បទយកការណ៍ / បទសម្ភាសន៍
ថ្ងៃទី​២១ ធ្នូ ជា​ពេលវេលា​ដែល​យប់​វែង​ជាង​ថ្ងៃ​ជិត​មួយ​ម៉ោង​
21, Dec 2016 , 5:07 pm        
រូបភាព
​ការរកឃើញ​របស់​ក្រុម​តារាសាស្ត្រ​បានបង្ហាញ​ថា នៅ​ថ្ងៃទី​២១ ធ្នូ​នេះ ដំណើរ​គោចរ​របស់​ថ្ងៃ មាន​តិចជាង​ពេលយប់​ដល់​ទៅជិត​មួយ​ម៉ោង ឫ​យប់​វែង​ជាង​ពេល​ថ្ងៃ​ដល់​ទៅជិត​មួយ​ម៉ោង​។ បញ្ហា​នេះ​ត្រូវបាន​បកស្រាយ និង​ពន្យល់​ដោយ លោក អ៊ឹម សុខ​រិទ្ធី អ្នកស្រាវជ្រាវ​មួយរូប​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​។ លោក សុខ​រិទ្ធី ពន្យល់ថា សំណង់​ប្រាសាទអង្គរវត្ត និង​តារាសាស្ត្រ ពិត​ជាមាន​ទំនាក់ទំនង​គ្នា ហើយ​ការសង់​អង្គរ​បែរមុខ​ទៅ​ទិស​ខាងលិច ក៏​មិនមែនជា​រឿង​ចៃដន្យ​នោះដែរ គឺមាន​ការសិក្សា​ច្បាស់លាស់​ពី​វិស័យ​តារាសាស្ត្រ​។​



​នៅ​ថ្ងៃទី​២១ ធ្នូ​នេះ ដំណើរ​គោចរ​ពេល​ថ្ងៃ​មាន​ត្រឹម​១១​ម៉ោង និង​១៩​នាទី​ប៉ុណ្ណោះ​។ លោក អ៊ឹម សុខ​រិទ្ធី ពន្យល់ថា គេ​អាច​មើល​ដំណើរ​គោចរ​រវាង​ថ្ងៃ​ទាំងនេះ​ច្បាស់ ដោយ​យក​កំពូល​ប្រាសាទ​អង្គរ​ជា​គោលដៅ​។​

​ព្រឹត្តិការណ៍​ធំៗ​ចំនួន​ពីរ​ដែល​បានកើត​ឡើង រវាង​តារាសាស្ត្រ និង​សំណង់​ប្រាសាទអង្គរវត្ត​។ ព្រឹត្តិការណ៍​ទីមួយ គឺ​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្មើគ្នា ហើយ​វា​តែង​កើតឡើង​រាល់​២​លើក​ក្នុង​មួយឆ្នាំ គឺ​អំឡុង​ខែមីនា និង​ខែកក្កដា​។ ដំណើរ​គោចរ​របស់​ព្រះអាទិត្យ​នឹង​រះ​ចំ​កំពូល​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត ហើយ​រយៈ​ពេលនេះ គឺ​ពេល​ថ្ងៃ​និង​យប់​មាន​រយៈពេល​១២​ម៉ោង​ស្មើគ្នា​។ ចំណែក​ព្រឹត្តិការណ៍​ទី​ពីរ គឺ​យប់​វែង​ជាង​ថ្ងៃ និង​ថ្ងៃ​វែង​ជាង​យប់​។ ពេលវេលា​យប់​វែង​ជាង​ថ្ងៃ តែង​កើតឡើង​នៅ​ថ្ងៃទី​២១ ធ្នូ ហើយ​ថ្ងៃ​វែង​ជាង​យប់​កើតឡើង​នៅ​ថ្ងៃទី​២១ មិថុនា​។​

​ព្រឹត្តិការណ៍​ដ៏​អច្ឆរិយៈ​នេះ អាចធ្វើ​ឲ្យ​គេ​ទាញ​សេចក្តី​សន្និដ្ឋានបាន​យ៉ាងច្បាស់​ថា ការសាងសង់​សំណង់​អង្គរវត្ត ពិតជា​បាន​សិក្សា​ស៊ីជម្រៅ​នឹង​វិស័យ​តារាសាស្ត្រ ឫ​អាច​ថា ដូនតា​អ្នក​សង់​អង្គរ ពិតជា​មានចំណេះដឹង​ខាង​តារាសាស្ត្រ​ជ្រៅជ្រះ​បំផុត​។ លោក អ៊ឹម សុខ​រិទ្ធី សង្កត់ធ្ងន់ថា​៖« ភស្តុតាង​នៃ​សិលា​ចារិក​អ្វី​ក៏ដោយ យើង​សង្កេត​ដំបូង​បំផុត គឺ​ទាក់ទង​នឹង​តារាសាស្ត្រ គេ​គិត​គួរ​ពេលវេលា ពេលវេលា​ណា​មានជ័យ ពេលវេលា​ណា​ល្អ​ឫ​អាក្រក់ ទើបបាន​គេ​សាងសង់ ចឹ​ង​តារាសាស្ត្រ​ពី​បុរាណ​បាន​យល់ច្បាស់​ពី​រឿង​ហ្នឹង ចឹ​ង​បាន​យល់ច្បាស់​ថា ពេល​មួយ កាល​មួយ និង​កាល​មួយ​នោះ គន្លង​មួយ​ហ្នឹង​ត្រូវចំ​នឹង​កន្លែង​ហ្នឹង (​កំ​ពូ​ង​កណ្តាល​អង្គរវត្ត​) ហើយ​វា​ពាក់ព័ន្ធ​នឹង​ដំណើរ​រះ​គោចរ​របស់​ព្រះអាទិត្យ​...»​។​

​នេះ​ជា​ភស្តុតាង​មួយទៀត​ដែល​យកមក​បញ្ជាក់​ពី​មួល​ហេតុដែល​ប្រាសាទអង្គរវត្ត​សង់​បែរមុខ​ទៅ​ទិស​ខាងលិច​។ លោក សុខ​រិទ្ធី ពន្យល់ថា គេ​មិនអាច​ឃើញ​ព្រឹត្តិការណ៍​ខាងលើ​នោះទេ ប្រសិនបើ​អង្គរ​សង់​បែរ​ទៅខាង​កើត​។​

​ដើម្បី​ជ្រាប​ច្បាស់​ពី​បញ្ហា​ទាំងនេះ សូម​ស្តាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប និង​លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដូចតទៅ សូម​អញ្ជើញ​ស្តាប់​






Tag:
 តារាសាស្ត្រ និង​អង្គរវត្ត​
  អ៊ឹម សុខ​រិទ្ធី​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com