ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ភាព​តានតឹង​នយោបាយ ឆ្នាំ​២០១៦ រារាំង​ការងារ​គណៈកម្មការ​ទី​១ រដ្ឋសភា
31, Dec 2016 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖​ប្រធាន​គណៈកម្មការ សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្ដឹង​អង្កេត​និង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា និយាយថា ស្ថានភាព​នយោបាយ​ឆ្នាំ​២០១៦​នេះ មិន​អំណោយផល​សម្រាប់​លោក និង​តំណាងរាស្ត្រ​គណបក្សប្រឆាំង ក្នុងការ​បំពេញ​តួនាទី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ឡើយ​។​អ្វីដែល​លោក អេង ឆៃអ៊ាង បានធ្វើ​នោះ គឺ​បានត្រឹមតែ ការកោះហៅ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។​



​បញ្ហានយោបាយ​ពេញ​មួយឆ្នាំ​២០១៦​នេះ​មាន​ភាព​ល្អក់កករ​ច្រើន​ដែល​រាំងខ្ទប់​ការងារ​របស់លោក អេង ឆៃអ៊ាង ក្នុង​ការរក​ដំណោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។​ក្នុងតួនាទី​ជា​តំណាងរាស្ត្រ​និង​ជា​ប្រធាន​គណៈកម្មការ​ទី​១ លោក អេង ឆៃអ៊ាង អះអាងថា​លោក​បាន​ចុះទៅ​សួរនាំ​ពី​ទុក្ខលំបាក​ពលរដ្ឋ​តាម​មូលដ្ឋាន​និង​ទទួល​ពាក្យបណ្ដឹង​របស់​ពលរ​ដ្ឋ​ជាដើម​។ ជាពិសេស​គឺ​កោះហៅ​រដ្ឋមន្ត្រី​រដ្ឋាភិបាល​មក​សួរនាំ​ពី​ការអនុវត្ត​ការងារ​របស់​ពួកគេ ដែល​ត្រូវ​បម្រើ​ផលប្រយោជន៍​ជូន​ពលរដ្ឋ ។ ប៉ុន្តែ​កិច្ចការងារ​ទាំងនេះ មិនមែនជា​សម្មិទ្ធផល​ល្អ​ដែល​អាចធ្វើ​ឲ្យ​លោក ឆៃអ៊ាង មាន​មោទនភាព​ឡើយ​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​បាន​រៀបរាប់​ពី​សកម្មភាព​បំពេញ​តួនាទី​ខ្លួន​ក្នុង​ឆ្នាំ​២០១៦​ដូច្នេះ​ថា​៖ យើង​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ ដើម្បី​ស្ដាប់​មតិ​និង​ផ្ដល់ព័ត៌មាន​ផ្សេងៗ​ជូន​ពលរដ្ឋ​ក្នុងនាម​ក្របខណ្ឌ​ជា​តំណាង​។ ហើយ​យើង​បាន​ចូលរួម​ឃ្លាំមើល​សកម្មភាព​នីតិប្រតិបត្តិ​ដែរ ក្នុងនាម​ខ្ញុំ​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង​ហ្នឹង គឺ​យើង​បាន​កោះអញ្ជើញ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ មក​សួរ​ពាក់ព័ន្ធ​សំណុំរឿង​មួយចំនួន ជាពិសេស​សំណុំរឿង​នៃ​ការរំលោភ​សិទ្ធិ​អ​និតិ​ជន កុមារ  ការរំលោភ​សិទ្ធិមនុស្ស ដោយសារ​ការប្រើប្រាស់​យ​ន្ត​ការរំលោភ​ដីធ្លី​មិន​ត្រឹមត្រូវ​ជាដើម​។ ហើយ​ខ្ញុំ​ក៏បាន​ចូលរួម​ជាមួយ​គណៈកម្មកា​រ​ផ្សេងទៀត សួរនាំ​ចំពោះ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ តំណាង​រដ្ឋាភិបាល​ដែរ​។ តែ​ស្ថានភាព​នយោបាយ​មិនល្អ​សម្រាប់​យើង​បំពេញការងារ​សោះ​»​។​

