ជាតិ
​​​ន​យោ​បាយ​ជាតិ​
ថ្ងៃ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង មេដឹកនាំ​បក្សប្រឆាំង ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​មើល​ឈ្មោះ
03, Jan 2017 , 2:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គ​.​ជ​.​ប បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ ទៅពិនិត្យ​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ដំបូង ដែល​ត្រូវបាន​បិទ​ផ្សាយ ចាប់ពី​ថ្ងៃទី ៣ ខែមករា ឆ្នាំ​២០១៧ តទៅ​។ ជាងនេះទៀត មេដឹកនាំ​បក្សប្រឆាំង ក៏បាន​ចេញមុខ​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​មើល​ឈ្មោះ​ផងដែរ​។



​យោងតាម​សេចក្តីអំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង ត្រូវបាន​បិទ​ផ្សាយ​នៅតាម​ឃុំ​-​សង្កាត់ ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី​១៤ ខែមករា  ឆ្នាំ​២០១៧ ។ តាមរយៈ​សេចក្តីអំពាវនាវ​នោះ គ​.​ជ​.​ប បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ជិត​៨​លាន​នាក់ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ ទៅពិនិត្យ​មើល​ឈ្មោះ និង​ផ្ទៀ​ត​ផ្ទាត់​ទិន្នន័យ​របស់ខ្លួន​ឡើងវិញ នៅក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​។ ក្រៅពី​គ​.​ជ​.​ប មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា ក៏បាន​អំពាវនាវ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទៅកាន់​ប្រជាពលរដ្ឋ ឲ្យ​ទៅពិនិត្យ​ឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​ផងដែរ​។

​ឯកឧត្តម សម រង្ស៊ី ប្រធាន​បក្សប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ក៏បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បែបនេះ​ថា​៖«​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ អញ្ជើញ​ទៅពិនិត្យ​មើល​ឈ្មោះ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់ខ្លួន​នៅក្នុង​បញ្ជី​បោះឆ្នោត​ដំបូង ដែល គ​.​ជ​.​ប បិទ​ផ្សាយ នៅតាម​សាលាឃុំ​-​សង្កាត់ ឬ​ទីតាំង​ណាមួយ​ក្នុង​ឃុំ សង្កាត់ ទូទាំងប្រទេស​»​។

​ចំណែក​ឯកឧត្តម កឹម សុខា ដែលជា​អនុប្រធាន​បក្សប្រឆាំង​វិញ បានសរសេរថា​៖«​សូម​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ហើយ ទៅ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់ ឈ្មោះ​របស់ខ្លួន​នៅក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​»​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប បាន​ប្រាប់​សារព័ត៌មាន​ថា ប្រជាពលរដ្ឋ មិន​ត្រឹមតែ​អាច​ទៅ​មើល​ឈ្មោះ ដែល​បិទ​ផ្សាយ​នៅតាម​សាលាឃុំ​-​សង្កាត់​នោះទេ តែ​ក៏​អាច​ចូលទៅ​មើល​នៅក្នុង​គេហទំព័រ ដែលមាន​ឈ្មោះថា www.voterlist.org.kh ផងដែរ ។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ពួកគាត់ អាច​ចូលទៅ​មើល​ឈ្មោះ​របស់គាត់ ដែល​បង្ហោះ នៅក្នុង​វេ​ប​សាយ​ហ្នឹង​ក៏បាន​ដែរ បើ​ពួកគាត់​រវល់ មិនបាន​ទៅ​មើល​ផ្ទាល់ នៅតាម​ឃុំ​-​សង្កាត់​»​។

​គ​.​ជ​.​ប បានប្រកាស​សាជាថ្មី​ថា ប្រជាពលរដ្ឋ អាច​ប្តឹងតវ៉ា ចំពោះ​ទិន្នន័យ​ទាំងឡាយណា ដែល​មិន​ត្រឹមត្រូវ ឬក៏​បាន​បាត់ឈ្មោះ ពី​បញ្ជី​បោះឆ្នោត​។ ប្រជាពលរដ្ឋ ក៏​អាច ប្តឹង​ជំទាស់​ផងដែរ ចំពោះ​ជន​ណា ដែលមាន​ឈ្មោះ​ច្រើនជាង​មួយកន្លែង ឬ​ឈ្មោះ​ស្ទួន​។ ការប្តឹងតវ៉ា ឬ​ប្តឹង​ជំទាស់ មាន​រយៈពេល​១០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៤ រហូតដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧​។ តាមច្បាប់ ប្រជាពលរដ្ឋ មាន​សិទ្ធិ​ប្តឹងតវ៉ា ឬ​ប្តឹង​ជំទាស់ ទៅកាន់​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ហើយ​រហូត​ទៅ​ដល់គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​៕


Tag:
 គជប​
  សម រង្ស៊ី​
  កឹម សុខា​
  បិទ​ឈ្មោះ​
© រក្សាសិទ្ធិដោយ thmeythmey.com