ពីនេះ ពីនោះ
សត្វ​ដំរី ផឹកទឹក ២០០​លីត្រ​ក្នុង​មួយថ្ងៃ​
24, Dec 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
(elephas maximus)
ភិនភាគ​៖ ដំរី​ជា​ប្រភេទ​សត្វចតុបាទ​ដែលមាន​មាឌធំ​ជាងគេ​បំផុត​។ វា​មាន​ប្រមោយ​វែង​មាន​ស្បែ​កក​ក្រាស់​ពណ៌​ប្រផេះ និង​មាន​រោម​រឹងៗ ស្លឹកត្រចៀក​មាន​រាង​ដូច​ផ្លិត​តែ​ស្តើង ដំរី​មាន​ក្រចក​ម្រាម​ដើ​ង​១៨ គឺ​នៅ​ជើង​មុខ​នីមួយៗ​មាន​ក្រចក​ម្រាមជើង​៥ ឯ​ក្រចកជើង​ក្រោយ​នីមួយៗ​មាន​ម្រាម​៤ តែ​ក៏មាន​ដំរី​ខ្លះ​មាន​ក្រចក​ម្រាមជើង​ដល់​ទៅ​២០​ដែរ​។ ដំរី​ញី​មាន​ភ្លុក “​ចែ​” ដែរ តែ​វា​មិន​បញ្ចេញ​ឲ្យ​ឃើញច្បាស់​ដូច​ដំរី​ឈ្មោល​ពេញវ័យ​ទេ​។ ភ្លុក​ដំរី​ធំ ឈ្មោល​មួយចំនួន​មាន​ប្រវែង​រហូតដល់​ទៅ​១​ម៉ែត្រ​។ ដំរី​នៅ​តំបន់​អាស៊ី​ខុសពី​ដំរី​នៅ​តំបន់​អាហ្វ្រិក​មាន​ខ្នង​កោង​ជា​ទួល​ខ្ពស់​ឡើងលើ​។



​ជីវសាស្ត្រ​៖ ដំរី​ច្រើន​រស់នៅ​តាម​ព្រៃ​ល្បោះ វាលស្មៅ ព្រៃ​ឬ​ស្សី ព្រៃ​ជាំ​ទឹក តាម​ដងអូរ ព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃស្រោង​។ វា​ស៊ី​សំបកឈើ ស្លឹកឈើ មើម​ឈើ ឬ​ស​ឈើ​ខ្ចីៗ ទំពាំង​ឬ​ស្សី ផ្តៅ និង​វ​ល្លិ៍​ជាដើម​។ ចំពោះ​ការចិញ្ចឹម​ក្នុង​សួនសត្វ ដំរី​អាច​ស៊ី​ផ្លែឈើ អំពៅ ចេក​។​ល​។ វា​ផឹកទឹក​រហូតដល់ ២០០​លីត្រ ក្នុង​មួយថ្ងៃ (​នៅ​កន្លែង​សំបូរ​ទឹក​)​។ ដំរី​ច្រើន​ផ្តល់កំណើត​កូន​ក្នុង​ខែ​កក្ត​ដា​-​សីហា កូន​ម្តង​បាន​១​ក្បាល ឬ​ភ្លោះ​ក៏មានដែរ ប៉ុន្តែ​កម្រ​ណាស់​បន្ទាប់ពី​ពពោះ​រយៈពេល​២១​ខែ (​យូរ​បំផុត​២៥​ខែ​)​។ ដំរី​មេ​អាចបង្កើត​កូន​បាន ៤ ឬ​៥​ដង ហើយ​អាច​មានកូន​រហូតដល់​៥០-៧០​ឆ្នាំ​។ គេ​អាច​សម្គាល់​ដំរី​ឈ្មោល​ចុះប្រេង​នៅពេលដែល​គេ​ឃើញ​មាន​សារធាតុ​រាវ​ម្យ៉ាង​ហូរ​ចេញពី​រន្ធ​មួយ​នៅ​ចន្លោះ​ត្រចៀក និង​ភ្នែក ដែលជា​ទូទៅ​នៅ​ចន្លោះ​ខែវិច្ឆិកា និង​ខែធ្នូ​។

រប៉ាយ​រស់នៅ​៖ ដំរី​មាន​តិចតួច​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅ​តំបន់​មួយចំនួន​ដូចជា​ភូមិភាគ​ឦសាន និរតី និង​ភូមិភាគ​ខាងជើង​។ ដំរី​មាន​រប៉ាយ​នៅ​ប្រទេស​ឥណ្ឌា រហូតដល់​អាស៊ី​អា​គ្នេ​ហ៍ កោះ​ស៊ូ​ម៉ា​ត្រា និង​នៅ​ភាគ​ខាងជើង​នៃ​កោះ​បរ​ណេ​អូ​។ ចំនួន​សត្វ​ដំរី​បាន​ថយចុះ​ដោយសារ​ការ​ប្រមាញ់​យក​ភ្លុក និង​ការបាត់បង់​ទីជម្រក​។

ស្ថានភាព​អភិរក្ស​៖ ដំរី​ជា​ប្រភេទ​ជិត​ផុត​ពូជ និង​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (EN) ជា​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​។ ដំរី​នៅ​អាស៊ី​ត្រូវបាន​គេ​ចាត់ថ្នាក់​នៅក្នុង​បញ្ជី​ឧបសម្ព័ន្ធ I នៃ​អនុសញ្ញា​សាយ​តេស​៕



© រក្សាសិទ្ធិដោយ thmeythmey.com