អន្តរជាតិ
Duterte៖ ទស្សនកិច្ច​នៅ​ប្រទេស​អាស៊ាន​ដើម្បី​សម្រេចបាន​គោលនយោបាយ​រួម​ពេល​ហ្វីលីពីន​ជា​ប្រធាន​អាស៊ាន​ឆ្នាំក្រោយ
13, Dec 2016 , 4:36 pm        
រូបភាព
ដោយ:
​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​អះអាងថា មូលហេតុ​ដែល​លោក​ត្រូវបំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អាស៊ាន​ជាប់ៗ​គ្នា​នេះ​គឺ​ដើម្បី​ស្វែងយល់​ពី​គោលជំហរ​របស់​ប្រទេស​នីមួយៗ​ដើម្បី​ជា​ភាពងាយស្រួល​ក្នុងការ​បង្កើត​គោលនយោបាយ​រួមគ្នា​មួយ​នៅពេល​ហ្វីលីពីន​ត្រូវ​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ចុង​ឆ្នាំក្រោយ​នោះ​។



​មុនពេល​ចាកចេញ​ពី​ហ្វីលីពីន​មកកាន់​កម្ពុជា​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ល្ងាច​ថ្ងៃទី​១៣ ធ្នូ​នេះ លោក​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖«...​ដោយសារ​ហ្វីលីពីន​ត្រូវ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ខែវិច្ឆិកា​ឆ្នាំក្រោយ​នេះ ខ្ញុំ​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អាស៊ាន​ដើម្បី​ស្វែងយល់​ពី​ទស្សនៈ​ដែល​អាចជា​គោលនយោបាយ​របស់​អាស៊ាន​ជាមួយនឹង​ប្រទេស​នានា​លើ​ពិភពលោក និង​ព្យាយាម​ធ្វើយ៉ាងណា​ដើម្បី​បង្កើត​គោលជំហរ​មួយ​រួមគ្នា​»​។

​សូម​ជម្រាប​ផងដែរ​ថា ចាប់ពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៧ តទៅ ហ្វីលីពីន នឹង​ក្លាយជា​ប្រធាន​វិលជុំ​អាស៊ាន​ជា​ផ្លូវការ​ហើយ​។ ជា​ប្រធាន​អាស៊ាន​ឆ្នាំក្រោយ ហ្វីលីពីន មិន​ត្រឹមតែ​ជា​អ្នកសម្របសម្រួល​សម្រាប់​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​អាស៊ាន​លើក​ទី​៣០ និង​៣១​នោះទេ តែ ហ្វីលីពីន ក៏មាន​កាតព្វកិច្ច​ក្នុងការ​រៀបចំ កម្មវិធី​សម្រាប់​ខួប​លើក​ទី​៥០​របស់​អាស៊ាន ដែលជា​ពេល​កំណត់​មួយ​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការបង្កើត​អាស៊ាន​នោះ​។ ទោះ​តិច ឬ​ច្រើន ហ្វីលីពីន ត្រូវមាន​កា​ត្វ​កិច្ច បង្ហាញ​ពី​លក្ខណៈពិសេស​សម្រាប់​ឱកាស​មួយ​នេះ​ទៅកាន់​បណ្តា​សមាជិក​អាស៊ាន ក៏ដូចជា​ដៃគូ​ផ្សេងទៀត​របស់​អាស៊ាន ដ្បិត ហ្វីលីពីន ក៏​ជា​ស្ថាបនិក​របស់​អាស៊ាន​ក្នុង​ឆ្នាំ​១៩៦៧​ផងដែរ​។​

​អ្វី​គួរកត់សម្គាល់​នោះ ក្នុង​ថ្ងៃ​ដែល​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ទទួល​ញញួរ​ជា​ប្រធាន​អាស៊ាន​ពី​ឡាវ​ក្រោយពេល​ក្រោយពេល​បញ្ចប់​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​២៨ និង​លើក​ទី​២៩ នៅ​ប្រទេស​ឡាវ នៅ​ថ្ងៃទី​០៨​ខែ កញ្ញា​កន្លងទៅ លោក ក៏បាន​ប្រកាស​ពី​របៀបវារៈ​ដែរ ហើយ​នោះ​គឺ​ភាពជា​ដៃគូរ​ការផ្លាស់ប្ដូរ ការចូល​រួមជាមួយ​ពិភពលោក គឺជា​មូលបទ​របស់​ហ្វីលីពីន ក្នុងនាម​ជា​ប្រធាន​អាស៊ាន​។ បន្ថែម​ពីនេះ លោក ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា «​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន ហ្វីលីពីន​នឹងធ្វើ​ឲ្យ​អាស៊ាន​លេចធ្លោ​ជា​គំរូ​នៃ​តំបន់​និយម និង​ជា​តួអង្គ​សកលលោក ដោយ​ចាត់ទុក​ផលប្រយោជន៍​របស់​ប្រជាជន​ជា​ស្នូល​»​។​

​សូម​រម្លឹក​បន្តិច​ដែរ​ថា លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី​នៅ​ថ្ងៃទី​៣០ ខែមិថុនា កន្លងទៅ​។ គិត​ចាប់ពី​ការឡើង​អំណាច​មក លោក​បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​បណ្តា​ប្រទេស​មិត្ត​អាស៊ាន​ដូចជា ឡាវ ឥណ្ឌូនេស៊ី ព្រុយ​ណេ វៀតណាម និង ម៉ាឡេស៊ី ហើយ​កម្ពុជា គឺជា​ប្រទេស​ទី​ប្រាំមួយ​ហើយ ដែល​លោក នឹង​ត្រូវបំពេញ​ទស្សនកិច្ច​នៅក្នុង​តំបន់​អាស៊ាន​នោះ​។ បន្ទាប់ពី​កម្ពុជា លោក​ប្រធានាធិបតី នឹង​បន្ត​បំពេញ​ទស្សនកិច្ច​ទៅកាន់​សិង្ហ​បុរី​ផងដែរ​៕


Tag:
 ហ្វីលីពីន​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com