អន្តរជាតិ
ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ដើម្បី​ល្បាត​និង​ពិនិត្យ​ស្ថានភាព​ក្នុង​តំបន់ ជា​ទម្លាប់​របស់លោក Duterte ពេល​ធ្វើជា​អភិបាលក្រុង
01, Jan 2017 , 1:00 pm        
រូបភាព
ដោយ:
ខុសពី​មេដឹកនាំ​ទូទៅ​ដែល​តែងតែ​ព្យាយាម​លាក់បាំង​ពី​កំហុស ឬ​ការប្រព្រឹត្ត​បទល្មើស​របស់ខ្លួន លោក​ប្រធានាធិបតី​ហ្វីលីពីន​ដែល​គេ​តែង​ប្រៀបធៀប​ដូច​តារា​រ៉ក់ បែរជា​សារភាពថា ធ្លាប់​សម្លាប់​ឈ្មួញ​គ្រឿងញៀន និង​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ដោយផ្ទាល់​ទៀតផង​។ លោក ថែមទាំង​បង្ហើប​ពី​លក្ខណៈពិសេស​របស់លោក នៅពេល​លោក កាន់អំណាច​ជា​អភិបាលក្រុង ដោយ​លោក អះអាង​ចូលចិត្ត​ជិះ​ម៉ូតូ​ដើម្បី​ត្រួត​មើល​ប៉ូលិស​ធ្វើការ ហើយ​បើ​ជួប​ជនសង្ស័យ​នោះ លោក នឹង​សម្លាប់​តែម្តង​។

 
​ថ្លែង​នៅ​ចំ​មុខ​ក្រុម​អ្នកជំនួញ​ក្នុង​វិមាន​ប្រធានាធិបតី លោក​ប្រធាន​ធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) នា​សប្តាហ៍​មុននេះ បាន​និយាយថា លោក បានសម្លាប់​ជនសង្ស័យ​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ដោយផ្ទាល់ នៅពេលដែល​លោក ធ្វើជា​អភិបាលក្រុង​ដា​វ៉ា​វ​នោះ​។ លោក ថ្លែង​បែបនេះ ដើម្បី​ពន្យល់​ទាំង​ក្រុម​អ្នកជំនួញ ក៏ដូចជា​សាធារណជន​ឲ្យ​បានដឹងថា លោក ធា្ល​ប់​មានបទពិសោធន៍​ក្នុងការ​ធ្វើការ​បោសសម្អាត​គ្រឿងញៀន ដែលជា​ពិសេស​នោះ លោក ប្រែក្លាយ​ក្រុង​ដា​វ៉ា​វ​ដែល​សម្បូរ​ដោយ​បទល្មើស​ក្លាយជា​ក្រុង​ឆើតឆាយ និង​សន្តិភាព​របស់​ហ្វីលីពីន​នោះ​។ 
 
​សូម​ជម្រាប​ផងដែរ​ថា គិត​ចាប់ពី​ឡើងកាន់​អំណាច​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ថ្ងៃទី​៣០ មិថុនា​កន្លងទៅ មាន​ជនសង្ស័យ និង​ឈ្មួញ​គ្រឿងញៀន​មិនតិចជាង​៣០០០​នាក់​នោះទេ​ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​«​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​»​របស់លោក ឌើ​ទើ​តេ​នោះ​។ ទោះ​ចំនួន​ការស្លាប់​ដ៏​ច្រើន ត្រូវបាន​រដ្ឋបាល​លោក​ឌើ​ទើ​តេ អះអាងថា​ក្នុង​ប្រតិបត្តិការ​របស់​ប៉ូលិស​ដោយ​ស្របច្បាប់​ក៏ដោយ ទាំង​អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប និង​អង្គការសិទ្ធិមនុស្ស​ជាច្រើន បាន​ព្រួយបារម្ភ និង​ទទូច​ឲ្យ​ហ្វីលីពីន​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​។ 
 
