ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯ​.​ឧ សម រង្ស៊ី ស្នើសុំ​វីដេអូ​ឃាតកម្ម​លើ​លោក កែម ឡី ពី​ក្រុមហ៊ុន Chevron
16, Dec 2016 , 5:46 pm        
រូបភាព
 
​ភ្នំពេញ​៖ ប្រធាន​គណបក្សប្រឆាំង ឯកឧត្តម សម រង្ស៊ី បាន​និយាយថា គាត់ រួមជាមួយ​ជនកម្ពុជា​មួយក្រុម​ទៀត បានដាក់​លិខិត​ទៅ​តុលាការ​អាមេរិក ដើម្បី​ស្នើ​ឲ្យ​ក្រុមហ៊ុន Chevron ដែលជា​ម្ចាស់​កម្មសិទ្ធិ​ប្រេងសាំង​ម៉ាក Caltex បញ្ចេញ​វីដេអូ​ដែល​បាន​ថត​ពី​កាមេរ៉ា​សុវត្ថិភាព​ពាក់ព័ន្ធ​ឃាតកម្ម​លើ​លោក កែម ឡី នៅ​ស្ថានីយ៍ Caltex ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ខែកក្កដា​កន្លងទៅ​។​

 
​ការដាក់សំណើ​នេះ​ឯកឧត្តម សម រង្ស៊ី និយាយថា គឺមាន​គោលបំណង​ជួយ​រក​យុត្តិធម៌​ជូន​លោក កែម ឡី ផង និង​យកមក​ធ្វើ​ភស្តុតាង​សម្រាប់​តទល់​រឿងក្តី​របស់លោក ដែល​ត្រូវបាន​មេធាវី​សម្ដេច ហ៊ុន សែន ប្ដឹង​ពីបទ​បរិហាកេរ្តិ៍ ពាក់ព័ន្ធ​នឹង​ករណី​លោក កែម ឡី នេះ​ផងដែរ​។ 
 
​នៅក្នុង​សំណេរ​អម​ជាមួយ​ភាសា​អង់គ្លេស ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​នោះ ឯកឧត្តម សម រង្ស៊ី​បាន និយាយ​ដូច្នេះ​ថា​៖ «​ប្រធាន​គណបក្សប្រឆាំង​លោក សម រង្ស៊ី ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​ត្រូវ​ទទួលខុសត្រូវ​លើ​ការអត្ថាធិប្បាយ​ខ្លួន​លើ​ហ្វេ​ស​ប៊ុ​ក ដែល​ភ្ជាប់​ករណី​ឃាតកម្ម​លើ​លោក កែម ឡី ទៅជា​មួយ​រដ្ឋាភិបាល​នោះ បាន​ស្នើសុំ​វីដេអូ និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​យកមក​ការពារ​ក្តី​ប្រឆាំងនឹង​ការចោទប្រកាន់​ខ្លួន​»​។​
 
​អ្នកស្រាវជ្រាវ និង​ជា​អ្នកវិភាគ លោក កែម ឡី ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦ នៅក្នុង​ស្តា​ម៉ា​ត​មួយ នា​ស្ថានីយ៍​សាំង​កាល់​តិច Caltex ក្បែរ​ស្តុ​ប​បូកគោ ក្នុង​រាជធានី​ភ្នំពេញ​។ Caltex ជា​ម៉ាក​ពាណិជ្ជកម្ម​ប្រេងសាំង​របស់​ក្រុមហ៊ុន Chevron Corporation ដែល​គេ​ប្រើ​នៅក្នុង​ជាង ៦០​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វ៊ិ​ក មជ្ឈិមបូព៌ា និង​អា​ហ្វ្រ៊ិ​ក​ខាងត្បូង​។ 
 
