កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ទ្វីបអាស៊ី​កើន​៤​កៅអី​បន្ថែម ក្រោយ FIFA បង្កើន ១៦​ក្រុម​បន្ថែមទៀត​
12, Jan 2017 , 6:39 pm        
រូបភាព
​ទ្វីបអាស៊ី​នឹង​កើន​ដល់​៨​កៅអី​កន្លះ​ក្នុង​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup លើស​កូតា​ចាស់​ដែលមាន​ត្រឹម​៤​កៅអី​កន្លះ​ប៉ុណ្ណោះ បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA ដែលមាន​លោក Gianni Infantino​ជា​ប្រធាន សម្រេច​បន្ថែម​ក្រុម​ប្រកួត​ដល់​ទៅ ៤៨​ក្រុម ចាប់ពី​ឆ្នាំ​២០២៦​តទៅ​។


​ក្រោយពី​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA សម្រេច​បង្កើន​ក្រុម​ប្រកួត​ដល់​ទៅ​១៦​ក្រុម​បន្ថែមទៀត​ទៅក្នុង​ពានរង្វាន់​ពិភពលោក World Cup​នោះ ទ្វីបអាស៊ី​ដែលមាន​កៅអី​ត្រឹម​៤​កន្លះ ត្រូវបាន​បង្កើន​រហូត​ដល់​៨​កៅអី​កន្លះ​ឯណោះ​។ ការ​កើន​៤​កៅអី​បន្ថែម​នេះ នឹងធ្វើ​ឲ្យ​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីបអាស៊ី ដែល​មិន​ធ្លាប់​ស្គាល់​រសជាតិ អាចមាន​ឱកាស​ច្រើន​ដើម្បី​មាន​វត្ត​មាននៅ​ក្នុងការ​ប្រកួត​នៃ​ពានរង្វាន់​យក្ស​របស់​ពិភពលោក​មួយ​នេះ​។ 
 
​ការសម្រេច​បង្កើន​ក្រុម​ខាងលើនេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA នៅ​ទីស្នាក់ការ​ក្នុង​ក្រុង Zurich ប្រទេស​ស្វ៊ី​ស​។ ទន្ទឹមនឹង​ការបង្កើន​ចំនួន​ក្រុម​នោះ ការប្រកួត​សម្រាប់​ក្រុម​និ​មួយៗ​ក៏មាន​ការប្រែប្រួល​រូបមន្ត​ផងដែរ​។ រូបមន្ត​ថ្មី នឹង​បែងចែក​ក្រុម​ទាំង​៤៨ ទៅជា​១៦​ពូ​ល ដោយ​ពូ​ល​នីមួយៗ​មាន​ក្រុម​ជម្រើសជាតិ​ចំនួន​៣ និង​ត្រូវ​ប្រជែង​យក​ពីរ​ក្រុម ដើម្បី​ឈានទៅ​វគ្គ ៣២​ក្រុម​ចុងក្រោយ​។ ពោល គឺ​ខុសគ្នា​ពី​រូបមន្ត​ចាស់ ដែលមាន​ចំនួន​៨​ពូ​ល ដោយ​មួយ​ពូ​ល​មាន​៤​ក្រុម​។ 
 
​ជាមួយនឹង​ការបង្កើន​ចំនួន​ក្រុម​នេះ ការប្រកួត​ទាំង​អស់នៃ​ពានរង្វាន់​ពិភពលោក​នេះ ក៏មាន​ការកើនឡើង​ដែរ គឺ​កើនឡើង​ពី​៦៤​ប្រកួត ទៅដល់​៨០​ប្រកួត​។ ប៉ុន្តែ​រូបមន្ត​ប្រកួត​ចាប់ពី​វគ្គ​៣២​ក្រុម​ចុងក្រោយ ត្រូវ​ប្រកួត​វគ្គ​ខ្វែង​ជម្រុះ​ចាញ់​ធ្លាក់​រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​តែម្តង​។​
 
​សូមបញ្ជាក់ថា ក្រៅពី​ទ្វីបអាស៊ី​ដែល​កើន​បាន​៤​កៅអី ក៏មាន​ទ្វីប​ដ៏ទៃទៀត​បាន​កើន​កៅអី​ផងដែរ រួមមាន ទ្វីបអឺរ៉ុប​កើន​ពី​១៤​ទៅ​១៦​កៅអី ទ្វីបអាហ្វ្រិក កើន​ពី​៥​ទៅ​៩​កៅអី ទ្វីបអាមេរិក​ខាងត្បូង កើន​ពី​៤ កន្លះ​ទៅ​៦​កៅអី​កន្លះ ទ្វីបអាមេរិក​ខាងកើត កើន​ពី​៣​កៅអី​កន្លះ​ទៅ​៦​កៅអី​កន្លះ និង​ទ្វីបអូសេអានី កើន​ពី​កន្លះ​កៅអី​ទៅ​១​កៅអី​កន្លះ​។ ហើយ​ការបង្កើន​ចំនួន​ក្រុម​នេះ គឺ​ស្របតាម​បំណង​របស់​ប្រធាន FIFA ថ្មី លោក Gianni Infantino ដែល​ទើប​ឡើងកាន់តំណែង​នេះ​ជំនួស​លោក Sepp Blatter កាលពី​ឆ្នាំមុន​៕

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com