អន្តរជាតិ
បំពេញការងារ​ល្អ លោក Duterte ផ្តល់​លុយ​រង្វាន់​ដល់​ប៉ូលិស​ជាន់ខ្ពស់​ដើម្បី​លើកទឹកចិត្ត​
19, Dec 2016 , 8:59 pm        
រូបភាព
​ស្នងការ​ប៉ូលិស​ហ្វីលីពីន​ប្រកាសថា មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ហ្វីលីពីន​ជាច្រើន​នាក់ នឹង​ទទួលបាន​កាដូ​ទឹកប្រាក់​សន្ធឹកសន្ធាប់​ពី​វិមាន​ប្រធានាធិបតី Malacañang របស់លោក Rodrigo Duterte ។ អគ្គស្នងការ​ប៉ូលិស​ជាតិ​ហ្វីលីពីន Ronald dela Rosa បាន​និយាយ​ការពារ​មុន​ថា ចំនួន​ទឹកប្រាក់​សន្ធឹកសន្ធាប់ មិនមែន​ផ្ដល់​ឲ្យ​គ្រប់​មន្ត្រីប៉ូលិស​ជាតិ​ហ្វីលីពីន ហើយក៏​មិនមែន​បានមកពី​ប្រភព​ទុច្ចរិត​អ្វី​ឡើយ​។​



​ប្រធាន​ធិបតី​ហ្វីលីពីន Rodrigo Duterte បាន​បញ្ចេញ​កញ្ចប់​ទឹកប្រាក់​ជាច្រើន​សម្រាប់​ផ្ដល់​ឲ្យ​មន្ត្រីប៉ូលិស​ជាន់ខ្ពស់ ជាការ​លើកទឹកចិត្ត​ក្នុង​ថ្ងៃ​សម្រាក​ចុងឆ្នាំ​។ មេ​ប៉ូលិស​ជាតិ​ហ្វីលីពីន លោក​ឧ​ត្ត​ម​សេនីយ៍ Ronald dela Rosa បានប្រកាសថា រង្វាន់​ទឹកប្រាក់​នេះ នឹង​ផ្ដល់​សម្រាប់តែ​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ប៉ុណ្ណោះ ដែល​បំពេញការងារ​បានល្អ ហើយ​ពួកគេ​នឹង​ទទួលបាន​ប្រាក់រង្វាន់​ពី​៥​ម៉ឺន​ពឺ​សូ (១​ពាន់​ដុល្លារ​) ទៅដល់​៤០​ម៉ឺន​ពឺ​សូ (៨​ពាន់​ដុល្លារ​)​។

​សារព័ត៌មាន Rappler ផ្សាយ​ថា មេ​ប៉ូលិស​ជាតិ​ហ្វីលីពីន​រូបនេះ បានប្រកាស​ពី​ដំណឹង​ល្អ​នេះ នាឱកាស​ចូលរួម​ពិធីបុណ្យ Christmas នៅឯ​ស្នាក់ការ​ប៉ូលិស​ហ្វីលីពីន​នៅ​ថ្ងៃទី​១៩ ខែធ្នូ​។ មន្ត្រីជាន់ខ្ពស់​ប៉ូលិស​ដែល​ត្រូវ​ទទួល​ប្រាក់រង្វាន់​រួមមាន ស្នងការ​ប៉ូលិស​ជាតិ ស្នងការ​ប៉ូលិស​ថ្នាក់​តំបន់ និង​ថ្នាក់​ខេត្ត និង​មន្ត្រី​ថ្នាក់ខ្ពស់​ដទៃទៀត​។ មន្ត្រីប៉ូលិស​ពាក់​ផ្កាយ​មួយ ទៅដល់​ផ្កាយ​បួន នឹង​ទទួល​ប្រាក់រង្វាន់​ពី​១០​ម៉ឺន​ពឺ​សូ ទៅ​៤០​ម៉ឺន​ពឺ​សូ​។

​ថ្លែងប្រាប់​អ្នកកាសែត​បន្ទាប់ពី​ចប់​កម្មវិធី លោក​ឧ​ត្ត​ម​សេនីយ៍ De la Rosa បញ្ជាក់ថា តាមពិត​លោក Duterte ចង់​ឲ្យ​ប្រាក់រង្វាន់​ទៅ​ប៉ូលិស​ទាំងអស់ តែ​មិនអាច​ធ្វើបាន​។ លោក​បន្តថា​៖ «​ប៉ុន្តែ​វា​គ្រប់គ្រាន់​សម្រាប់​យើង ព្រោះនេះ​ជា​លើកដំបូង​សម្រាប់​ស្ថាប័ន​ប៉ូលិស ដែល​ទ​ទូល​រង្វាន់​ទឹកប្រាក់​ពី​វិមាន Malacañang ។ ទាក់ទិន​ប្រភព​នៃ​ប្រាក់រង្វាន់​នេះ លោក Rosa អះអាងថា មិនមែន​បានមកពី​លក់​ថ្នាំញៀន​ឡើយ​។

​ដោយសារ​មាន​អ្នក​រិះគន់ លោក​ឧ​ត្ត​ម​សេនីយ៍ De la Rosa ដែលជា​ប្រមុខ​ដឹកនាំ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់លោក Duterte ក៏បាន​និយាយ​ការពារ​ការប្រកាស​ពី​ការផ្ដល់​រង្វាន់​ទឹកប្រាក់​នេះដែរ​។ លោក​ចាត់ទុក​ការប្រកាស​របស់លោក ជាការ​បង្ហាញ​ពី​តម្លាភាព​នៃ​ការផ្ដល់ប្រាក់​រង្វាន់​នេះ​។ លោក​បាន​ប្រតិកម្ម​តប​អ្នក​ទាំងនោះ​ថា រិះគន់​តែ​រឿងនេះ តែ​ពួកគេ​មិនដែល​ប្រតិកម្ម​តប​នឹង​មូលនិធិ​ប្រាក់​ហោប៉ៅ​របស់​ប៉ូលិស​នាពេល​កន្លងមក​ឡើយ​។​

​ការផ្ដល់​រង្វាន់​ទឹកប្រាក់​នេះ ទំនងជា​ការលើកទឹកចិត្ត​ពី​សំណាក់​ប្រធានាធិបតី Duterte ចំពោះ​មន្ត្រីប៉ូលិស​ហ្វីលីពីន ដែល​ស្មោះត្រង់​ចំពោះ​លោក និង​បាន​អនុវត្ត​បទបញ្ជា​បង្ក្រាប​គ្រឿងញៀន​យ៉ាង​ម៉ឺងម៉ាត់​នាពេល​កន្លងមក​។ ប្រសិនបើ​គ្មាន​ក្រុមមន្ត្រី​ប៉ូលិស​ទាំង​នោះទេ យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់លោក Duterte ក៏​មិនអាច​ចេញ​ជា​រូបរាង និង​សម្លាប់​អ្នកពាក់ព័ន្ធ​គ្រឿងញៀន​រាប់ពាន់នាក់​បានដែរ​៕   


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  Ronald dela Rosa
© រក្សាសិទ្ធិដោយ thmeythmey.com