​មេធាវី​ការពារ​ក្តី​សម្ដេច ហ៊ុន សែន លោក គី តិច បានដាក់​ពាក្យ​ប្ដឹង​ឯកឧត្តម សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ សំណុំរឿង​របស់​ឯកឧត្តម សម រង្ស៊ី ដែល​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​ចោទ​រដ្ឋាភិបាល​ថា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី ក៏​ត្រូវបាន​បញ្ជូនទៅ​ជំនុំជម្រះ​រួចហើយ​។ ប៉ុន្តែ ចៅក្រម​ជំនុំជម្រះ មិនទាន់​បានកំណត់​កាលបរិច្ឆេទ​នៃ​ការបើក​សវនាការ លើ​សំណុំរឿង​របស់​ឯកឧត្តម សម រង្ស៊ី នោះទេ​។​
 
​បើតាម​សំណេរ​លើ​ហ្វេ​ស​ប៊ុ​ក​ឯកឧត្តម សម រង្ស៊ី ដដែល​នោះ ប្រជាជន​កម្ពុជា​ដទៃ​ផ្សេងទៀត ក៏បាន​ដាក់​លិខិត​ទៅ​តុលាការ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​, សហរដ្ឋអាមេរិក ដើម្បី​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Chevron ស្នើសុំ​ឲ្យ​បង្ហាញ​វីដេអូ​បាញ់សម្លាប់​លោក កែម ឡី នេះដែរ​។ ប្រជាជន​ខ្មែរ​ទាំងនោះ គឺជា​អ្នក​ដែល​បានដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​ទៅ​តុលាការអន្តរជាតិ​ICC​ថា រដ្ឋាភិបាល មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទុក​បុក​ម្នេញ​ទៅលើ​អ្នក​រិះគន់​ប្រព័ន្ធ​នយោបាយ​កម្ពុជា​។​
 
​ភ្លាមៗ​ក្រោយ​ឃាតកម្ម​ទៅលើ​លោក កែម ឡី សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឃាតករ ដែល​បាន​អះអាងថា​ឈ្មោះ ជួប សម្លាប់​។ ប៉ុន្តែ ជាង​៥​ខែ​ហើយ ដែល​គ្រួសារ​សព​លោក កែម ឡី នៅតែ​ទាមទា​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន លោក កែម ឡី ព្រមទាំង​បញ្ចេញ​វីដេអូ​ពី​កាមេរ៉ា​សន្តិសុខ​របស់​ហាង​សាំង​កាល់​តិច​នោះ​ផង​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​បញ្ជាក់ថា សំណុំរឿង​បាញ់សម្លាប់​លោក កែម ឡី នេះ បាន​បញ្ជូនទៅ​តុលាការ​អស់ហើយ ។ លោក ខៀវ សុភ័គ និយាយថា​៖ «​ជនជាប់ចោទ​បាន​សារភាព​ហើយ សមត្ថកិច្ច​បា​នប​ន្ត​ស្រាវជ្រាវ​បន្ថែមទៀត តែ​គ្មាន​ពន្លឺ​អ្វី​ទេ​។ ចំណែក​ភស្តុតាង និង​វីដេអូ យើង​ក៏បាន​បញ្ជូនទៅ​តុលាការ​ដែរ តែ​យើង​មិនអាច​បង្ហាញ​ជា​សាធារណៈ​បានទេ​។ តែបើ​ចង់​បញ្ចាំង​វីដេអូ​ឃាតកម្ម​ជា​សាធារណៈ​នោះ ទាល់តែ​គ្រួសារ​ជនរងគ្រោះ​យល់ព្រម​។ ហើយ​បើសិនជា​គ្រួសារ​ជនរងគ្រោះ​មិន​អស់ចិត្ត ពួកគេ​អាច​ទៅជា​មួយ​មេធាវី​ពួកគេ សុំ​មើល​វីដេអូ​ឃាតកម្ម​នោះ នៅក្នុង​តុលាការ​បាន​»៕

Tag:
 សម រង្ស៊ី​
  ខៀវ សុភ័គ​
  ​កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com