បថ​ចូលកាន់​តំណែង ហើយ​សន្យា​នាំ​ការផ្លាស់ប្ដូរ​
13, Dec 2016 , 11:17 am        
រូបភាព
អគ្គលេខាធិការជ្រើសតាំង António Guterres ស្បថចូលកាន់តំណែង (រូបភាព UN)
អគ្គលេខាធិការជ្រើសតាំង António Guterres ស្បថចូលកាន់តំណែង (រូបភាព UN)
​អគ្គលេខាធិការ​ថ្មី​អង្គការសហប្រជាជាតិ​លោក António Guterres បាន​ស្បថ​ចូលកាន់​តំណែង​ហើយ​នៅ​ថ្ងៃទី​១២ ខែធ្នូ ដើម្បី​ជំនួស​លោក បាន គី​មូ​ន ដែល​ចប់​អាណត្តិ​។ លោក​សន្យា​ផ្លាស់ប្ដូរ​អង្គការ​អន្តររដ្ឋាភិបាល​មួយ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ន​រាប់ទាំង​ជម្លោះ​នៅ​ស៊ី​រី វិបត្តិ​ជនភៀសខ្លួន និង​បម្រែបម្រួល​អាកាសធាតុ​។​



​អតីត​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់ António Guterres បាន​ស្បថ​ចូលកាន់​តំណែង​ជា​អគ្គលេខាធិការ​ទី​៩ របស់​អង្គការ​សហ​ប្រជា​តិ ហើយ​អាណត្តិ​៥​ឆ្នាំ​របស់លោក​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៧ ។ លោក​ត្រូវ​ចូល​ជំនួស​អគ្គលេខាធិការ​ចាស់ បាន គី​មូ​ន ដែល​នឹង​ចប់​អាណត្តិ​នៅ​ដំណាច់ឆ្នាំ​២០១៦ ។ ការងារ​ជាច្រើន​កំពុង​រង់ចាំ​អគ្គលេខាធិការ​ថ្មី ហើយ​វា​ក៏​ចំ​ពេលដែល​អាមេរិក​ត្រៀម​ផ្លាស់ប្ដូរ​មេដឹកនាំ​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​ដែល​ធ្វើឡើង​នៅ​មហាសន្និបាត​នៅ​ថ្ងៃទី​១២ ខែធ្នូ លោក António Guterres និយាយថា អង្គការសហប្រជាជាតិ ត្រូវតែ​រហ័សរហួន និង​មាន​សមត្ថភាព​បំពេញការងារ​ប្រកបដោយ​ប្រសិទ្ធភាព​។ លោក​បន្តថា អង្គការ​ពិភពលោក​នេះ ក៏​ត្រូវតែ​ផ្ដោត​ឲ្យ​ច្រើន​លើ​ការបែងចែក​ការងារ និង​ធនធានមនុស្ស តែ​មិន​ត្រូវផ្ដោត​ខ្លាំង​លើ​ដំណើរការ​សាំញ៉ាំ និង​ការិយាធិបតេយ្យ​ឡើយ​។

​អគ្គលេខាធិការ​ថ្មី​រូបនេះ ក៏​មិន​ភ្លេច​លើកសរសើរ​លោក បាន គី​មូ​ន ចំពោះ​កិច្ច​ការដែល​លោក​បំពេញ​នាពេល​១០​ឆ្នាំ​មកនេះ​។ លោក António Guterres អះអាងថា ការដឹកនាំ​ប្រកបដោយ​សីលធម៌​របស់លោក បាន គី​មូ​ន បាន​ជួយ​តម្រង់​អនាគត​របស់​អង្គការសហប្រជាជាតិ តាមរយៈ​ការដាក់ចេញ​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព​, ការតាំង​ចិត្ត​សម្រាប់​សន្តិភាព​និង​ស្ថិរភាព ក៏ដូចជា​គំនិត​ផ្ដួចផ្ដើម​ដែល​ទុក​ប្រជាជន​ជា​រឿង​សំខាន់​នៅក្នុង​ការងារ​របស់​អង្គការសហប្រជាជាតិ​។​

​ជាមួយនឹង​ការស្បថ​ចូលកាន់​តំណែង​នេះ ប្រមុខ​ថ្មី​របស់​អង្គការសហប្រជាជាតិ បានដាក់​ចេញ​ចំណុច​យុទ្ធសាស្ត្រ​អាទិភាព​បីដូច​ជា ការងារ​សន្តិភាព ការគាំទ្រ​ការអភិវឌ្ឍ​ចីរភាព និង​កំណែទម្រង់​ផ្ទៃក្នុង​របស់​អង្គការ​នេះ​ផ្ទាល់​។ ទាក់ទិន​នឹង​បញ្ហា​សន្តិភាព​នេះ លោក Guterres កត់សម្គាល់ថា អង្គការសហប្រជាជាតិ បំពេញការងារ​រក្សា​សន្តិភាព​នៅ​កន្លែង​ដែល​គ្មាន​សន្តិភាព​។ ដូច្នេះ​ការកែទម្រង់​គឺជា​រឿង​ចាំបាច់​។​

​ការងារ​សំខាន់​មួយទៀត គឺ​ការកែទម្រង់​របៀប​ធ្វើការ​របស់​អង្គការសហប្រជាជាតិ ដែល​រង​ការរិះគន់​ខ្លាំង​។ លោក​បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​ក្នុងការ​កែទម្រង់​អ្វីដែល​បានធ្វើ​រួចហើយ និង​បន្ត​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​នៃ​ការកែទម្រង់​ដែលមាន​ស្រាប់​។ លោក​បន្ថែមថា យើង​ត្រូវការ​កំណែទម្រង់​មួយ​ដែលមាន​ចីរភាព​សម្រាប់​យុទ្ធសាស្ត្រ​ទំនាក់ទំនង កែប្រែ​របៀបរបប​ការងារ​ដើម្បី​ជួយ​ដល់​ប្រជាជន​លើ​ពិភពលោក​៕


Tag:
 UN
  António Guterres
© រក្សាសិទ្ធិដោយ thmeythmey.com