ជាតិ
រដ្ឋាភិបាល ឲ្យ​ក្រសួងមហាផ្ទៃ​បង្កើត​នាយកដ្ឋាន​ថ្មី​ពីរ​បន្ថែមទៀត​
16, Dec 2016 , 10:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ឲ្យ​ក្រសួងមហាផ្ទៃ​បង្កើត​នាយកដ្ឋាន ថ្មី​ពីរ​ទៀត គឺ នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន និង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម តប​តាម​ការស្នើ​របស់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​



​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន និង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ទាំងពីរ​នេះ មាន​តួនាទី​ត្រួតពិនិត្យ​គ្រប់គ្រង​អាជីវកម្ម និង​ការជ្រើសរើស​ភ្នាក់ងារ​សន្តិសុខ​តាម​ក្រុមហ៊ុន​ឯកជន និង​ប្រយុទ្ធប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​។ នេះ​បើតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លងទៅ​។​

​ជាមួយគ្នានេះ អនុក្រឹត្យ​ដដែល​ខាងលើ បញ្ជាក់ថា នាយកដ្ឋាន​ថ្មី​ទាំងពីរ​នេះ គឺជា​សេនាធិការ​របស់​នាយក​ដ្ឋា​ន​កណ្តាល​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្រសួងមហាផ្ទៃ​ហើយ​ត្រូវ​ប្រមូល​ព័ត៌មាន និង​ធ្វើ​របាយការណ៍​អំពី​សភាពការណ៍ និង​ហេតុការណ៍​ផ្សេងៗ តាម​ឋានានុក្រម​កំណត់​។​

​នាយកដ្ឋាន​នីមួយៗ​មាន​ប្រធាន​មួយរូប និង​អនុប្រធាន​មួយចំនួន ជា​ជំនួយការ​។ នេះ​បើតាម​អនុក្រឹត្យ​ដែល​ធ្វើឡើង​ក្រោយពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចង់​បង្កើត​នាយកដ្ឋាន​បង្ក្រាប​ល្បែងស៊ីសង កាលពីជាង ១​ខែ កន្លងទៅ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ទប់ស្កាត់​បទល្មើស​លួចលាក់​ខ្លាំង​។​

​តាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នោះ នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន និង​នាយកដ្ឋាន​ប្រឆាំង បទល្មើស​ល្បែង​ពាណិជ្ជកម្ម អាចបង្កើត​ការិយាល័យ​ចំណុះ​មួយចំនួន តាម​ប្រកាស​ក្រសួងមហាផ្ទៃ​។​

​បើតាម​របាយការណ៍​ន​គ​របាល​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​ស្ដីពី​ការអនុវត្ត​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ កន្លងទៅ រដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​បើក​កន្លែង​ល្បែងស៊ីសង​បាន នៅ​បណ្តា​ខេត្ត​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​លើកលែងតែ​កាស៊ីណូ ណាហ្គា​វើ​ល តែប៉ុណ្ណោះ​ក្រោយពី​កម្ពុជា​បង្កើត​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង ឆ្នាំ​១៩៩៦ មក​។ គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០១៦​នេះ​រដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ចំនួន ១៦៨ ក្នុងនោះ ៦៥​តាម​អន​ឡាញ ធ្វើ​អាជីវកម្ម និង​បង់ពន្ធ​ស្របច្បាប់​នៅ​កម្ពុជា​៕


Tag:
 ហ៊ុន សែន​
  ស ខេង​
  ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com