ជាតិ
សង្គមជាតិ
លោក ម៉ម ប៊ុនហេង ត្រូវ​ចូល​ខ្លួន​បំភ្លឺ​បញ្ហា​សុខាភិបាល​នៅ​សភា មុន​ដំណាច់​ឆ្នាំនេះ​
16, Dec 2016 , 8:13 pm        
រូបភាព
ដោយ:

​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បានកំណត់​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចូលខ្លួន​បំភ្លឺ​ជុំវិញ​បញ្ហា​សុខាភិបាល នា​សម័យប្រជុំ​ពេញអង្គសភា ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៦​ខាងមុខ។​



​គណៈកម្មាធិការ​អចិន្ត្រៃយ៍សភា​បានសម្រេច​ឲ្យ​លោក ម៉ម ប៊ុនហេង ចូល​បំភ្លឺ​ផ្ទាល់មាត់ តាម​ការកោះអញ្ជើញ​រប​ស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP)​។​

​លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា គឺ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃ​១៦ ខែធ្នូ​នេះ​ថា លោក ម៉ម ប៊ុនហេង នឹង​ឆ្លើយបំភ្លឺ​សំណួរ​ចំនួន ១០ ដែល​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បានស្នើ កន្លងទៅ​។​

​សំណួរ​ទាំង​១០ ដែល​លោក ម៉ម ប៊ុនហេង ត្រូវ​ចូលខ្លួន​បំភ្លឺ​នោះ រួមមាន ១, ភាពមិនប្រក្រតី​ក្រោម​ការទទួលខុសត្រូវរ​បស់​ក្រសួង​មានដូចជា ការបាត់​ប្រាក់​ជំនួយ​របស់ Global Fund ទិញ​មុង​ការពារ​ជំងឺគ្រុនចាញ់ ការលក់​មន្ទីរពេទ្យ និង​មន្ទីរពេទ្យបង្អែក​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ និង​ក្នុង​ខេត្ត​មួយចំនួន និង​ការទិញ​គ្រឿង​បរិក្ខា និង​ថ្នាំពេទ្យ​-​ល​- ។ ២, ការផ្តល់សេវា​មិន​ត្រឹមត្រូវ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​។ ៣, វិធានការ​ក្រសួង ក្នុងការ​ពង្រឹងគុណភាព​ជំនាញ​ពេទ្យ និង​ការអនុវត្ត​ក្រប​សីលធម៌​។ ៤, ការចែក​ចាយ និង​គ្រប់គ្រង​សម្ភារ​ពេទ្យ និង​ថ្នាំពេទ្យ​។ ៥, ការគ្រប់គ្រង​មន្ទីរពេទ្យ​ឯកជន និង​រថយន្ត​សង្គ្រោះបន្ទាន់​។ ៦, ផែនការ​ធានា​បន្ត​និរន្តរភាព​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ៧, កិច្ច​គាំពារ​ជនរងគ្រោះ​ពី​កំហុស​គ្រូពេទ្យ និង​ការកេងប្រវ័ញ្ច​។ ៨, វិធានការ​របស់​ក្រសួង ក្នុង​ការផ្តល់សេវា​សុខភាព​ដល់​ពលរដ្ឋ​ក្រីក្រ​ឲ្យ​មាន​ប្រសិទ្ធភាព​។ ៩, ការគ្រប់គ្រង​ការផលិត និង​នាំចូល​ថ្នាំពេទ្យ និង​ចំណុច​ទី​១០, ការគ្រប់គ្រង​ឱសថស្ថាន ថ្នាំពេទ្យ​ក្លែងក្លាយ និង​ថ្នាំពេទ្យ​ខូចគុណភាព​៕


Tag:
 ម៉ម ប៊ុនហេង​
  សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com