​ជំនួស​ដោយ​ការមិន​ខ្វល់​ពី​ការអំពាវនាវ​របស់​ស្ថាប័ន​សិទ្ធិមនុស្ស លោក​ប្រធានាធិបតី បាន​ប្តេ​ជា្ញ​បន្ត​ប្រតិបត្តិ​ការបង្ក្រាប​នេះ និង​ថែមទាំង​ជំរុញ​ទឹកចិត្ត​ប៉ូលិស​ដោយ​មិន​ឲ្យ​មានការ​រួញរា​ដោយ​លោក បាន​លើក​ពីបទ​ពិសោធ​ផ្ទាល់ខ្លួន​ក្នុងការ​សម្លាប់​ឈ្មួញ​គ្រឿងញៀន​តែ​ម្នាក់​ផង​នោះ​។ ក្នុង​វេទិកា​ជាមួយនឹង​អ្នកជំនួញ​ដដែល​នោះ លោក បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«...​កាល​នៅក្នុង​ក្រុង​ដា​វ៉ា​វ ខ្ញុំ បានសម្លាប់​ជនល្មើស​ដោយផ្ទាល់​។ ហើយ​នេះ ក៏​ដើម្បី​តែ​បង្ហាញ​ប៉ូលិស​ថា ប្រសិន​ខ្ញុំ អាចធ្វើ​បាន ហេតុអ្វី​អ្នក​(​ប៉ូលិស​) ធ្វើ​មិនបាន​»​។ 
 
​លោក បាន​សង្កត់ធ្ងន់ថា​៖« ខ្ញុំ បានធ្វើ​ដំណើរ​ជុំវិញ​ក្រុង​ដា​វ៉ា​វ​តាមរយៈ​ម៉ូតូ ហើយ ខ្ញុំ ក៏​ឆ្លៀត​ល្បាត​តាម​ដងផ្លូវ និង​ព្យាយាម​ស្វែងរក​កន្លែង​ដែលមាន​បញ្ហា​។ ពេលនោះ ខ្ញុំ  ចង់​ស្វែងរក​អ្នក​ចង់​តដៃ​ដើម្បី​សម្លាប់​ណាស់​។​»
​ឈ្មោះ​ក្រៅ​ជា​«​អ្នក​ទណ្ឌកម្ម​» ដែលមាន​វ័យ​៧១​ឆ្នាំ​រូបនេះ  គឺជា​អតីត​និស្សិត​ច្បាប់​នៃ​ពី​មហាវិទ្យាល័យ San Beda ហើយ​លោក ជា​អតីត​និស្សិត​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​ហ្វីលីពីន​នៅ​ឆ្នាំ​១៩៦៨​ផងដែរ​។ លោក ឌើ​ទើ​តេ បាន​ប្រលូក​ខ្លួន​ក្នុង​កិច្ចការ​ជា​អ្នកច្បាប់ បន្ទាប់ពី​រូបលោក បាន​ប្រលង​ជាប់​ក្នុង​គណៈមេធាវី​ហ្វីលីពីន​ក្នុង​ឆ្នាំ​១៩៧៣​។ បន្ថែម​ពីនេះ លោក ធ្លាប់​ធ្វើជា​ជំនួយការ​រដ្ឋអាជ្ញា​ក្រុង​ផងដែរ​។​
 
​លោក ឌើ​ទើ​តេ បាន​ចូលរួម​ប្រជែង​ក្នុងការ​បោះឆ្នោតជាតិ​លើកដំបូង និង​ត្រូវបាន​ជ្រើសរើស​ជា​អភិបាលក្រុង​ដា​វ៉ា​វ (Davao) នៅក្នុង​ឆ្នាំ​១៩៨៨​។ ហើយ​លោក បាន​កាន់កាប់​តំណែង​នេះ​រហូតមក ពោលគឺ​រហូតដល់​លោក ត្រូវបាន​ជ្រើសរើស​ជា​ប្រធានាធិបតី​ហ្វីលីពីន​តាមរយៈ​ការបោះឆ្នោត​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦​កន្លងទៅ​។​
 
