អន្តរជាតិ
ដូ​ណា​ល់ ត្រាំ រើស​អ្នកជំនួញ​ស្និទ្ធ​រុស្សី ជា​ប្រមុខ​ការទូត​អាមេរិក​
13, Dec 2016 , 9:39 pm        
រូបភាព
លោក Rex Tillerson មានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (រូបភាព Politico)
លោក Rex Tillerson មានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (រូបភាព Politico)
​ក្រោយ​ការសម្រិតសម្រាំង​បេក្ខជន​អស់​មួយរយៈ​ពេល​មក​នោះ ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ទំនងជា​ជ្រើសរើស​ប្រមុខ​ការទូត​ថ្មី​ហើយ​។ ប្រភពពី​ក្រុមការងារ​អន្តរកាល​របស់លោក​បាន​បង្ហើប​ថា លោក Rex Tillerson ដែលជា​ប្រធាន​ក្រុមហ៊ុន ExxonMobil នឹង​ក្លាយជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​ក្នុង​រដ្ឋការ​លោក ដូ​ណា​ល់ ត្រាំ ។ លោក ត្រាំ បាន​ផាត់​ចោល​បេក្ខភាព​ជំនិតៗ​របស់លោក​ជាច្រើន​ដែល​សុទ្ធសឹង​ជា​មនុ​ស្សមាន​អតីតភាព​នយោបាយ​។​



​ចុងក្រោយ​ទៅ ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ សម្រេចចិត្ត​ជ្រើស​យក​អ្នកជំនួញ​ប្រាក់​វាល់​លាន Rex Tillerson សម្រាប់​តំណែង​ប្រមុខ​ការទូត​ថ្មី​។ មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រុមការងារ​អន្តរកាល​និយាយថា លោក ត្រាំ នឹង​ប្រកាស​ពី​ការសម្រេចចិត្ត​លោក​នៅ​ថ្ងៃទី​១២ ខែធ្នូ​នេះ​។ ប៉ុន្តែ​ការជ្រើសរើស​លោក Rex Tillerson ជា​រដ្ឋមន្ត្រីការបរទេស ទំនង​បង្ក​ជាការ​ខ្វែងគំនិត​គ្នា​ក្នុងចំណោម​សមាជិក​ព្រឹទ្ធសភា​មកពី​បក្ស​សាធារណរដ្ឋ​។​

​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ អនាគត​រដ្ឋមន្ត្រីការបរទេស​រូបនេះ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ខ្លាំង​ជាមួយ​ប្រធានាធិបតី​រុស្សី វ្ល៉ា​ឌី​មៀ ពូ​ទីន ហើយ​លោក​ថែមទាំង​ធ្លាប់​បំពេញការងារ​ជាច្រើន​ឆ្នាំ​នៅក្នុង​ក្រុមហ៊ុន​របស់លោក​នៅ​តំបន់​មជ្ឈិមបូព៌ា​ទៀតផង​។ ចំណុច​នេះហើយ​ដែល​ធ្វើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ខ្លះ​នៃ​បក្ស​សាធារណរដ្ឋ ក៏ដូចជា​សមាជិក​មក​បក្ស​ប្រជាធិបតេយ្យ សង្ស័យ​លើ​ការដឹកនាំ​គោលនយោបាយ​ការបរទេស​របស់លោក ហើយក៏​អាច​មិន​បោះឆ្នោត​គាំទ្រ​បេក្ខភាព​អ្នកជំនួញ​រូបនេះ​ដែរ​។​

​កាលពី​ឆ្នាំ​២០១៣ ប្រធានាធិបតី ពូ​ទីន បាន​បំពាក់​មេដាយ Order of Friendship ដល់​លោក Tillerson ចំពោះ​ស្នាដៃ​ដែល​លោក​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ថាមពល​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទំនាក់ទំនង​ជិតស្និទ្ធ​នេះ អាចជា​មូលហេតុ​ដែល​លោក ដូ​ណា​ល់ ត្រាំ ទុកចិត្ត​ឲ្យ​អ្នកជំនួញ​ដូចគ្នា​ធ្វើ​ប្រមុខ​ការទូត បើទោះជា​មិនសូវមាន​ជំនាញការ​បរទេស​ក៏ដោយ​។

​ជាមួយនឹង​ការជ្រើសរើស​លោក Tillerson ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ បាន​ទាត់ចោល​បេក្ខភាព​ដទៃទៀត ដែល​ធ្លាប់​រំពឹងថា នឹង​កាន់តំណែង​សំខាន់​។ អតីត​អភិបាលក្រុង New York លោក Rudy Giuliani អតីត​បេក្ខជន​ប្រធានាធិបតី Mitt Romney អតីត​ប្រធាន CIA លោក David Petraeus និង​សមាជិក​ព្រឹទ្ធសភា Bob Corker ជា​បេក្ខភាព​បួន​ដែល​គេឯង​រំពឹង​កាន់តំណែង​នេះ​។

​ការ​រើសយក​បេក្ខភាព​រដ្ឋមន្ត្រីការបរទេស​ពី​ក្នុងចំណោម​អ្នកជំនួញ​ធំៗ ត្រូវគេ​មើលឃើញថា ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ដែល​ចង់បាន​អ្នកមាន​បទពិសោធន៍​ដឹកនាំ ទៅគ្រប់​គ្រង​ក្រសួងការបរទេស​។ ម្យ៉ាងទៀត ភាពស្អិតល្មួត​រវាង​លោក Tillerson និង​លោក ពូ​ទីន ជា​ផលប្រយោជន៍​មួយ​សម្រាប់​លោក ត្រាំ ដែល​កំពុងតែ​ចង់​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​រុស្សី​ផង​នោះ​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  Rex Tillerson
© រក្សាសិទ្ធិដោយ thmeythmey.com