ពីនេះ ពីនោះ
ហេតុអ្វី​ពាក្យ «​ឃាតក​» មិនមាន អក្សរ «​រ​» ខាងចុង​?
21, Jan 2017 , 2:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បើ​សរសេរ​ពាក្យ «​ឃាតក​» ដាច់ខាត​កុំ​ដាក់ អក្សរ «​រ​» ខាងចុង​។ វា ជាការ​ខុង​ឆ្គង ដែល​សរសេរ​ពាក្យ «​ឃាតក​» ដោយ​ដាក់​អក្សរ «​រ​» ខាងចុង​។ ម្យ៉ាងវិញទៀត ប្រសិនបើ ពាក្យ «​ឃាតក​» មាន​អក្សរ «​រ​» ខាងចុង នោះ​វា នឹងមិន​មានន័យ​អ្វី ឡើយ​។



​ពាក្យ «​ឃាតក​» មកពី «​ឃាត​» ដែល​មានន័យថា សម្លាប់ បូក​នឹង «​ក​» ដែល​មានន័យថា អ្នក​។ ដូច្នេះ​ពាក្យ «​ឃាតក​» មានន័យថា អ្នក​សម្លាប់​។ 

​បើ​វែកញែក​ឲ្យ​ដល់​ឫសគល់​នោះ ពាក្យ «​ឃាត​» មកពី​ធាតុ​ដើម​ថា «​ហន​» ដែល​ប្រែ​ថា សម្លាប់​។ ប៉ុន្តែ ពាក្យ «​ហន​» មិន​ត្រូវបាន​យកមកប្រើ​នោះទេ​។ នៅពេលណា ពាក្យ «​ហន​» ត្រូវបាន​យកមកប្រើ គេ​តែងតែ​ប្តូរ​ទៅជា ពាក្យ «​ឃាត​» ជាមុនសិន​។

​ចំណែក អក្សរ «​ក​» មកពី​បច្ច័យ (​ពាក្យ​សម្រាប់​ប្រើ​ខាងចុង​ពាក្យ​ដទៃទៀត​) ដើម​ថា «​ណ្វុ​» អាន​ថា (​ណាក់ វ៉ុ​) ។ ប៉ុន្តែ មុននឹង​ប្រើ​បច្ច័យ (​ណ្វុ​) នេះ គេ ប្តូរ​ទៅជា (​អក​) ជាមុនសិន​។ បន្ទាប់មកទៀត គេ​ត្រូវ​លុបអក្សរ «​អ​» មួយ​ចេញ ដោយ​ទុក​តែ អក្សរ «​ក​» ប៉ុណ្ណោះ​។

​ដោយសារតែ ពាក្យ «​ឃាតក​» មាន​ឫសគល់​របស់​វា​ដូច្នេះហើយ ទើប​មិនមាន អក្សរ «​រ​» ខាងចុង​។ បើ​សរសេរ​ពាក្យ «​ឃាតក​» ដោយ​ដាក់​អក្សរ «​រ​» ខាងចុង នោះ​វា នឹង​ប្រាសចាក​ពី ធាតុ​ដើម ឬ ឫសគល់​របស់​វា ហើយ វា ក៏​មិន​មានន័យថា «​អ្នក​សម្លាប់​» ដែរ​។​

​មូលហេតុ ដែល​ប្រជាជន​កម្ពុជា​មួយចំនួន នៅតែ​យល់ច្រឡំ​ថា ពាក្យ «​ឃាតក​» មាន​អក្សរ «​រ​» ខាងចុង គឺ​ដោយសារតែ ពួកគេ កត់សម្គាល់​ឃើញថា ពាក្យ​មួយចំនួន ដូចជា កម្មករ កសិករ សិប្បករ និង​សិល្បករ ជាដើម សុទ្ធ​តែមាន អក្សរ «​រ​» ខាងចុង​។ ដូច្នេះ ពួកគេ​ក៏ សន្មត​ថា ពាក្យ «​ឃាតក​» ត្រូវមាន​អក្សរ «​រ​» ខាងចុង ផងដែរ​។

​ពាក្យ​ទាំងឡាយណា ដែល​សរសេរ​ដោយ​ដាក់ អក្សរ «​រ​» ខាងចុង ដូចជា កសិករ កម្មករ សិប្បករ និង​សិល្បករ ជាដើម នឹងត្រូវ​លើក​មក​បកស្រាយ នៅពេល​ក្រោយ​។​

​ការពន្យល់​ខាងលើនេះ គឺ​ផ្អែក​តាម​សៀវភៅ «​វេយ្យាករណ៍​បាលី​»  ដែល​រៀបរៀង​ដោយ បណ្ឌិត​មហា ឈឹម ស៊ុម​៕


Tag:
 អក្សរសាស្ត្រ​
  ឃាតក
© រក្សាសិទ្ធិដោយ thmeythmey.com