ពីនេះ ពីនោះ
តើ​សារព័ត៌មាន មាន​ប៉ុន្មាន​ប្រភេទ​?
14, Jan 2017 , 10:00 pm        
រូបភាព
រូបភាព៖ ឧត្តម
រូបភាព៖ ឧត្តម
ដោយ: ថ្មីៗ
ទស្សនៈ​មួយចំនួន​គិតថា ឲ្យ​តែ​សារព័ត៌មាន គឺ​ត្រូវតែ​ធ្វើ​ដូចគ្នា​ទាំងអស់ ហើយ​សរសេរ​ប្រធានបទ​ដូចគ្នា ឬ​ត្រូវមាន​ជំហរ​ស្រដៀង​គ្នា ឬ​ដូចគ្នា​។​ល​។ តាមពិត ផ្អែកលើ​ទ្រឹស្តី​សារព័ត៌មាន សារព័ត៌មាន​ត្រូវបាន​គេ​បែងចែក​ជាច្រើន​ជំនាញ ហើយ​ជា​ក្រឹត្យក្រម​សន្យា​នុ​ម័ត គ្រប់​សារព័ត៌មាន​ទាំងអស់​មិនអាច​មាន​ជំហរ​ដូចគ្នា​ឡើយ បើទោះបីជា​សារព័ត៌មាន​នោះ មាន​ទំនោរ​ស្រដៀង​គ្នា​ក៏ដោយ​។


 
​រាល់​ការបង្កើត​សារព័ត៌មាន​នីមួយៗ អ្នកបង្កើត​តែងតែមាន​ទិសដៅ និង​បេសកកម្ម​ផ្សេងៗ​គ្នា​។ ដូច្នេះហើយ ទើប​សារព័ត៌មាន​ខ្លះ ជា​សារព័ត៌មាន​សុខភាព សារព័ត៌មាន​សេដ្ឋកិច្ច សារព័ត៌មាន​បច្ចេកវិទ្យា​ព័ត៌មាន សារព័ត៌មាន​ផ្សារភាគហ៊ុន សារព័ត៌មាន​កម្សាន្ត​-​សិល្បៈ សារព័ត៌មាន​កីឡា សារព័ត៌មាន​បុរស​-​ស្ត្រី សារព័ត៌មាន​ការពារ​សិទ្ធិមនុស្ស សារព័ត៌មាន​នយោបាយ សារព័ត៌មាន​បញ្ចេញមតិ សារព័ត៌មាន​ទូទៅ​។​ល​។ ក្នុងន័យនេះ គេ​ចង់​បញ្ជាក់ថា សារព័ត៌មាន​សុខភាព មិនអាច​សរសេរ​រឿង​នយោបាយ​ច្រើន​ទេ​។ ប្រសិនបើ​សរសេរ​រឿង​នយោបាយ សារព័ត៌មាន​នោះ នឹង​បាត់បង់​អត្តសញ្ញាណ​រប​ស់​ខ្លួន​។ រីឯ សារព័ត៌មាន​បញ្ចេញមតិ​វិញ ក៏​មិនអាច​សរសេរ​រឿង​កម្សាន្ត ឬ​រឿង​ស៊ិ​ច​ច្រើនពេក​នោះដែរ​។ 
 
​សរុបសេចក្តី​មក ជាធម្មតា សារព័ត៌មាន​បានកំណត់​គោលដៅ​អ្នកអាន​របស់គេ​រៀងៗ​ខ្លួន​រួចហើយ​។ បើ​និយាយ​ពី​ផលិត និង​អតិថិជន​វិញ សារព័ត៌មាន​បានកំណត់​អតិថិជន​គោលដៅ​របស់គេ​រួចហើយ​។ ក្មេង​? ចាស់​? ស្ត្រី​? បុរស​? អ្នកចេះដឹង​? អ្នកស្រាវជ្រាវ​? អ្នកសេដ្ឋកិច្ច​? អ្នកជំនួញ​? ឬក៏​អតិថិជន​ទូទៅ​? 
 
​ដូច្នេះ អ្នកអាន​ទាំងឡាយ​គួរ​អាន​សារព័ត៌មាន​ណា​ដែល​ខ្លួន​គិតថា វា​ត្រូវ​នឹង​ចំណាប់អារម្មណ៍​របស់ខ្លួន ហើយក៏​មិនគួរ​ស្តីបន្ទោស​សារព័ត៌មាន​សុខភាព​ថា ម៉េច​ក៏​មិន​សរសេរ​រឿង​សិទ្ធិមនុស្ស ឬ​រឿង​នយោបាយ​នោះដែរ​។ ម្យ៉ាងទៀត គ្រប់​សារព័ត៌មាន​នៅលើ​ពិភពលោក​តែងតែមាន​ជំហរ​របស់គេ ស្តាំនិយម ឆ្វេងនិយម ឬ​និយម​កណ្តាល​? 
 

© រក្សាសិទ្ធិដោយ thmeythmey.com