កីឡាជាតិ
លោក ទេព ឡុង​រចនា​៖ ការប្រកួត​មិត្តភាព​ជួយ​ពង្រឹងសមត្ថភាព​កីឡាករ តែ​ពេលខ្លះ​ជួប​បញ្ហា​របួស​
06, Jan 2017 , 8:19 am        
រូបភាព
ដោយ:
 
​គ្រូបង្វឹក​ក្រុម​ក្រសួងការពារជាតិ និង​ក្រុម Cambodia All Stars ទេព ឡុង​រចនា បាន​បញ្ជាក់ថា ការប្រកួត​លក្ខណ​មិត្តភាព​ជាតិ និង​អន្តរជាតិ​ច្រើន​មានគុណ​ស​ម្ប​តិ្ត និង​គុណវិបត្តិ​ចំពោះ​ក្លិប​នីមួយៗ​។ ប៉ុន្តែ​បើសិន​កីឡាករ​មានការ​ប្រុងប្រយ័ត្ន និង​អធ្យាស្រ័យ​គ្នា​នោះ​គុណវិបត្តិ​មិនកើត​ឡើង​នោះឡើយ​។​

 
​គ្រូបង្វឹក​ក្រុម​ជើងឯក​រង​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៦ ទេព ឡុង​រចនា កាលពី​ថ្ងៃទី​៤ ខែមករា បានលើកឡើង​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការប្រកួត​មិត្តភាព​ច្រើន​។ ដោយ​លោក​បាន​បញ្ជាក់ថា ការប្រកួត​មិត្តភាព​ច្រើន​វា​អាចជួយ​ឲ្យ​កីឡាករ​ទទួលបាន​បទ​ពិសោធន៍ និង​បច្ចេកទេស​ថ្មីៗ​ក្នុងការ​អភិវឌ្ឍ​ន៍ស​ម​ត្ថ​ភាព​កីឡាករ​ឲ្យ​កាន់តែ​រីកចម្រើន​។​
 
​ម្យ៉ាងវិញទៀត ការប្រកួត​ញឹកញាប់​ក៏​អាច​បណ្តាល​ឲ្យ​កីឡាករ​មាន​របួស និង​ថមថយ​កម្លាំង​ផងដែរ ដែលជា​ហេតុ​អាចធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការ​ប្រជែង​ដណ្តើមពាន​រង្វាន់​ផ្សេងៗ​។ ក៏ប៉ុន្តែ​គ្រូបង្វឹក​ក្រុម​ទ័ព​រូបនេះ​បាន​បញ្ជាក់ថា ប្រសិនបើ​កីឡាករ​លេង​ដោយ​ប្រុងប្រយ័ត្ន និង​អធ្យាស្រ័យ គុណវិបត្តិ​ទាំងនោះ​មិន​កើតមាន​នោះឡើយ​។ 
 
​ការលើក​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការប្រកួត​មិត្តភាព​នេះ ធ្វើឡើង​ស្របពេល​ដែល​ក្រុម​ក្រសួងការពារជាតិ​ត្រូវ​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ខ្លាំង​នៅ​អាស៊ាន​រហូតដល់​ទៅ​៤​ដង​ក្នុង​ខែមករា នេះ​។ ទោះបីជា​យ៉ាងនេះ​ក្តី ទាំង​លោក ទេព ឡុង​រចនា និង​លោក ខូវ ឆាយ អ្នកចាត់ការ​ទូទៅ​ក្លិប​ក្រសួងការពារជាតិ សុទ្ធតែ​ចាត់ទុក​ការប្រកួត​មិត្ត​ភាពជា​កត្តា​មួយ​ដ៏​ល្អ​ក្នុង​ការពង្រឹង​និង​អភិវឌ្ឍន៍​ក្លិប​ឲ្យ​កាន់តែ​រីកចម្រើន​។​
 
​ថ្លែង​នៅក្នុង​ស​និ្ន​សីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​៤ ខែមករា លោក ខូវ ឆាយ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការប្រកួត​លក្ខណ​មិត្តភាព​ច្រើន ដោយសារ​យើង​ចង់​ឲ្យ​កីឡាករ​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ប្រកួត​លក្ខណៈ​អន្តរជាតិ ព្រោះ​ទិសដៅ​របស់​យើង​ក្នុង​ឆ្នាំ​២០១៧ គឺ​ធ្វើយ៉ាងណា​ឲ្យ​ឈានទៅរក​ប្រកួត​នៅក្នុង​តំបន់​។ អ៊ីចឹង​ប្រសិនបើ​យើង​អាច​លើក​ពាន ឬ​លេខ​២​ក្នុង​លី​ក យើង​នឹង​អាច​ប្រជែង​ជាមួយ​ក្រុម​នៅក្នុង​តំបន់ ជាពិសេស AFC Cup»៕ 
 
 
 

Tag:
 បាល់ទាត់​
  ទេព ឡុង​រចនា​
© រក្សាសិទ្ធិដោយ thmeythmey.com