កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ចង់ឃើញ​យុវជន​កម្ពុជា​ប្រឹងប្រែង​សម្រេច​សុបិន​ខ្លួន​ដូច Honda
26, Dec 2016 , 12:23 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​២៦​ខែធ្នូ​នេះ បានអនុញ្ញាត​ឲ្យ​ខ្សែប្រយុទ្ធ​ជប៉ុន Keisuke Honda ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​រដ្ឋសភា ខណៈ​កីឡាករ​ដែល​កំពុង​លេង​នៅ​ក្លិប AC Milan រូបនេះ មក​ធ្វើការ​ផ្សព្វផ្សាយ​គម្រោង​បណ្តុះបណ្តាល​បាល់ទាត់​របស់ខ្លួន​នៅ​កម្ពុជា​។​



​នា​ជំនួប​នោះ Keisuke Honda បាន​ជម្រាប​សម្ដេច ហ៊ុន សែន អំពី​បំណង​ចង់​មកជួយ​យុវជន​កម្ពុជា​ក្នុង​វិស័យ​កីឡាបាល់ទាត់ ដោយ​រូបគេ​បានលើកឡើង​ពី​ភាពជោគជ័យ​ដែល​លោក​ទទួលបាន​រហូតមក​ដល់​ថ្ងៃនេះ​។​

​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន Honda បាន​អះអាងថា បទពិសោធន៍ និង​កេរ្តិឈ្មោះ​ដែល​លោក​ទទួលបាន​មកដល់​ថ្ងៃនេះ គឺ​លោក​ចង់​ប្រាប់​និង​ផ្ទេរ​ទៅអោយ​យុវជន​កម្ពុជា ដែលមាន​សុ​បិ​ន្ត​ដូច​រូបលោក​ដែរ គឺ​ដើម្បី​យុវជន​កម្ពុជា​ទទួលបាន​ជោគជ័យ​ដូច​រូបលោក​ផងដែរ​។​



​ក្នុងជំនួប​នោះ សម្ដេច ហ៊ុន សែន បាន​ស្វាគមន៍​នូវ​បំណងល្អ​របស់ Honda និង​បាន​ជម្រាបជូន​លោក​ផងដែរ​ថា បាល់ទាត់​មិន​សំដៅ​ដល់​ប្រទេស​តូច ឬ​ធំ​នោះទេ សំខាន់​គឺ​ជំនឿ​ទុកចិត្ត តស៊ូ និង​ការហ្វឹកហាត់​។ កត្តា​សំខាន់បំផុត​នោះ គឺ​ជាម​ហិ​ច្ច​តា​របស់​យុវជន​ម្នាក់ៗ​។

​សម្ដេច ចង់បាន​យុវជន​ទទួលយក​នូវ​បទពិសោធន៍​ពី កីឡាបាល់ទាត់​ជប៉ុន​ដ៏​ល្បី​ម្នាក់នេះ គឺ​ធ្វើយ៉ាងណា ដើម្បី​ប្រែក្លាយ​សុ​បិ​ន្ត​របស់​ពួកគេ ឲ្យ​ក្លាយទៅជា​ការពិត​ដូច​រូបលោក​។
​ទន្ទឹមនឹងនោះ សម្ដេច បានស្នើ​ឲ្យ Honda ចូលរួម​ផ្សព្វផ្សាយ​ទាក់ទាញ​យុវជន​កម្ពុជា​អោយ​ចូលរួម​ក្នុង​វិស័យ​កីឡា​អោយបាន​កាន់តែ​ច្រើនឡើង និង​ចូលរួម​ទប់ស្កាត់​គ្រឿងញៀន និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​។​

​នៅ​ចំពោះមុខ​សម្តេច ហ៊ុន សែន កីឡាករ Honda សន្យាថា លោក​នឹង​ព្យាយាម​និយាយ​ភាសា​ខ្មែរ​ដើម្បី​ចូលរួម​ក្នុងការ​ផ្ស​ព្ប​ផ្សាយ​ដ៏​មាន​សារសំខាន់​ទាំងនេះ ជាពិសេស​តាមរយៈ កម្មវិធី​បណ្តុះបណ្តាល HONDA`s SOLTILO SOCCER SCHOOL របស់លោក​៕




Tag:
 បាល់ទាត់​
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com