អន្តរជាតិ
Manny Pacquiao បាន​ឆ្លងកាត់​ប្រវត្តិ​ដ៏​កម្សត់​មុននឹង​ក្លាយជា​ស្តេច​ប្រដាល់​
13, Dec 2016 , 3:52 pm        
រូបភាព
ដោយ: ថ្មីៗ
​កីឡាករ​ប្រដាល់​ពិភពលោក Manny Pacqiuao នឹង​អមដំណើរ​ប្រធានាធិបតី Rodrigo Duterte ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​។ កីឡាករ​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​កម្សត់ រត់​ចេញពីផ្ទះ និង​រស់​នៅតាម​ដងផ្លូវ​យ៉ាង​លំបាក មុននឹង​ក្លាយជា​កំពូល​អ្នក​ប្រដាល់​ដែលមាន​លុយរាប់​លាន​ដុល្លារ​ដូច​ពេលបច្ចុប្បន្ន​។ Manny Pacquiao ក៏​ជា​សមាជិក​ព្រឹទ្ធសភា​មួយរូប​ផងដែរ​។



Manny Pacquiao រត់​ចេញពីផ្ទះ​នៅ​អាយុ​១៤​ឆ្នាំ ហើយ​ក្លាយជា​កីឡាករ​ប្រដាល់​អាជីព​នៅ​ឆ្នាំ​១៩៩៥ ពោល​លោក​មាន​វ័យ​ត្រឹម​១៦​ឆ្នាំ​ប៉ុណ្ណោះ​។ បើតាម​សារព័ត៌មាន The Independent លោក Freddie Roach ដែលជា​អ្នក​បង្វឹក​របស់ Pacquiao និយាយថា មូលហេតុ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​ធ្វើ Pacquiao រត់​ចេញពីផ្ទះ គឺ​ឪពុក​របស់គេ​សម្លាប់​ឆ្កែ​ចាំផ្ទះ ដើម្បី​ធ្វើ​ម្ហូប​។

​ពេល​ចាប់ផ្ដើម​អាជីព​ដំបូង Pacquiao បានឈ្នះ​១១​ប្រកួត​ជាប់ៗ​គ្នា តែ​ចាញ់​នៅ​ប្រកួត​ទី​១២ ក្រោម​ថ្វីដៃ​កីឡាករ​ហ្វីលីពីន Rustico Torrecampo ។ Pacquiao ដែល​គេ​គ្រប់គ្នា​ស្គាល់​ថា Pacman ក្លាយជា​ជើងឯក​ពិភពលោក​ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៩៨ ក្រោយ​ផ្ដួល​កីឡាករ​ថៃ ដើម្បី​គ្រង​ខ្សែ​ក្រ​វ៉ាត​ទម្ងន់​រុយ​របស់​ស្ថាប័ន WBC ។

​បន្ត​បន្ទាប់មក កីឡាករ​សញ្ជាតិ​ហ្វីលីពីន​រូបនេះ ដណ្ដើមបាន​ខ្សែ​ក្រ​វ៉ាត​ជាច្រើន​ប្រភេទ​ទម្ងន់​មកពី​ស្ថាប័ន​ពិភពលោក​ល្បីៗ​ជាច្រើន​ដូចជា WBC, WBO, IBF និង WBA ជាដើម​។ Pacquiao គឺជា​កីឡាករ​ប្រដាល់​ពិភពលោក​ដំបូង​គេ ដែល​ក្លាយជា​ម្ចាស់​ខ្សែក្រវ៉ាត់​៨​ប្រភេទ​ទម្ងន់ ក្រោយ​ផ្ដួល​កីឡាករ Antonio Margarito គ្រង​ជើងឯក WBC ប្រភេទ​ទម្ងន់​ស្រាល (១៥៤​ផោន​)​។​

​ការប្រកួត​ដែល​ធ្វើ​ឲ្យ Pacquiao កាន់តែ​ល្បី គឺ​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់ WBC ទល់នឹង Floyd Mayweather លើស​ង្វៀន MGM Grand Arena ក្នុង​ទីក្រុង Las Vegas ប៉ុន្តែ Pacquiao ចាញ់​ដោយ​ពិន្ទុ​។ ក្នុងការ​ប្រកួត​នោះ កីឡាករ​ទាំងពីរ​ទទួល​បាន​ទឹកប្រាក់​ច្រើនជាង​៣០០​លាន​ដុល្លារ ដោយ​បែងចែក​​តាម​រូបមន្ត​៦០​លើ​៤០ ។ Mayweather ទទួលបាន​ទឹកប្រាក់​៦០​ភាគរយ ចំណែក Pacman ទទួលបាន​៤០​ភាគរយ​ស្មើនឹងជាង​១២០​លាន​ដុល្លារ​។

​ងាក​មក​រឿង​នយោបាយ​វិញ Manny Pacquiao ចូលប្រឡូក​នយោបាយ​ក្នុង​ឆ្នាំ​២០០៧ ដោយបាន​ប្រកាស​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​។ មកដល់​ឆ្នាំ​២០១០ Pacquiao ក៏​ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សមាជិកសភា​សម្រាប់​តំបន់ Sarangani ។ ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦ Manny Pavquiao ក៏​ជាប់ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​ដែលមាន​អាណត្តិ​ដល់​ឆ្នាំ​២០២២ ៕


Tag:
 ហ្វីលីពីន​
  Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com