អន្តរជាតិ
ការជម្លៀស​ប្រជាជន​ពី Aleppo​ចាប់ផ្តើម​ឡើងវិញ ខណៈ UN​ត្រៀម​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​ឃ្លាំមើល
19, Dec 2016 , 10:39 pm        
រូបភាព
​ការប្រតិបត្តិ​ការជម្លៀស​ប្រជាជន​ស៊ី​រី​ទាំង​ជន​ស៊ីវិល​និង​ក្រុម​ឧទ្ទាម​ពី​ភាគ​ខាងកើត​ក្រុង Aleppo ចាប់ផ្តើម​ឡើងវិញ​ក្រោយពេល​ដែលមាន​ក្រុម​ប្រដាប់អាវុធ​ដុត​ឡាន​ច្រើន​គ្រឿង​នៅ​ភូមិ​ចំនួន​ពីរ​ដែល​ស្ថិតក្រោម​ការហ៊ុមព័ទ្ធរ​បស់​កងទ័ព​រដ្ឋាភិបាល​។  វា​កើតឡើង​ក្រោយ ពេល​ក្រុមប្រឹក្សាសន្តិសុខ​ឯកភាពគ្នា​លើ​ដំណោះស្រាយ​មួយ​ដែល​ធានា​ឲ្យ​មាន​អ្នកសង្កេតការណ៍​របស់​អង្គការសហប្រជាជាតិ​ត្រួតពិនិត្យ​ការជម្លៀស​នេះ​។​



​ជន​ស៊ីវិល​និង​ក្រុម​ឧទ្ទាម​ដែល​ស្ថិតនៅ​ភាគ​ខាងកើត​ក្រុង Aleppo បន្ត​ជម្លៀស​ខ្លួន​តាម​ឡានក្រុង​ជាថ្មីទៀត​នៅ​ថ្ងៃ ១៩ ខែធ្នូ​នេះ ក្រោយ​ប្រតិបត្តិ​ការជម្លៀស​នេះ​ត្រូវ​ផ្អាក​បណ្តោះអាសន្ន​នៅ​ថ្ងៃអាទិត្យ​ក្រោយពេល​ក្រុម​ប្រដាប់អាវុធ​មួយក្រុម​ដុត​ឡា​នក​ម្ទេ​ចោល​អស់​ជាច្រើន​គ្រឿង​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន  ប្រតិបត្តិ​ការជម្លៀស​ប្រជាជន​និង​ក្រុម​សកម្មប្រយុទ្ធ​ស៊ី​រី​នេះ​បន្តធ្វើ​ឡើង​តាម​កិច្ចព្រមព្រៀង​ដ៏​ស្មុ​គ្រ​ស្មាញ​មួយ​ដែល​សម្រេចបាន​កាលពីដើម​សប្តាហ៍​មុន​ក្រោម​ការផ្តួចផ្តើម​របស់​រុស្ស៊ី និង​តួ​ក​គី​។ ហើយ​គេ​រំពឹងថា ប្រជាជន​រាប់រយ​នាក់​នឹង​អាច​ចាកចេញ​បន្តបន្ទាប់​ពី​ភាគ​ខាងកើត​ក្រុង Aleppo នេះដែរ​។​

​គេ​ឃើញ​ប្រជាជន​ស៊ី​រី​រាប់ម៉ឺន​នាក់​ប្រមូលផ្តុំ​រង់ចាំ​ជិះ​រថយន្ត​ដើម្បី​ចាក​ចេញពី​ទីក្រុង​ដែលជា​កន្លែង​បង្ហូរឈាម​គ្នា​នេះ​។ ប៉ុន្តែ​ពួកគេ​ត្រូវ​បង្ខំចិត្ត​ដេក​តាមផ្លូវ​ត្រៀបត្រា​ទាំង​អាកាសធាតុ​ត្រជាក់​ខ្លាំង​ផង ព្រោះ​ការជម្លៀស​ពលរដ្ឋ​ចេញ​នេះ​ត្រូវគេ​ផ្អាក​ជា​ញឹកញាប់​កន្លងមក​។

​ដោយឡែក ការចាប់ផ្តើម​ប្រតិបត្តិ​ការជម្លៀស​ប្រជា​ជននេះ​ឡើងវិញ​ក៏​កើតឡើង​ស្របពេល​ដែល​មហា​អំ​ណា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​បាន​ឯកភាពគ្នា​ថា នឹង​បោះឆ្នោត​អនុម័ត​ដំណោះស្រាយ​មួយ​ស្តីពី​បញ្ហា Aleppo និង​ការបញ្ជូន​អ្នកសង្កេតការណ៍​អង្គការសហប្រជាជាតិ​ទៅ​ឃ្លាំមើល​ដំណើរការ​ជម្លៀស​មនុស្ស​ចេញ​នេះ​នៅ​ថ្ងៃ​ចន្ទ​នេះដែរ​។​

​ដើមឡើយ ក្រុមប្រឹក្សាសន្តិសុខ​គ្រោង​បោះឆ្នោត​លើ​ដំណោះស្រាយ​ដែល​ព្រាង​ឡើយ​ដោយ​បារាំង ដែល​ចង់​ឲ្យ​មានការ​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​ឃ្លាំមើល​ប្រតិបត្តិ​ការជម្លៀស​មនុស្ស ។ ប៉ុន្តែ​រុស្ស៊ី​ជំទាស់ ដោយ​លើកឡើង​ពី​ក្តីបារម្ភ​មួយចំនួន​របស់ខ្លួន​ពាក់ព័ន្ធ​ការបញ្ជូន​អ្នកសង្កេតការណ៍​ដោយ​គ្មាន​ការត្រៀម​លក្ខណៈ​ជាមុន​នោះ​។ ចុងក្រោយ​រុស្ស៊ី​និង​បារាំង​សុខចិត្ត​ពិភាក្សាគ្នា​ដោយ​បញ្ចូល​ដំណោះស្រាយ​របស់គេ​រៀងៗ​ខ្លួន​ពាក់ព័ន្ធ​ការបញ្ជូន​អ្នកសង្កេតការណ៍​នេះ​ដើម្បី​សម្រេចបាន​ដំណោះស្រាយ​មួយ​ដែល​ភាគី​ទាំងសងខាង​ទទួលយក​។​

​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Samantha Power បាន​បញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ​ត្រៀមលក្ខណៈ​ដើម្បី​បោះឆ្នោត​អនុម័ត​ដំណោះស្រាយ​នេះហើយ​។

​ចំណែក​បេសកជន​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Vitaly Churkin ក៏បាន​បញ្ជាក់​យ៉ាងច្បាស់ ថា​រុស្ស៊ី​គាំទ្រ​ដំណោះស្រាយ​ដែល​រួមបញ្ចូល​គ្នា​នេះ ហើយ​វា​ជា​ដំណោះស្រាយ​មួយ​ដ៏​ល្អ​។ 


Tag:
 Aleppo
  ស៊ី​រី​
  Samantha Power
  Vitaly Churkin
© រក្សាសិទ្ធិដោយ thmeythmey.com