ជាតិ
អ្នកវិភាគថា លោក ម៉ម ប៊ុនហេង គ្មានសមត្ថភាព តែអ្នកនាំពាក្យថា លោករដ្ឋមន្ត្រីពូកែ លោក ម៉ម ប៊ុនហេង នៅខាងឆ្វេងសម្តេច ហ៊ុន សែន
× នៅក្នុងភ្នែកអ្នកវិភាគបញ្ហានយោបាយ និងសង្គម ក្រសួងសុខាភិបាល ជាក្រសួងដែលយ៉ាប់យ៉ឺនជាងគេ ក្នុងចំណោមក្រសួងដទៃទៀតរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ អ្នកវិភាគ យល់ថា ដំណោះស្រាយដំបូងសម្រាប់ក្រសួងនេះ មានតែដូររដ្ឋមន្ត្រីបច្ចុប្បន្នចោលប៉ុណ្ណោះ។ តែអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងការពារលោក ម៉ម ប៊ុនហេង ថា ជារដ្ឋមន្ត្រីដែលមានសមត្ថភាពពូកែ។
ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោក ម៉ម ប៊ុនហេង ច្រើនអាណត្តិមកនេះ ហាក់មិនបានរីកចម្រើនអ្វីឡើយនៅក្នុងវិស័យសុខាភិបាលកម្ពុជា។ នេះជាការមើលឃើញរបស់អ្នកវិភាគនយោបាយ និងសង្គម លោក មាស នី។ លោក មាស នី ថ្លែងថា ក្រោមការដឹកនាំរបស់លោក ប៊ុនហេង ប្រជាពលរដ្ឋនៅតែជួបការលំបាក នៅពេលដែលពួកគេទៅរកសេវាសុខាភិបាលម្តងៗ។
អ្វីដែលលោក មាស នី មិនសុខចិត្តថែមទៀតនោះ គឺប្រមុខដឹកនាំគ្រប់ជាន់ថ្នាក់ អ្នកមានទ្រព្យសម្បត្តិ និងអ្នកនយោបាយ នៅពេលដែលមានបញ្ហាសុខភាពម្តងៗ ពួកគេតែងទៅរកសេវាសុខាភិបាលព្យាបាលជំងឺនៅបរទេស រីឯប្រជាពលរដ្ឋគ្មានប្រាក់វិញ ត្រូវព្យាបាលជំងឺនៅក្នុងប្រទេសជាមួយនឹងសេវាសុខាភិបាលរបស់រដ្ឋមិនល្អ។ លោក មាស នី បញ្ជាក់យ៉ាងនេះថា៖ « នេះវាបង្ហាញថា គេមិនខ្វល់ពីបញ្ហាប្រឈម ឬគ្រោះថ្នាក់របស់ពលរដ្ឋនោះឡើយ មេដឹកនាំគិតតែសុខភាពរបស់គេ ដោយនាំគ្នាទៅព្យាបាលនៅពេទ្យបរទេស»។
សម្រាប់អ្នកវិភាគ វិស័យសុខាភិបាលនាពេលបច្ចុប្បន្ន ត្រូវការដោះស្រាយជាបន្ទាន់។ «ខ្ញុំគិតថា បញ្ហានេះ គេរិះគន់តាំងពីដើមរៀងមកហើយ ល្មមគិតគូរ។ ហើយល្មមដោះស្រាយវាឲ្យប្រសើរឡើងហើយ។ ខ្ញុំគិតថា លោក ម៉ម ប៊ុនហេង មិនមានសមត្ថភាពទេ គាត់ចាស់ហើយ ល្មមឲ្យគាត់ឈប់ ហើយរកអ្នកថ្មីដែលមានសមត្ថភាពមកជំនួស»។ នេះជាយោបល់របស់លោក បណ្ឌិតខាងលើ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ជាអ្នកគ្រប់គ្រង ដែលទទួលបានការទុកចិត្តពីប្រមុខរដ្ឋាភិបាល ហើយនៅក្បែរខ្លួនរបស់លោក គឺមានបណ្ឌិតផ្នែកសុខាភិបាលជាច្រើនរូប។ លោក លី សូវ៉ាន់ បានសរសើរមេរបស់លោកថា ជាអ្នកដឹកនាំដែលមានសមត្ថភាពពូកែ និងឆ្លាតវៃ។ « មិនតែប៉ុណ្ណោះ គាត់ជាមនុស្សព្យាយាម ធ្វើការច្រើនទាំងថ្ងៃទាំងយប់ ជាពិសេសធ្វើការទាំងថ្ងៃសម្រាកទៀត»។ លោកនិយាយដូច្នេះ ក៏ប្រាប់ទៅអ្នករិះគន់លោក ម៉ម ប៊ុនហេង ឲ្យរិះគន់ក្នុងន័យស្ថាបនា និងមានភស្តុតាងផង។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បន្តថា វិស័យសុខាភិបាលក្រោមការដឹកនាំដោយលោក ម៉ម ប៊ុនហេង រីកចម្រើនជាបន្តបន្ទាប់។ លោកថា ជាក់ស្តែង កាលពីឆ្នាំ ២០១៥ កន្លងទៅ អង្គការសុខភាពពិភពលោក បានទទួលស្គាល់ការសម្រេចជោគជ័យនូវគោលដៅសហស្សវត្សរ៍របស់ក្រសួងសុខាភិបាល។ យ៉ាងណាលោក ក៏ទទួលស្គាល់ថា វិស័យសុខាភិបាលកម្ពុជា នៅមានកម្រិតទាប បើប្រៀបធៀបនឹងប្រទេសសិង្ហបូរី វៀតណាម និងថៃជាដើម។
នៅថ្ងៃទី ២៩ ខែធ្នូ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទៅឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភាតាមការកោះហៅរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ លោក ប៊ុនហេង បានថ្លែងការពារថា អ្វីដែលលោក ឬក្រសួងធ្វើកន្លងមក គឺស្របទៅតាមច្បាប់។ ពេលបំភ្លឺនៅរដ្ឋសភា លោករដ្ឋមន្ត្រីអានចម្លើយតែនៅលើក្រដាសប្រមាណ ៩ ទំព័រ ប៉ុណ្ណោះ៕
Tag:
មាស នី
ម៉ម ប៊ុនហេង
លី សូវ៉ាន់
សូ ចន្ថា
© រក្សាសិទ្ធិដោយ thmeythmey.com