កីឡាជាតិ
ជាតិ
លោក អេ ភូ​ថង ថា​កីឡាករ​ខ្មែរ​មាន​កម្លាំង​ចិត្តច្រើន​ពេល​ជួប Pacquiao ដែលជា Idol
15, Dec 2016 , 8:39 pm        
រូបភាព
ដោយ:
​អតីត​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា អេ ភូ​ថង ដែល​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​គុន​ខ្មែរ​ទទួលស្គាល់ថា ស្តេច​ប្រដាល់​ពិភពលោក​សញ្ជាតិ​ហ្វីលីពីន Manny Pacquiao ជា​កីឡាករ​ដែលមាន​សមត្ថ​ភាព​ខ្ពស់​នៅក្នុង​តំបន់​អាស៊ី និង​ពិភពលោក​។ លើសពីនេះ​ជា​កីឡាករ​ដែលមាន​ដៃ​រហ័ស និង​ល្បឿន​លឿន​។ ហើយ​លោក​យល់ឃើញថា វត្តមាន​របស់​ស្តេច​ប្រដាល់​នៅ​កម្ពុជា​លើក​នេះ នឹង​ជួយ​ជំរុញ​ទឹកចិត្ត​កីឡាករ​កម្ពុជា​ឲ្យ​ខិតខំ​ហ្វឹកហាត់​កាន់តែខ្លាំង​។

 


​លោក អេ ភូ​ថង អតីត​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ដែលមាន​រហស្សនាម​ថា​«​ជង្គង់​ហោះ​កែង​ឆេះ​» ហើយ​បច្ចុប្បន្ន​ជា​គ្រូ​ង្វឹ​ក​គុន​ខ្មែរ​បានបង្ហាញ​ការយល់ឃើញ​ចំពោះ​ចំណុចខ្លាំង​របស់​ស្តេច​ប្រដាល់​ពិភពលោក Manny Pacquiao ថា ជា​កីឡាករ​ដែលមាន​ដៃ​ធ្ងន់​រហ័ស និង​មាន​ល្បឿន​លឿន ជាពិសេស​មាន​ស៊ុះ​ល្អ មិន​ងាយ​ហត់​។

«​អូ​ហ៍​គាត់​រហ័ស​! ទី​១​គាត់​រហ័ស​ស៊ុះ​គាត់​ល្អ ពេល​គាត់​វាយ​គាត់​អត់​ងាយ​ហត់ ហើយ​ពេល​ដៃ​គាត់​ចេញ គឺ​ចេញបី​បួនៗ​តែម្តង តែបើ​គាត់​អត់​ចេញ​គឺ​គាត់​នៅ​ញាក់ៗ​តែបើ​ចេញបី​បួនៗ​ម៉​ង​។ អ៊ីចឹង​ចំណុចខ្លាំង​របស់គាត់ គឺ​ដៃ​គាត់​រហ័ស​លឿន​ហើយ​ធ្ងន់​»​។ នេះ​ជា​ទស្សន​របស់លោក អេ ភូ​ថង ជុំវិញ​ចំណុចខ្លាំង​របស់ Pacquiao​។ 



​ដោយសារ​មើលឃើញ​ពី​ចំណុច​ល្អ​របស់​ស្តេច​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន Pacquiao បានធ្វើ​ឲ្យ​លោក អេ ភូ​ថង មានការ​រំពឹងថា ប្រសិនបើ​មាន​ថ្ងៃ​ណាមួយ​ស្តេច​រូបនេះ​មក​បង្វឹក​កីឡាករ​នៅ​កម្ពុជា លោក​នឹង​តាមដាន​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​បំផុត ដើម្បី​ដកស្រង់យក​បទពិសោធ​ន៍​ក៏ដូចជា​តិច​និក​សម្រាប់​បង្វឹក​កីឡាករ​កម្ពុជា​។

​អតីត​កីឡាករ​ជើង​ខ្លាំង​ប្រដាល់សេរី​រូបនេះ​បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​របស់ Pacquiao នៅ​កម្ពុជា​ថា ជា​កត្តា​មួយ​ដ៏​ល្អ​ក្នុង​ការជួយ​ជំរុញ​ទឹកចិត្ត​កីឡាករ​កម្ពុជា​ឲ្យ​ខិតខំ​ហ្វឹកហាត់​កីឡាប្រដាល់​កាន់តែខ្លាំង​។​

​គួរ​បញ្ជាក់ថា កីឡាករ Pacquiao ដែលជា​សមាជិក​ព្រឹទ្ធសភា​របស់​ហ្វីលីពីន​រួមជាមួយ​លោក​ប្រ​នា​ធិបតី​ហ្វីលីពីន Duterte មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៤ ខែធ្នូ​។ នៅ​ថ្ងៃទី​១៤ ខែធ្នូ នេះ​ជា​ថ្ងៃ​ចុង​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ Pacquiao និង​លោក Duterte ដោយ​លោក​នឹង​ចាក​ចេញពី​កម្ពុ​ជានា​វេលា​ម៉ោង​៩​យប់​នេះ​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com