អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាល្លឺម៉ង់​៖ យ៉ាងតិច ១២​នាក់​ស្លាប់ ក្នុង​ហេតុ​កាណ៍​ឡាន​បើក​កិន​មនុស្ស​
20, Dec 2016 , 11:15 am        
រូបភាព
 
 
​មនុស្ស​យ៉ាងតិច​១២​នាក់ បាន​បាត់​បង់ជីវិត និង​ជិត​៥០​នាក់​ទៀត​រងរបួស ក្នុង​ហេតុការណ៍​ឡាន​បើក​បំ​បុក​ហ្វូងមនុស្ស​នៅក្នុង​ផ្សារ​បុណ្យ Christmas ដែលមាន​មនុស្ស​កុះករ​ក្នុង​រដ្ឋធានី​បែរ​ឡាំង​នៅ​រាត្រី​ថ្ងៃទី​១៩ ខែធ្នូ​។ គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅ​ពីក្រោយ​រឿងនេះ​ឡើយ ហើយ​ប៉ូលិស​អាល្លឺម៉ង់ ក៏​មិនអាច​សន្និដ្ឋានថា ហេតុការណ៍​នេះ​ជា​រឿង​ភេរវកម្ម​នោះដែរ​។​

 
​រថយន្ត​សង្គ្រោះបន្ទាន់ និង​ក្រុមប៉ូលិស​ប្រដាប់អាវុធ​ធុន​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅកាន់​ផ្សារ Christmas មួយកន្លែង​កណ្ដាល​រដ្ឋ​ធានី​បែរ​ឡាំង ក្រោយ​អ្នកបើកបរ​ម្នាក់ បាន​បើករថយន្ត​ធុន​ធ្ងន់​មួយគ្រឿង​សំដៅ​ហ្វូងមនុស្ស​កុះករ​នៅ​ផ្សារ​នោះ​។ អ្នកបើកបរ​រថយន្ត​នោះ ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​ក្រោយ​ការកើត​ហេតុ តែ​គេ​មិនទាន់​ច្បាស់​ថា នេះ​ជា​ភេរវកម្ម​ដែរ​។​
 
​ប៉ូលិស​អាល្លឺម៉ង់​និយាយថា មនុស្ស​យ៉ាងតិច​១២​នាក់ បាន​ស្លាប់ និង​៤៨​នាក់​រងរបួស ដោយ​ក្នុងនោះ​មាន​៤​នាក់​របួសធ្ងន់​ក្នុង​ហេតុការណ៍​ដែល​កើតឡើង​តែ​ជិត​មួយ​សប្ដាហ៍​មុន​ការមកដល់​បុណ្យ Christmas ។ អ្នកនាំពាក្យ​ប៉ូលិស​អាល្លឺម៉ង់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ការស៊ើបអង្កេត​កំពុង​ធ្វើ​ដើម្បី​បញ្ជាក់ថា ហេតុការណ៍​នេះ ជា​សកម្មភាព​ភេរវកម្ម ឬ​យ៉ាងណា ប៉ុន្តែ​អ្វីៗ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​។​
 
​យ៉ាងណាក្ដី ប្រភពពី​មន្ត្រី​សន្តិសុខ​ដែល​ស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន DPA និយាយថា អ្នកបើក​ឡាន​នោះ គឺជា​ជនភៀសខ្លួន​ស្វែងរក​សិទ្ធិ​ជ្រកកោន​មកពី​អា​ហ្វ​ហ្គា​នី​ស្ថាន ឬក៏​ប៉ា​គី​ស្ថាន​។ ជននេះ​បានមក​ដល់​ទឹកដី​អាល្លឺម៉ង់​ក្នុង​ខែកុម្ភៈ ដើមឆ្នាំ​២០១៦​។ អ្នកនាំពាក្យ​ប៉ូលិស​បន្ថែមថា ប៉ូលិស​បាន​ចាប់ខ្លួន​អ្នកបើក​ឡាន​នេះ​នៅ​ទីតាំង​មួយ​មាន​ចម្ងាយ​២​គីឡូម៉ែត្រ​ពី​កន្លែង​បុក​រះ និង​កំពុង​ត្រូវបាន​សួរចម្លើយ​។ 
 
​យ៉ាងណាក្ដី រដ្ឋមន្ត្រី​មហាផ្ទៃ​អាល្លឺម៉ង់ Thomas de Maiziere ហាក់​រួញរា​ក្នុងការ​ប្រើពាក្យ​វាយប្រហារ​ភេរវកម្ម​នៅ​ដំណាក់​ដំបូង​នេះ​។ លោក​អះអាងថា ការប្រើប្រាស់​ពាក្យ​បែបនេះ មាន​ផលប៉ះពាល់​ខ្លាំង​លើ​សតិអារម្មណ៍​ប្រជាជន ដូច្នេះ​យើង​ត្រូវ​ប្រយ័ត្ន​ខ្លាំង និង​ត្រូវ​រង់ចាំ​ការស៊ើបអង្កេត​សិន មុននឹង​ស​ម្រេ​ចិត្ត​បន្តទៀត ជាជាង​បង្កើត​ស្ថានការណ៍​មិន​ច្បាស់លាស់​ក្នុងសង្គម​។​
 
​ប៉ូលិស​អាល្លឺម៉ង់​អះអាង​ដែរ​ថា ឡាន​ធុន​ធ្ងន់​នេះ​ដឹក​ស​សៃ​ដែក​ជាច្រើន និង​បាន​បុក​រះ​មនុស្សម្នា​ក្នុងពេល​កំពុងមាន​មនុស្ស​កកកុញ​។ ផ្សារ​សម្រាប់​បុណ្យ Christmas នេះ​ទាក់ទាញ​ទេសចរ​យ៉ាងច្រើន​នៅតាម​បណ្ដា​ទីក្រុង​ធំៗ​ទូទាំង​អាល្លឺម៉ង់​។ ជារឿយៗ​នោះ កម្លាំង​សន្តិសុខ​អាល្លឺម៉ង់​តែង​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ដ្បិត​ការលក់ដូរ​របៀបនេះ ពិតជា​ងាយ​រងគ្រោះ​ពី​ការវាយប្រហារ​ភេរវកម្ម​ខ្លាំងណាស់​៕

Tag:
 អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com