អន្តរជាតិ
ចិន សប្បាយចិត្តពេលដឹងថាហ្វីលីពីនបដិសេធទទួលយកមីស៊ីលពីជប៉ុន
× ដ្បិតមិនចង់ឃើញការប្រឈមមុខផ្នែកអាវុធ និងដើម្បីប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យនោះ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌើទើតេ បានបដិសេធសំណើរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ក្នុងការផ្តល់មីស៊ីល។ ការបដិសេធនេះ បានធ្វើឲ្យចិន ដែលធ្លាប់ជាដៃគូប្រជែងដ៏ខ្លាំងក្លារបស់ហ្វីលីពីននៅក្នុងសមុទ្រចិនខាងត្បូង រីករាយ ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិននៅថ្ងៃទី១៦ មករា អ្នកកាសែត បានសួរអ្នកនាំពាក្យថា ចិន យល់ឃើញបែបណា នៅពេលនាយករដ្ឋមន្ត្រីជប៉ុន បានបំពេញទស្សនកិច្ចទៅកាន់ហ្វីលីពីន អូស្ត្រាលី និងឥណ្ឌូណេស៊ី ដោយបានលើកបញ្ហាសមុទ្រចិនខាងត្បូង ហើយជាពិសេសនោះ ក៏មានរបាយការណ៍ថា នាយករដ្ឋមន្ត្រី អាបេ ក៏បានដាក់សំណើផ្គត់ផ្គង់មីស៊ីលទៅកាន់ហ្វីលីពីន តែត្រូវបានជំទាស់ដោយលោករ៉ូឌ្រីហ្គូ ឌើទើតេ។
ឆ្លើយតបសំណួរនេះ លោកស្រីអ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying បានអះអាងថា ភាគីចិន ក៏ដឹងលឺពីព័ត៌មាននោះហើយ។ អ្នកនាំពាក្យរូបនោះ បញ្ជាក់ថា៖«យើង បានកត់សម្គាល់ និងពិតជាសរសើរប្រធានាធិបតី ឌើទើតេ ដែលប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យ និងអភិវឌ្ឍទំនាក់ទំនងដោយមាត្រីភាព និងសហការល្អជាមួយនឹងប្រទេសដទៃ ដោយឈរលើគោលការណ៍ ស្មើភាព និងការគោរពគ្នាទៅវិញទៅមកតាំងពីឡើងកាន់អំណាចមក»។
ជុំវិញការលើកយកបញ្ហាសមុទ្រចិនខាងត្បូងរបស់នាយករដ្ឋមន្ត្រីជប៉ុនក្នុងជំនួបដាច់ដោយឡែកជាមួយនឹងមេដឹកនាំហ្វីលីពីន អូស្ត្រាលី និងឥណ្ឌូណេស៊ី អ្នកនាំពាក្យដដែលនោះ បានចាត់ទុកថាជារឿងគ្រោះថ្នាក់មួយ និងធ្វើឲ្យស្ថានភាពក្នុងតំបន់កាន់តែតានតឹង ដោយ លោកស្រី ពន្យល់ថា ស្ថានភាពសមុទ្រចិនខាងត្បូង បានវិវត្តទៅរកភាពល្អប្រសើរ និងមាគ៌ាត្រឹមត្រូវ។
សូមជម្រាបផងដែរថា នៅថ្ងៃទី១៤ មករាកន្លងទៅ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌើទើតេ បានសភាពាណិជ្ជកម្មហ្វីលីពីនថា លោក បានបដិសេធសំណើរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ដែលចង់ផ្តល់មីស៊ីលឲ្យហ្វីលីពីន។ ការណ៍ដែលលោកប្រធានាធិបតី មិនទទួលយកសំណើនេះ ក៏ព្រោះតែលោក មិនចង់ឃើញសង្គ្រាមលោកលើកទីបីនោះទេ៕
Tag:
ចិន
ហ្វីលីពីន
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com