ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលហេតុ​អត់​កូន​មួយ​នេះ ពលរដ្ឋ​ខ្មែរ​យើង កម្រ​មាន​អ្នកដឹង​ណាស់​
31, Dec 2016 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អាកា​រៈ​អត់​កូន នឹងមិន​អាច​ដឹង​ឡើយ លុះត្រាតែ​អ្នក​ព្យាយាម យក​កូន​ច្រើនដង​ហើយ តែ​មិន​ជោគជ័យ​។ នេះ​គឺជា​ហេតុផល​មួយ ដែល​អ្នក​ត្រូវ​សិក្សា​អំពី​ជីវិត នៃ​លទ្ធភាព​មានកូន​របស់​អ្នក​សម្រាប់​អាយុ​ខ្ទង់ ៣០ ឆ្នាំ​។ បើសិនជា​អ្នក​កំពុងតែ​ព្យាយាម យក​កូន​រយៈពេល​យូរ​ជាង មួយឆ្នាំ តែ​មិនមាន​លទ្ធផល​នោះ វា​អាច​ដោយសារតែ​មូលហេតុ​ជាច្រើន ប៉ុន្តែ មូល​ហេតុដែល​ពលរដ្ឋ​ខ្មែរ​យើង កម្រ​យល់ដឹង​នោះ​គឺ ការ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ក្នុង​ឈាម​។



​ស្ត្រី​ដែល​ខ្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ក្នុង​ឈាម មានន័យថា ក្រ​ពេញទី​រ៉ូ​អ៊ី​ត​របស់គាត់ មិនអាច​ផលិត​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​គ្រប់គ្រាន់ ដូច្នេះ វា​នឹង​ប៉ះពាល់​យ៉ាងខ្លាំង ដល់​រាងកាយ​របស់គាត់ ដោយ​រួមទាំង​ប្រព័ន្ធ​ប្រដាប់បន្តពូជ​ផងដែរ ជាពិសេស ពិបាក​នឹងមាន​ផ្ទៃពោះ​តែម្តង​។ មាន​ផ្ទៃពោះ​បាន លុះត្រាតែ​ក្រពេញ​អូ​វ៉ែ​ជ្រុះ​អូវុល ហើយ​បើសិនជា​អ្នក មាន​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ក្នុង​ឈាម អ្នក​ប្រហែលជា​មិនអាច ជ្រុះ​អូ​វ៉ុល​ចេញពី​ក្រពេញ​អូ​វ៉ែ​បាន ឬ​ជ្រុះ​មិន​ទៀងទាត់ ដូច​ស្ត្រី​ធម្មតា​ឡើយ​។ ដោយសារតែ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត ដើរតួនាទី​ដ៏​សំខាន់ ក្នុងការ​សម្របសម្រួល មុខងារ​កោសិកា ដូច្នេះ ភាពមិនធម្មតា​របស់​អ័រម៉ូន​នេះ នឹង​ប៉ះពាល់​ដល់​ការ​ជ្រុះ​អូវុល និង​លទ្ធភាព​នៃ​ការ​មានកូន​ដែរ មានន័យថា កាលណា​ចំនួន​របស់​វា​តិច វា​នឹង​រំខាន​ដល់​មុខងារ របស់​ក្រពេញ​អូ​វ៉ែ និង​ធ្វើ​ឲ្យ​ក្រពេញ​នេះ បញ្ចេញ​អ័រម៉ូន​ប្រូ​ហ្សេ​ស្តេ​រ៉ូ​ន សម្រាប់​មក​រដូវ​នោះ កាន់តែ​តិច​។

​បុរស​ដែល​ខ្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ក្នុង​ឈាម​វិញ មិនសូវ​កើតមាន​ឡើយ តែ​បើសិនជា​កើត​នោះ វា​ក៏​ប៉ះពាល់​ដល់ លទ្ធភាព​នៃ​ការ​មានកូន​របស់គេ​ដែរ​។ បុរស​ដែលមាន​ជំងឺ​នេះ ប្រហែល​ជាមាន​ចំនួន​មេជី​វិត​ឈ្មោល​តិច និង​ខ្សោយ​ចំណង់​ផ្លូវភេទ​ផង​។ ក្រៅពីនេះ ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត អាច​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​អស់កម្លាំង តែ​អាកា​រៈ​របស់​វា​មាន​លក្ខណៈខុសៗ​គ្នា ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។ អ្នកខ្លះ​មិនមាន​រោគសញ្ញា និង​ខ្លះទៀត​អាចមាន​អាកា​រៈ​ធ្ងន់ធ្ងរ​។ ចំពោះ​អាកា​រៈ​ទូទៅ​របស់​វា​វិញ មានដូចជា ឡើង​ទម្ងន់ អស់កម្លាំង ទល់លាមក ឈឺសន្លាក់ និង​សាច់ដុំ ចាញ់​អាកាសធាតុ​ត្រជាក់ រដូវ​មក​មិនធម្មតា ឬ​មិន​ទៀងទាត់ អស់កម្លាំង និង​គេង​មិន​លក់​។ ចំពោះ​ស្បែក​អាច​ប្រែ​ទៅជា​ស្ងួត និង​ក្រាស់​។ សក់​ទៅជា​ជ្រុះ ឬ​ស្តើង​ទៅៗ​។ ដូច្នេះ បើសិនជា​អ្នក​កំពុង​តែមាន​អាកា​រៈ ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​នេះ យក​ល្អ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ធ្វើតេស្ត​ទៅ​។ បើសិនជា​អ្នក កំពុងតែ​ចាប់ផ្តើម មាន​គម្រោង​យក​កូន​នោះ អ្នក​គួរតែ​ពិនិត្យ​ទៅលើ ស្ថានភាព​ក្រពេញ​ទី​រ៉ូ​អ៊ី​ត​នេះ​ផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com