​ដូច​បានបញ្ជាក់ លោក ឌើ​ទើ​តេ បាន​កាន់តំណែង​ជា​អភិបាលក្រុង​នៅ​ឆ្នាំ​១៩៨៨ ដែល​ពេលនោះ ក៏​ពេលដែល​របប​ដឹកនាំ​បែប​ផ្តាច់ការ​របស់​អតីត​ប្រធានាធិបតី ម៉ា​កូ​ស ក៏​ទើបតែ​ត្រូវបាន​បញ្ចប់​ផងដែរ​។ វា ក៏​មានន័យថា​ដែរ វា ក៏​ជា​ពេលដែល​ហ្វីលីពីន ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ការរៀបចំ​ប្រទេស​ជាថ្មី ដែល​មិនទាន់មាន​សណ្តាប់​សង្គម​នៅឡើយ​នោះទេ​។ ជាពិសេស​នោះ ទាំង​បញ្ហា​ជួញដូរ​គ្រឿងញៀន និង​ការគំរាមកំហែង​ពី​ឧទ្ទាម ក៏បាន​កើតមាន​ខ្លាំង និង​ច្រើន​ផងដែរ​។​
 
​យ៉ាងណាក៏ដោយ ក្នុងអំឡុងពេល​នៃ​ការដឹកនាំ​ក្រុង​ដា​វ៉ា​វ​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ លោក ឌើ​ទើ​តេ បានប្រែក្លាយ​ទីក្រុង​មួយ​នេះ​ឲ្យ​ក្លាយជា​ទីក្រុង​ដែលមាន​ការអភិវឌ្ឍ និង​មាន​សន្តិភាព​បំផុត​នៃ​ប្រទេស​ហ្វីលីពីន​។ ការណ៍​ដែល​អាច​ប្រែក្លាយ​ឲ្យ​ទៅជា​បែបនេះ ក៏​ព្រោះតែ​លោក បាន​អនុវត្ត​គោលនយោបាយ​ទាក់ទាញ​អ្នកវិនិយោគ​តាមរយៈ​ការ​បោសសម្អាត​បទល្មើស​ដែលជា​គោលនយោបាយ​ដែល​លោក បាននិងកំពុង​តែ​យកមកអនុវត្ត​ក្នុងនាម​ជា​ប្រធានាធិបតី​នោះឯង​។​
 
​មានរឿង​ដែល​នឹកស្មាន​មិន​ដល់​ជាច្រើន ក្នុងអំឡុងពេល​នៃ​ការដឹកនាំ​របស់លោក ឌើ​ទើ​តេ ជា​អភិបាលក្រុង​។ តែ​អ្វីដែល​គួរកត់សម្គាល់​ពី​អត្តចរិត​របស់លោក​នោះ លោក ឌើ​ទើ​តេ មិនមែនជា​ប្រភេទ​មេដឹកនាំ​ដែល​ចូលចិត្ត​ការសរសើរ​ពី​អ្នកណា​ឡើយ​។ ជាក់ស្តែង​នោះ នៅ​ឆ្នាំ​២០១៤ លោក បាន​ច្រានចោល​ការផ្តល់​ពានរង្វាន់​«​អភិបាលក្រុង​ល្អ​បំផុត​ពិភពលោក » ដោយ​មូលនិធិ The City Mayors ដោយ​លោក​ឆ្លើយតប​ថា «​លោក មិនមែន​ធ្វើការ​ដើម្បី​ជោគជ័យ​ខ្លួនឯង​ឡើយ ប៉ុន្តែ ក៏​ព្រោះតែ នោះ​គឺជា​អ្វីដែល​ប្រជាជន​ចង់​ឲ្យ​លោក​ធ្វើ​នោះទេ​»៕ 
 
​ឯកសារពិគ្រោះ​៖
 

Tag:
 ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com