​តាមពិតទៅ​សកម្មភាព​ទាំង​អម្បាលម៉ាន​នេះ​វា​មិនទាន់​អាចធ្វើ​ឲ្យ​លោក​អេង​ឆៃអ៊ាង​ស្ងប់ចិត្ត​ឡើយ​។ អ្វីដែល​គាត់​មិនទាន់​ស្ងប់ចិត្ត​នោះ ព្រោះ​គម្រោង​មិនបាន​សម្រេច​ក្នុង​ការកោះហៅ​រដ្ឋមន្ត្រី​នីតិប្រតិបត្តិ​មួយចំនួនទៀត​មក​សួរនាំ​ហើយ​ត្រូវ​ដោះស្រាយ​បញ្ហា​ជាមួយ​រដ្ឋាភិបាល​ច្រើន​ទៀត​។​ការខកខាន​នោះ​ដោយសារតែ​ស្ថានភាព​នយោបាយ​មិន​អំណោយផល​ក្រោយពី​ការចាប់ខ្លួន​លោក អ៊ុំ សំអាន កាលពី​ខែមេសា ដែល​នាំ​ឲ្យ​លោក​ឆៃអ៊ាង និង​តំណាងរាស្ត្រ​បក្សប្រឆាំង​ដទៃទៀត ធ្វើពហិការ​មិន​បំពេញការងារ​ក្នុង​រដ្ឋសភា​។ ហើយ​នៅពេល​ធ្វើពហិការ​នេះ លោក អេង ឆៃអ៊ាង បាត់បង់​ឱកាស​សួរដេញដោល​លើ​មន្ត្រី​រដ្ឋាភិបាល និង​គ្មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការជួយ​ដោះស្រាយ​ទុក្ខលំបាក​ពលរដ្ឋ​ដែរ​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្របខណ្ឌ​តំណាងរាស្ត្រ​ដែល​យើង​បានធ្វើ​នោះ គឺ​ការចូលរួម​ការធ្វើ​ច្បាប់ និង​អនុ​ម័​ត្ត​ច្បាប់​មួយចំនួន​។ ប៉ុន្តែ​ដោយសារ​វា​មាន​បញ្ហានយោបាយ​នោះ គឺមាន​ច្បាប់​មួយចំនួន យើង​មិនបាន​ចូលរួម​ក្នុង​ការជជែក​និង​អនុ​ម័ត្តទេ​។​ហើយ​យើង​នៅសល់​ការងារ​ជាច្រើន​ទៀត ដែល​យើង​មិន​បានធ្វើ​ដោយសារតែ​ភាព​តានតឹង​នយោបាយ​នេះ​។ ការងារ​ដែល​យើង​ចង់​ធ្វើ​នោះ​សុទ្ធតែជា​រឿង​រសើប​របស់​រដ្ឋាភិបាល ប៉ុន្តែ​ដោយសារតែ​យើង​មិន​ចង់​ឲ្យ​មាន​បរិយាកាស​នយោបាយ​កាន់តែ​អាប់​អូ​ល មើលមុខ​គ្នា​មិន​ចំ​រវាង​អ្នកនយោបាយ​នោះ ទើប​យើង​ចេះតែ​គេច​ខ្លះទៅ​… យើង​មិនអាច​ធ្វើតាម​អារម្មណ៍​ទេ​។ យើង​ត្រូវ​ធ្វើតាម​ការគិត​របស់​យើង បើ​ធ្វើតាម​អារម្មណ៍​នោះ​វា​នឹង​ហិច​ហោច​អស់ហើយ​…​ព្រោះ​គេ​គិត​សន្តិសុខ​ជាតិ​ខ្លាំងណាស់​(​សើច​) បើ​យើង​និយាយស្តី​គេ​ប្រកាន់​គេ​ចាប់​ដាក់គុក​ដាក់ច្រវ៉ាក់​ដូចនេះ​យើង​ត្រូវ​គិតគូរ​ដែរ​រឿងនេះ​»​។​

​តែ​យ៉ាងណា​ក្រោយពី​មានការ​លើកលែងទោស​ឲ្យ​ឯកឧត្តម​កឹម​សុខា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​មក​ស្ថានភាព​នយោបាយ​រយៈពេល​ចុងក្រោយ​នេះ​ក៏​ចាប់ផ្ដើម​ធូរស្រាល​បន្តិច​ហើយ​ដែរ​។​ដោយសារតែ​ស្ថានភាព​នយោបាយ​កំពុង​វិល​មករក​សភា​ព​ប្រក្រតី​វិញ​នេះ​លោក​អេង​ឆៃអ៊ាង​ដែល​ទទួលបន្ទុក​ជា​ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា​ក៏មាន​គម្រោង​យក​ការងារ​នៅ​សេសសល់​កាលពី​ឆ្នាំ​២០១៦​នោះ បំពេញ​ក្នុង​ឆ្នាំ​២០១៧​នេះ ដោយ​កោះហៅ​រដ្ឋមន្ត្រី​ក្នុង​នីតិប្រតិបត្តិ​មួយចំនួន​មក​បំភ្លឺ​ចំពោះមុខ​គណៈកម្មការ​លោក​ដើម្បី​សួរនាំ​ពី​ការអនុវត្ត​របស់​ក្រសួងសាមី​ក្នុង​បម្រើ​ផលប្រយោជន៍​ជូន​ពលរដ្ឋ​។​ប្រធាន​គណៈកម្មការ​ទី​១​គ្រោង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក​អង្គ​វង្ស​វ​ឌ្ឍ​នា​មក​សួរនាំ​ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​ឃាតកម្ម​លើ​លោក​កែម​ឡី​នៅ​ដើមឆ្នាំ​២០១៧​នេះ​៕


Tag:
 ​អេង ​ឆៃអ៊ាង​
 ​ រដ្ឋសភា​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com